ដោយ៖ វុត្ថា
ភ្នំពេញ៖ ក្រោយការដាក់សម្ពោធជាផ្លូវការនូវផ្សារ MAKRO បោះដុំទំនិញថៃដ៏ធំកាលពីម្សិលមិញនេះ មានប្រជាពលរដ្ឋខ្មែររាប់ពាន់សម្រុកទៅទិញសម្ភារៈទុកប្រើប្រើគ្រប់ប្រភេទ អ្នកខ្លះទិញយកទៅលក់បន្ត និង អ្នកខ្លះទៀតគ្រាន់តែទៅដើរមើលប៉ុណ្ណោះ ។
ជាមួយនឹងវត្តមានផ្សារបោះដុំ MAKRO ដ៏ធំបានបើកសម្ភោធកាលពីម្សិលម៉ិញនេះ ភ្នាក់ងារព៌តមាននៃគេហទំព័រ Propertyarea.asia បានទៅកាន់ផ្សារនេះដើម្បីសម្ភាសន៍ និងស្វែងយល់ពីទស្សនប្រជាពលរដ្ឋជុំវិញ ការវិនិយោគផ្សារតម្លៃ៦៨លានដុល្លារនេះ។
-->
ប្រជាពលរដ្ឋខ្មែរដែលបានទៅទស្សនា និងទិញទំនិញនៅក្នុងផ្សារនេះ បានបញ្ចេញនៅទស្សនៈផ្សេងៗគ្នា ជុំវិញការវត្តមានផ្សារ MAKRO បោះដុំទំនិញថៃដ៏ធំមួយនេះនៅក្នុងប្រទេសកម្ពុជា។
លោក មាស សោភ័ណ អ្នករស់នៅក្នុងទីក្រុងភ្នំពេញ ដែលកំពុងដើរទិញទំនិញខ្លះៗនោះបានលើកឡើងកាលពីម្សិលម៉ិញថា ផ្សារ MAKRO នេះ ត្រូវបានគេរៀបចំបានល្អ ហើយមានមុខទំនិញគ្រប់ប្រភេទបានរៀបចំ ធ្វើឲ្យមានភាពងាយស្រួលក្នុងការដើរទិញ និងមានមនុស្សច្រើនដើរទិញឥវ៉ាន់។ លោកបន្តថា ការនេះបានបង្ហាញពីសេដ្ឋកិច្ចកម្ពុជា និងប្រជាពលរដ្ឋខ្មែរកំពុងតែបោះជំហានទៅមុខ តែអ្វីដែលលោកមានការព្រួយបារម្ភនោះ គឺការនាំចូលទំនិញបរទេសមកកាន់តែច្រើន នឹងធ្វើអោយទំនិញនៅក្នុងស្រុកធ្លាក់ចុះ និងខ្វះការគាំទ្រ ដោយសា រតែមានការប្រកួតប្រជែងក្នុងទីផ្សារ ណាមួយទំនិញរបស់គេល្អជាងរបស់ខ្មែរ។
ចំណែកលោកស្រីលី វន្នី ដែលបានកំពុងដើរទិញទំនិញដែរនោះបានមានប្រសាសន៍ឲ្យដឹងដែរថា ការបើកដាក់អោយដំណើការ ផ្សារ MAKRO នេះ ស្របពេលដែលមានការរីកចម្រើននូវបុរី និងផ្ទះល្វែងនៅវិញខណ្ឌសែនសុខនេះ។ លោកស្រីបន្តថា កាលពីមុនប្រជាពលរដ្ឋខ្មែរ បានទៅទិញទំនិញនៅផ្សារទំនើប នៅក្នុងក្រុងភ្នំពេញ ដូចជាផ្សារ ឡាក់គី និងផ្សារផេនសល ជាដើម តែឥឡូវនៅពេលមានវត្តមានផ្សារនេះកើតឡើងនៅជាយក្រុង នឹងធ្វើអោយប្រជាពលរដ្ឋមានភាពងាយស្រួលបន្ថែមទៀត ដោយមិនបាច់ឡើងទៅដល់ទីក្រុងឡើយ។
លោកស្រីបញ្ជាក់ទៀតថា សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលនៅឆ្ងាយអាចនឹងមិនមកទិញទំនិញនៅទីនេះ ព្រោះគេក៏អាចទិញទំនិញនៅតាមផ្សារទំនើប ឬកន្លែងលក់ដូរនៅជិតផ្ទះរបស់ពួគេ។
ឆ្លើយតបទៅនឹងសំនួរ សួរថាតើវត្តមានផ្សារនេះ អាចប៉ះពាល់ដល់ផលិតផលខ្មែរដែរឬទេ ? លោកស្រីលើកឡើងថា ប្រសិនបើផលិតខ្មែរផលិតគ្មានស្តង់ដារ និងគុណភាពប្រហែលគេអាចនឹងប៉ះពាល់ខ្លាំង ព្រោះថាប្រជាពលរដ្ឋនាពេលនេះ គិតពីអនាម័យ និងគុណភាព ព្រមទាំងតម្លៃសំរម្យ។
