ក្រុមហ៊ុន​ដឹកជញ្ជូន​ជប៉ុន​ធំ​មួយ​ទិញ​ភាគហ៊ុន​កំពង់ផែ​ក្រុង​ព្រះសីហនុ​

0
រថយន្តកុងទឺន័រកំពុងបើកបរនៅក្នុងកំពង់ផែព្រះសីហនុ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ ដន

​ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA​) បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ខ្លួន​បាន​ផ្ទេរ​ភាគហ៊ុន​ដែល​នៅ​សេសសល់​ទាំងអស់​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ទៅ​ឱ្យ​ក្រុមហ៊ុន​ Kamigumi​ Co​. , Ltd​។

JICA​ បាន​ទទួល​ទិញ​ភាគហ៊ុន​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ កាលពី​ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​ ក្នុងអំឡុងពេល​ផ្តល់​ជូន​ជា​ការបោះផ្សាយ​ភាគ​ថ្លៃដើម​ដល់​វិនិយោគិន​។ ជាផ្នែក​មួយ​នៃ​ការ​វិនិយោគ​របស់​ខ្លួន​ JICA​ បាន​ដាក់​ទីប្រឹក្សា​ម្នាក់​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​។

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​មាន​ជិត​ ៩៩​ ភាគរយ​នៃ​ភាគហ៊ុន​ដែល​បាន​ជួញដូរ​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ ។ កាលពី​ថ្ងៃអង្គារ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​រួមចំណែក​ច្រើន​បំផុត​ក្នុង​ការ​បំបែក​ឯតទគ្គកម្ម​ជួញដូរ​ផ្សារ​មូលបត្រ​កម្ពុជា​។

បរិមាណ​ជួញដូរ​បាន​កើនឡើង​ដល់​ ៩,៤៥លាន​ហ៊ុន​ដែល​មានតម្លៃ​ ២៩,៦​ លាន​ដុល្លារ​។សេចក្តី​ថ្លែងការណ៍​ពីទី​ភ្នាក់ងារ​នេះ​កាលពី​ម្សិលមិញ​បាន​ឲ្យដឹង​ថា​ “JICA​ បាន​ផ្ទេរ​ភាគហ៊ុន​នៅសល់​របស់​ខ្លួន​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ទៅ​ឲ្យ​ក្រុមហ៊ុន​ Kamigumi​ ដែល​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​កំពង់ផែ​នាំមុខ​របស់​ជប៉ុន​”។

ក្រុមហ៊ុន​ Kamigumi​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៨៦៧​ នៅ​តំបន់​កូ​បេ​នៃ​ប្រទេស​ជប៉ុន​។ ក្រុមហ៊ុន​នេះ​ផ្តល់​សេវាកម្ម​ដឹក​ជញ្ចូន​ចំរុះ​ជា​អន្តរជាតិ​។

ក្រុមហ៊ុន​ផ្តល់​សេវា​ដឹកជញ្ជូន​តាម​កំពង់ផែ​ និង​មាន​ឃ្លាំង​ស្តុក​ និង​ចែកចាយ​ និង​ដឹកជញ្ជូន​តាម​រថយន្ត​ ដឹកទំនិញ​ផ្លូវអាកាស​ និង​ផ្លូវដែក​ព្រមទាំង​សេវាកម្ម​ដឹក​ជញ្ចូន​តាម​សមុទ្រ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here