រថយន្តកុងទឺន័រកំពុងបើកបរនៅក្នុងកំពង់ផែព្រះសីហនុ។ រូបថត៖ ម៉ៃ វីរៈ
ដោយ ដន
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានប្រកាសកាលពីម្សិលមិញថា ខ្លួនបានផ្ទេរភាគហ៊ុនដែលនៅសេសសល់ទាំងអស់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុទៅឱ្យក្រុមហ៊ុន Kamigumi Co. , Ltd។
JICA បានទទួលទិញភាគហ៊ុនពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីខែ មិថុនា ឆ្នាំ ២០១៧ ក្នុងអំឡុងពេលផ្តល់ជូនជាការបោះផ្សាយភាគថ្លៃដើមដល់វិនិយោគិន។ ជាផ្នែកមួយនៃការវិនិយោគរបស់ខ្លួន JICA បានដាក់ទីប្រឹក្សាម្នាក់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
-->
កំពង់ផែស្វយ័តក្រុងព្រះសីហនុមានជិត ៩៩ ភាគរយនៃភាគហ៊ុនដែលបានជួញដូរនៅផ្សារមូលបត្រកម្ពុជា ។ កាលពីថ្ងៃអង្គារភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានរួមចំណែកច្រើនបំផុតក្នុងការបំបែកឯតទគ្គកម្មជួញដូរផ្សារមូលបត្រកម្ពុជា។
បរិមាណជួញដូរបានកើនឡើងដល់ ៩,៤៥លានហ៊ុនដែលមានតម្លៃ ២៩,៦ លានដុល្លារ។សេចក្តីថ្លែងការណ៍ពីទីភ្នាក់ងារនេះកាលពីម្សិលមិញបានឲ្យដឹងថា “JICA បានផ្ទេរភាគហ៊ុននៅសល់របស់ខ្លួនពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅឲ្យក្រុមហ៊ុន Kamigumi ដែលជាក្រុមហ៊ុនដឹកជញ្ជូនតាមកំពង់ផែនាំមុខរបស់ជប៉ុន”។
ក្រុមហ៊ុន Kamigumi ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦៧ នៅតំបន់កូបេនៃប្រទេសជប៉ុន។ ក្រុមហ៊ុននេះផ្តល់សេវាកម្មដឹកជញ្ចូនចំរុះជាអន្តរជាតិ។
ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនតាមកំពង់ផែ និងមានឃ្លាំងស្តុក និងចែកចាយ និងដឹកជញ្ជូនតាមរថយន្ត ដឹកទំនិញផ្លូវអាកាស និងផ្លូវដែកព្រមទាំងសេវាកម្មដឹកជញ្ចូនតាមសមុទ្រផងដែរ៕