ក្រុមហ៊ុន​កូរ៉េ​ ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមហ៊ុន​កូរ៉េ​បាន​និង​កំពុង​អារម្មណ៍​វិនិយោគ​លើ​ប្រព័ន្ធ​ទឹក​ស្អាត​ និង​ថាមពល​ ដោយ​ប្រើប្រាស់​បច្ចេកវិជ្ជា​ Solar​ Hope​ Farm​ ដែល​បច្ចេកវិជ្ជា​ថ្មី​ ដែល​អាច​ស្ដុក​ទុក​នូវ​ទឹក​ស្អាត​ ក៏ដូចជា​ផ្ដល់​ថាមពល​អគ្គិសនី​ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ នៅ​ថ្ងៃទី​ ២៤​ ឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ លោក​ ហ្គូ​ហា​ ជាំ​ង (Gyu​-Ha​ Jang​) អនុប្រធាន​សមាគម​អ្នកនាំ​ចូល​កូរ៉េ​ (KOIMA​) បាន​ឲ្យដឹង​ថា​ លោក​មានគំនិត​ធ្វើការ​សាកល្បង​គម្រោង​នេះ​ជាមុន​សិន​ ប៉ុន្តែ​លោក​មានបំណង​ចាប់ដៃ​គូ​ជាមួយ​វិនិយោគិន​ក្នុង​ស្រុក​ ដើម្បី​អនុវត្ត​គម្រោង​នេះ​។

ក្រៅពីនោះ​ លោក​ក៏បាន​ជម្រាប​ជូន​ថា​ សហការី​របស់​លោក​ មាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​ក្នុង​ការពិនិត្យ​លទ្ធភាព​នាំចូល​ម្រេច​កំពត​ពី​កម្ពុជា​ទៅ​កូរ៉េ​។លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ ជាំ​ង ដោយ​យល់ថា​ការប្រើ​ប្រាស់​បច្ចេកវិជ្ជា​ថ្មីនេះ​ នឹង​ផ្ដល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ ជាពិសេស​​នៅ​តំបន់​ដែល​មិនទាន់​មាន​អគ្គិសនី​ និង​ទឹក​ស្អាត​។

លោក​រដ្ឋ​មន​ត្រី​ បាន​ស្នើសុំ​ឲ្យ​លោក​ ជាំ​ង រៀបចំ​ជា​សំណើ​ និង​ផែនការ​ធុរកិច្ច​ ឲ្យបាន​លម្អិត​ សម្រាប់​សម្រួល​ដល់​ការពិភាក្សា​ និង​ស្វែងរក​ដៃគូ​ធុរកិច្ច​។

ចំពោះ​ម្រេច​កំពត​ លោក​រដ្ឋមន្ត្រី​ ជម្រាប​ជូន​ថា​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ ដែល​មាន​ភាព​ល្បីល្បាញ​ និង​មានតម្លៃ​ខ្ពស់​ជាង​ម្រេច​ដទៃ​ ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​លោក​ ជាំ​ង និង​សហការី​ ចុះទៅ​ពិនិត្យ​ចំការ​ម្រេច​នៅ​កំពត​ផ្ទាល់​ ដើម្បី​ស្វែងយល់​បន្ថែម​ និង​ពិនិត្យ​ឱកាស​នាំចេញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here