ដោយៈ ចំណាន
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិតប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) លើយុទ្ធសាស្ត្រ ក្នុងការរៀបចំគម្រោងតំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-ជប៉ុន។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសស៊ុន ចាន់ថុល បានអនុញ្ញាតជូន លោកបណ្ឌិត Shoichi Kobayashi ស្ថាបនិក និងជាប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) ដែលជាស្ថាប័នសិក្សាស្រាវជ្រាវ និងពិគ្រោះយោបល់ឯករាជ្យ មានឯកទេសលើវិស័យអភិវឌ្ឍន៍អន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួបពិភាក្សាការងារ ដ៏មានសារៈសំខាន់នេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចឡើងវិញអំពី សាវតានៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រក្នុងការបង្កើត “តំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-ជប៉ុន” ដែលជាចក្ខុវិស័យដ៏វែងឆ្ងាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសជំនួបទ្វេភាគីជាមួយ លោកអតីតនាយករដ្ឋមន្ត្រីជប៉ុន ក្នុងគោលដៅបង្កើនភាពទាក់ទាញ ដើម្បីទទួលស្វាគមន៍ និងគាំទ្រដល់ខ្សែច្រវាក់ផ្គត់ផ្គង់របស់វិនិយោគិន និងធុរជនពីជប៉ុន មកកាន់ប្រទេសកម្ពុជា។
ជាកិច្ចការងារស្នូល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកបណ្ឌិតប្រធានJDI បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល ពាក់ព័ន្ធនឹងចំណុចគន្លឹះសំខាន់ៗជាយុទ្ធសាស្ត្រ លើវិធីសាស្ត្រក្នុងការផ្សព្វផ្សាយ និងការទាក់ទាញចំណាប់អារម្មណ៍ វិនិយោគិនជប៉ុន ឱ្យមកពិចារណាពិនិត្យលទ្ធភាព និងសម្លឹងមើលឱកាសក្នុងការបណ្តាក់ទុនលើគម្រោងតំបន់សេដ្ឋកិច្ចពិសេស ដ៏មានសក្តានុពលមួយនេះ។

បន្ថែមពីនោះ លោកបណ្ឌិត ក៏បានចែករំលែកនូវកត្តាគន្លឹះ និងបទពិសោធន៍អន្តរជាតិសំខាន់ៗ មួយចំនួនជូនដល់លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជាអង្គពិភាក្សាទាំងមូល ដើម្បីបានជាធាតុចូលសម្រាប់ការរៀបចំផែនការមេដ៏រឹងមាំមួយ ស្របតាមស្តង់ដារអន្តរជាតិ ប្រកបដោយភាពទាក់ទាញបំផុត ក្នុងការបង្កើតទំនុកចិត្តខ្ពស់ និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់វិនិយោគិនពីប្រទេសជប៉ុន ក្នុងការសម្រេចចិត្តជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្រមួយក្នុងតំបន់។
ជាការឆ្លើយតប លោកបណ្ឌិតប្រធានJDI បានបញ្ជាក់ឡើងវិញថា JDI ត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់ បណ្តាញអ្នកជំនាញការសកល ដើម្បីគាំទ្រគម្រោងនេះ ឱ្យលេចចេញជារូបរាងការងារជាក់ស្តែង។ ក្នុងបរិយាកាសការទូតដ៏ស្និទ្ធស្នាល ភាគីទាំងពីរបានបង្ហាញឆន្ទៈរួមក្នុងការបន្តពង្រឹងកិច្ចសហការ ដើម្បីបំប្លែងធាតុចូលយុទ្ធសាស្ត្រទាំងនេះ ទៅជាសកម្មភាពការងារជាក់ស្តែង ក្នុងការកសាងបរិយាកាសធុរកិច្ចប្រកបដោយទំនុកចិត្តខ្ពស់ និងបើកចំហចក្ខុវិស័យថ្មីៗសម្រាប់វិនិយោគិន និងធុរជនពីប្រទេសជប៉ុន៕







