ដោយៈ រ៉ាណេត
ភ្នំពេញៈ មិនថាចំពោះតែភ្នាក់ងារអចលនទ្រព្យ ក៏ដូចជាអ្នកវិនិយោគលើវិស័យដីធ្លីដោយផ្ទាល់នោះទេ សុទ្ធតែមានបំណងចង់លក់ឱ្យឆាប់ដាច់ និងទទួលបានតម្លៃខ្ពស់ទាំងអស់ ទាស់ត្រង់ថា តើគួរធ្វើបែបណាទើបអាចសម្រេចបំណងទាំងនេះបាន។
ចង់ដឹងថាវិធីសាស្ត្រដែលល្អ និងអាចទទួលបានលទ្ធផលជោគជ័យលើការលក់ សូមស្វែងយល់ទាំងអស់គ្នា ក្រោមការចែករំលែកពីសំណាក់អ្នកជំនាញលើវិស័យនេះ។
-->
ប្រធានសមាគមអ្នកជំនាញអចលន្រព្យកម្ពុជា (CREA) លោក ឃាង ពុទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា គ្រប់គ្នាទាំងអស់ដែលមានបំណងលក់ដី (ទ្រព្យរយៈពេលវែង) គឺសុទ្ធតែចង់បានតម្លៃខ្ពស់ និងលក់ឆាប់ដាច់ដូចគ្នា។ លោកបានបញ្ជាក់ទៀតថា យើងមានវិធីសាស្ត្រជាច្រើនដែលត្រូវអនុវត្ត ដើម្បីជំរុញការលក់ឱ្យបានលឿន ដែលនៅក្នុងនោះការផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់។
លោកបានបន្តទៀតថា ការផ្សព្វផ្សាយត្រូវបានធ្វើឡើងច្រើនរូបភាព ដូចជាផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គមអេឡិចត្រូនិក (Facebook) ការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន ដើម្បីជំរុញដំណឹងឱ្យទៅដល់អតិថិជនគោលដៅ។ ជាមួយគ្នានេះការផ្សព្វផ្សាយ តាមរយៈបណ្តាញមិត្តភ័ក្តិ្រក៏ជាវិធីសាស្ត្រមួយ ដែលអាចទទួលបានលទ្ធផលល្អដែរ។
លោកឃាង ពុទ្ធីបានបន្តទៀតថា វិធីសាស្ត្រមួយទៀត គឺការចូលរួមនិងផ្សព្វផ្សាយពីគម្រោងរបស់ខ្លួន នៅក្នុងចង្កោមអ្នកវិនិយោគក្នុងវិស័យរួមគ្នា ដែលមានដូចជាសមាគមជាដើម។ នៅប្រទេសគេជឿងលឿន ក៏ដូចជាបណ្តាប្រទេសជិតខាងរបស់យើងមួយចំនួន ដូចជាប្រទេសថៃ និងសាំងហ្គាពួរ ជាដើម ពួកគេមានសមាគមជាច្រើនរហូតដល់ជាង១០០សមាគម ដែលបង្កភាពងាយស្រួលក្នុងការផ្តល់ព័ត៌មាន និងផ្សព្វផ្សាយពីគម្រោងនៃការលក់។
ដោយឡែកនៅកម្ពុជា សមាគមបែបនេះគឺមានចំនួនតិចនៅឡើយ ហើយក៏មិនសូវមានការចូលរួមពីសំណាក់ អ្នកដែលវិនិយោគក្នុងវិស័យរួមគ្នាដែរ ដែលចំណុចនេះក៏ត្រូវយកមកពិចារណាផងដែរ។ លោកបន្តថា សម្រាប់អ្នកដែលមិនចូលរួមក្នុងសមាគម ក៏មានវិធីសាស្ត្រក្នុងការជំរុញការលក់របស់ខ្លួន ឱ្យឆាប់ទទួលបានជោគជ័យផងដែរ ដូចជាការពិពណ៌នាលម្អិតពីទីតាំង និងទម្រង់ដីដែលដាក់លក់, បញ្ជាក់ពីចំណុចពិសេស ដូចជាគម្រោង និងគោលនយោបាយលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងទីតាំងគម្រោងដីដែលយើងត្រូវលក់ មានការបោះបង្គោលព្រំប្រទល់ដីឬធ្វើរបង ដែលបញ្ជាក់ថា ដីមិនមានពាក់ព័ន្ធនឹងវិវាទ ជាពិសេសត្រូវបង្ហាញពីប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដើម្បីងាយទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន។
លោកបន្តទៀតថា វិធីសាស្ត្រនៃការលក់យ៉ាងណាដើម្បីបានតម្លៃខ្ពស់ ទទួលបានចំណេញច្រើន។ ចំណុចនេះអ្នកណាក៏ចង់បាន ប៉ុន្តែការកំណត់តម្លៃក៏ត្រូវធ្វើឡើងឱ្យសមស្របទៅនឹងតម្លៃលើទីផ្សារផងដែរ។ មិនគួរដាក់តម្លៃថ្លៃហួសហេតុពេកទេ ដែលអាចធ្វើឱ្យការលក់ជួបហានិភ័យជាប់គាំងក្នុងរយៈពេលយូរ”៕