លោកស្រីលី វន្នីបានពន្យល់ថា “ ទី ១ គឹផលិតផលខ្មែរត្រូវតែមានអនាម័យ គុណភាពខ្ពស់ និងតម្លៃប្រហាក់ប្រហែលនឹងទំនិញរបស់គេ យើងនឹងបែរមកប្រើប្រាស់ផលិតផលខ្មែរវិញហើយ ព្រោះខ្មែរយើងត្រូវការប្រើប្រាស់របស់ខ្មែរជាងរបស់បរទេស។ ទី២ បើខ្មែរធ្វើមិនស្អាត គឺគេមិនត្រូវការឡើយ ព្រោះគេផ្តោតលើអនាម័យ នឹងគុណភាព។
លោកស្រីស្នើរសុំឲ្យមានការវិនិយោគផ្សារបោះដុំផលិតផលខ្មែរ ដ៏ធំមួយដូចគ្នានឹងផ្សារ MAKRO ដែលទើបនឹងសម្ពោធនេះ ដើម្បីមានលទ្ធភាពដាក់តាំងទំនិញខ្មែរ ឲ្យប្រជាពលរដ្ឋខែ្មរអាចរកទិញបាន ព្រោះនាពេលបច្ចុប្បន្នមិនដឹងថាទៅទិញនៅទីណា តែយ៉ាងណាក៏ដោយលោកស្រីថា “ប្រហែលជាខ្មែរយើងមិនមានលទ្ធភាពផលិតទំនិញបានច្រើនដូចគេឡើយ។ ខ្មែរតែងតែគាំទ្រផលិតផលខ្មែរឲ្យតែមានគុណភាព និងតម្លៃប្រហាក់ប្រហែលដូចគេ តែកន្លងមកខ្មែរយើងផលិតខ្វះអនាម័យ ខ្វះតម្រូវការទីផ្សារ ចឹងយើងមិនអាចទទួលយកបានទេ។
បុរសវ័យចំណាស់ម្នាក់ ដែលកំពុងនាំកូនដើរមើលទំនិញក្នុងផ្សារ MAKRO មួយរូបទៀតបានឲ្យដឹងថា លោកសប្បាយរីករាយណាស់ នៅពេលមានផ្សារទំនើប និងមានទំនិញគ្រប់ប្រភេទបែបនេះ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅជាយក្រុងថែមទៀត ដែលធ្វើអោយងាយទិញទំនិញផ្សេងៗ ដោយមិនចាំបាច់ទៅដល់ទីក្រុង។ តែយ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា ស្ទើរតើគ្រប់មុខទំនិញទាំងអស់មានសុទ្ធតែភាសាថៃ ដែលធ្វើអោយប្រជាពលរដ្ឋ ពិបាកក្នុងការអាន ព្រមទាំងមិនដឹងពីកាលបរិច្ឆេទច្បាស់លាស់ និងគុណភាពពិតប្រាកដ។
លោកថា “ខ្ញុំមិនរើសអើងអីទេ តែវាជាទីផ្សារសេរី និងប្រកួតប្រជែង តែខ្ញុំថាបើទំនិញមកលក់ក្នុងប្រទេសខ្មែរ គួរតែដាក់អក្សរខ្មែរ ដើម្បីងាយស្រួលក្នុងការទិញ និងជៀសវាងការខុសកាលបរិច្ឆេទ។
បុគ្គលិកផ្សារ MAKRO លោក ថន សំណាង ជាបានឲ្យដឹងថា កាលណាមានផ្សារទំនើបបែបនេះវាល្អសម្រាប់កម្ពុជា ហើយមានភ្ញៀវច្រើនមកដើររកទិញអីវ៉ាន់ផ្សេងៗ ដែលធ្វើឲ្យលោក និងក្រុមការងារមិនសូវមានពេលទំនេរ ព្រោះថ្ងៃដំបូងនៃការសម្ភោធមានមនុស្សមកច្រើន ជាពិសេសខាងផ្សារគេបញ្ចុះតម្លៃប្រមាណ ៥០ ភាករយ រយៈពេល៣ថ្ងៃ ។
លោកបន្តថា “រាល់ទំនិញទាំងអស់សុទ្ធតែទំនិញល្អ និងសុទ្ធដែលនាំចូលមកប្រទេសថៃ មិនមានផលិតផលខ្មែរទេ ខ្ញុំចង់ឲ្យមានផលិតផលខ្មែរច្រើន”៕
