ដោយៈ ចំណាន
ភ្នំពេញៈ លោកអ្នកឧកញ៉ាលី យ៉ុងផាត់ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំងអ្នកឧកញ៉ាហាន់ ឃាង អនុប្រធានសមាគមទទួលបន្ទុកខែកក្កដា និងជាប្រធានគណៈកម្មការវិនិយោគ និងអភិវឌ្ឍន៍ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមកម្មវិធី “រ៉ូដសូសម្រាប់ការផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក.” ដែលរៀបចំឡើងនៅផ្សារមូលបត្រកម្ពុជា។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។
កម្មវិធីរ៉ូដសូនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ អំពីការបោះផ្សាយលក់ និងការធ្វើបរិវិសកម្មមូលបត្រកម្ម សិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក. ដែលមាន ឧកញ៉ាបណ្ឌិតគីម ហ៊ាង សមាជិកសមាគមឧកញ៉ាកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ។
កម្មវិធីនេះ ក៏មានគោលបំណងបង្ហាញជូនវិនិយោគិន និងសាធារណជន អំពីសក្តានុពលវិនិយោគ ផែនការអាជីវកម្ម យុទ្ធសាស្ត្រកំណើន និងចក្ខុវិស័យអភិវឌ្ឍន៍របស់ក្រុមហ៊ុននាពេលអនាគត។
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក. បានទទួលការអនុញ្ញាតពី និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ឱ្យធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដែលជាជំហានដ៏សំខាន់ ក្នុងការបោះជំហានចូលទីផ្សារមូលបត្រកម្ពុជា និងពង្រីកប្រភពទុនសម្រាប់ការអភិវឌ្ឍអាជីវកម្ម ប្រកបដោយចីរភាព៕







