ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​រក​បាន​ប្រាក់​ចំណូល​ចំនួន​ ២៦ ​លានដុល្លារ​ពី​កិច្ច​ព្រមព្រៀង​វិនិយោគ​អចលនទ្រព្យ​នៅ​បរទេស

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ រកបានប្រាក់យ៉ាងហោចណាស់ ២៦ លានដុល្លារអាមេរិកពីការវិនិយោគគម្រោងអចលនទ្រព្យថ្មីៗនៅបរទេស ដែលបង្ហាញថាទ្រព្យសម្បត្តិរបស់លោកបានបន្តកើនឡើង។

យោងតាមឯកសារបង្ហាញព័ត៌មានហិរញ្ញវត្ថុបានឱ្យដឹងថា ប្រាក់ចំណូលមានប្រភពមកពីគម្រោងរបស់ក្រុមហ៊ុន Trump Organization នៅក្នុងប្រទេសនានា រួមមានប្រទេសរ៉ូម៉ានី អេមីរ៉ាតអារ៉ាប់រួម និងឥណ្ឌា។

ក្រុមហ៊ុន​នេះ​បាន​ផ្តល់​អាជ្ញាប័ណ្ណសម្រាប់​ការអភិវឌ្ឍ​នៅ​ទីក្រុង Bucharest ទីក្រុង Doha និង​ទីក្រុង Abu Dhabi ខណៈ​ដែល​គម្រោង​មុនៗ​នៅ​ក្នុង​ទីក្រុង​នានា​របស់​ប្រទេស​ឥណ្ឌា​ដូចជា Gurugram ទីក្រុង Noida និង​ទីក្រុង Pune ក៏​បាន​បង្កើត​ប្រាក់ចំណូល​ផងដែរ។

កាលពីអាណត្តិដំបូងរបស់លោក ត្រាំ ក្រុមហ៊ុន Trump Organization បានជៀសវាងការចាប់ផ្តើមគម្រោងថ្មីៗនៅក្រៅប្រទេស ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីជម្លោះផលប្រយោជន៍ដែលអាចកើតមាន។

ក្រុមហ៊ុន​បាន​ផ្លាស់ប្តូរ​គោលនយោបាយ​នោះ​ក្នុង​អំឡុង​អាណត្តិ​ទី​ពីរ​របស់​លោក ត្រាំ។ ជាមួយគ្នានេះ សេតវិមាន និង​ក្រុមហ៊ុន Trump Organization បាន​អះអាង​ថា​ ពុំមាន​ជម្លោះ​ផលប្រយោជន៍​ទេ។

ឯកសារខាងលើក៏បានបង្ហាញផងដែរថា រូបិយប័ណ្ណឌីជីថល ជាប្រភពចំណូលធំបំផុតរបស់លោក ត្រាំ ក្នុងឆ្នាំ២០២៥។ លោកត្រូវបានរាយការណ៍ថា រកបានប្រាក់យ៉ាងហោចណាស់១,៤ពាន់លានដុល្លារអាមេរិក៕


ចែករំលែក