ប្រធាន​ CREA​ ប្រាប់​វិធីសាស្ត្រ​លក់​ដី​ឆាប់​ដាច់​ និង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មិនថា​ចំពោះតែ​ភ្នាក់ងារ​អចលនទ្រព្យ​ ក៏ដូចជា​អ្នក​វិនិយោគ​លើ​វិស័យ​ដីធ្លី​ដោយ​ផ្ទាល់​នោះ​ទេ​ សុទ្ធតែ​មានបំណង​ចង់​លក់​ឱ្យ​ឆាប់​ដាច់​ និង​ទទួល​បាន​តម្លៃ​ខ្ពស់​ទាំងអស់​ ទាស់​ត្រង់ថា​ តើ​គួរ​ធ្វើបែប​ណា​ទើប​អាច​សម្រេច​បំណង​ទាំងនេះ​បាន​។

ចង់​ដឹង​ថា​វិធីសាស្ត្រ​ដែល​ល្អ​ និង​អាច​ទទួល​បាន​លទ្ធផល​ជោគជ័យ​លើ​ការ​លក់​ សូម​ស្វែងយល់​ទាំងអស់គ្នា​ ក្រោម​ការចែក​រំលែក​ពីសំណាក់​អ្នកជំនាញ​លើ​វិស័យ​នេះ​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលន្រព្យ​កម្ពុជា​ (CREA​) លោក​ ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា​ គ្រប់គ្នា​ទាំងអស់​ដែល​មានបំណង​លក់​ដី​ (ទ្រព្យ​រយៈពេល​វែង​) គឺ​សុទ្ធតែ​ចង់បាន​តម្លៃ​ខ្ពស់​ និង​លក់​ឆាប់​ដាច់​ដូចគ្នា​។ លោក​បាន​បញ្ជាក់​ទៀត​ថា​ យើង​មាន​វិធីសាស្ត្រ​ជាច្រើន​ដែល​ត្រូវ​អនុវត្ត​ ដើម្បី​ជំរុញ​ការ​លក់​ឱ្យ​បាន​លឿន​ ដែល​នៅក្នុង​នោះ​ការ​ផ្សព្វផ្សាយ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​។

លោក​បាន​បន្ត​ទៀត​ថា​ ការ​ផ្សព្វផ្សាយ​ត្រូវ​បាន​ធ្វើឡើង​ច្រើន​រូបភាព​ ដូចជា​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​អេឡិចត្រូនិក​ (Facebook​) ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សារព័ត៌មាន​ ដើម្បី​ជំរុញ​ដំណឹង​ឱ្យទៅ​ដល់​អតិថិជន​គោលដៅ​។ ជាមួយគ្នា​នេះ​ការ​ផ្សព្វផ្សាយ​ តាមរយៈ​បណ្តាញ​មិត្ត​ភ័ក្តិ្រក៏​ជា​វិធីសាស្ត្រ​មួយ​ ដែល​អាច​ទទួល​បាន​លទ្ធផល​ល្អ​ដែរ​។

លោក​ឃាង​ ពុទ្ធី​បាន​បន្ត​ទៀត​ថា​ វិធីសាស្ត្រ​មួយទៀត​ គឺ​ការចូលរួម​និង​ផ្សព្វផ្សាយ​ពី​គម្រោង​របស់​ខ្លួន​ នៅក្នុង​ចង្កោម​អ្នក​វិនិយោគ​ក្នុង​វិស័យ​រួមគ្នា​ ដែល​មាន​ដូចជា​សមាគម​ជាដើម​។ នៅ​ប្រទេស​គេ​ជឿង​លឿន​ ក៏ដូចជា​បណ្តា​ប្រទេសជិតខាង​របស់​យើង​មួយចំនួន​ ដូចជា​ប្រទេស​ថៃ​ និង​សាំងហ្គាពួរ​ ជាដើម​ ពួកគេ​មាន​សមាគម​ជាច្រើន​រហូតដល់​ជាង១០០សមាគម​ ដែល​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ និង​ផ្សព្វផ្សាយ​ពី​គម្រោង​នៃ​ការ​លក់​។

​ដោយឡែក​នៅ​កម្ពុជា​ សមាគម​បែបនេះ​គឺ​មាន​ចំនួន​តិច​នៅឡើយ​ ហើយក៏​មិនសូវ​មានការ​ចូលរួម​ពីសំណាក់​ អ្នក​ដែល​វិនិយោគ​ក្នុង​វិស័យ​រួមគ្នា​ដែរ​ ដែល​ចំណុច​នេះ​ក៏​ត្រូវ​យក​មក​ពិចារណា​ផង​ដែរ​។ លោក​បន្ត​ថា​ សម្រាប់​អ្នក​ដែល​មិន​ចូលរួម​ក្នុង​សមាគម​ ក៏​មាន​វិធីសាស្ត្រ​ក្នុង​ការជំរុញ​ការ​លក់​របស់​ខ្លួន​ ឱ្យ​ឆាប់​ទទួល​បាន​ជោគជ័យ​ផង​ដែរ​ ដូចជា​ការ​ពិពណ៌នា​លម្អិត​ពីទី​តាំង​ និង​ទម្រង់ដី​ដែល​ដាក់​លក់​, បញ្ជាក់​ពី​ចំណុច​ពិសេស​ ដូចជា​គម្រោង​ និង​គោលនយោបាយ​លើ​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ ដែល​ពាក់ព័ន្ធ​នឹង​ទីតាំង​គម្រោង​ដី​ដែល​យើង​ត្រូវលក់​ មានការ​បោះបង្គោល​ព្រំប្រទល់​ដី​ឬធ្វើ​របង​ ដែល​បញ្ជាក់​ថា​ ដី​មិន​មាន​ពាក់ព័ន្ធ​នឹង​វិវាទ​ ជាពិសេស​ត្រូវ​បង្ហាញ​ពី​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ ដើម្បី​ងាយ​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​ពីសំណាក់​អតិថិជន​។

លោក​បន្ត​ទៀត​ថា​ វិធីសាស្ត្រ​នៃ​ការ​លក់​យ៉ាងណា​ដើម្បី​បាន​តម្លៃ​ខ្ពស់​ ទទួល​បាន​ចំណេញ​ច្រើន​។ ចំណុច​នេះ​អ្នកណា​ក៏​ចង់បាន​ ប៉ុន្តែ​ការកំណត់​តម្លៃ​ក៏​ត្រូវ​ធ្វើឡើង​ឱ្យ​សមស្រប​ទៅ​នឹង​តម្លៃ​លើ​ទីផ្សារ​ផង​ដែរ​។ មិន​គួរ​ដាក់​តម្លៃ​ថ្លៃ​ហួសហេតុ​ពេក​ទេ​ ដែល​អាច​ធ្វើ​ឱ្យ​ការ​លក់​ជួប​ហានិភ័យ​ជាប់​គាំង​ក្នុងរយៈពេល​យូរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here