ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនកូរ៉េបាននិងកំពុងអារម្មណ៍វិនិយោគលើប្រព័ន្ធទឹកស្អាត និងថាមពល ដោយប្រើប្រាស់បច្ចេកវិជ្ជា Solar Hope Farm ដែលបច្ចេកវិជ្ជាថ្មី ដែលអាចស្ដុកទុកនូវទឹកស្អាត ក៏ដូចជាផ្ដល់ថាមពលអគ្គិសនី ដោយប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០១៩ នេះ លោក ហ្គូហា ជាំង (Gyu-Ha Jang) អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ (KOIMA) បានឲ្យដឹងថា លោកមានគំនិតធ្វើការសាកល្បងគម្រោងនេះជាមុនសិន ប៉ុន្តែលោកមានបំណងចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក ដើម្បីអនុវត្តគម្រោងនេះ។
-->
ក្រៅពីនោះ លោកក៏បានជម្រាបជូនថា សហការីរបស់លោក មានចំណាប់អារម្មណ៍ជាខ្លាំងក្នុងការពិនិត្យលទ្ធភាពនាំចូលម្រេចកំពតពីកម្ពុជាទៅកូរ៉េ។លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់លោក ជាំង ដោយយល់ថាការប្រើប្រាស់បច្ចេកវិជ្ជាថ្មីនេះ នឹងផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅតាមជនបទ ជាពិសេសនៅតំបន់ដែលមិនទាន់មានអគ្គិសនី និងទឹកស្អាត។
លោករដ្ឋមនត្រី បានស្នើសុំឲ្យលោក ជាំង រៀបចំជាសំណើ និងផែនការធុរកិច្ច ឲ្យបានលម្អិត សម្រាប់សម្រួលដល់ការពិភាក្សា និងស្វែងរកដៃគូធុរកិច្ច។
ចំពោះម្រេចកំពត លោករដ្ឋមន្ត្រី ជម្រាបជូនថាជាផលិតផលសម្គាល់ភូមិសាស្ត្រ ដែលមានភាពល្បីល្បាញ និងមានតម្លៃខ្ពស់ជាងម្រេចដទៃ ហើយបានលើកទឹកចិត្តឲ្យលោក ជាំង និងសហការី ចុះទៅពិនិត្យចំការម្រេចនៅកំពតផ្ទាល់ ដើម្បីស្វែងយល់បន្ថែម និងពិនិត្យឱកាសនាំចេញ៕