ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋានរបស់ទីក្រុងហុងកុងបានងើបឡើងវិញលឿនជាងការរំពឹងទុកនៅឆ្នាំនេះ ប៉ុន្តែក្រុមអ្នកវិភាគព្រមានថា ការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃផ្ទះអាចធ្វើឱ្យផ្ទះលែងមានតម្លៃសមរម្យសម្រាប់អ្នកទិញក្នុងស្រុក។
ការងើបឡើងវិញនៃទីផ្សារលំនៅឋានហុងកុងត្រូវបានជំរុញដោយការវិលត្រឡប់មកវិញរបស់អ្នកទិញក្នុងស្រុក ភាពរឹងមាំនៃតម្រូវការជួលរបស់និស្សិត និងបណ្តាវិនិយោគិនចិនដីគោកដែលឈានចូលទីផ្សារឡើងវិញ។
អំណាចនៃការទិញដ៏រឹងមាំរបស់ពួកគេបានជំរុញឱ្យតម្លៃលំនៅឋាននៅទីក្រុងហុងកុងកើនឡើងលឿនជាងការរំពឹងទុករបស់អ្នកទិញលើកដំបូង ឬអ្នកទិញក្នុងស្រុកជាច្រើន។
យោងតាមក្រុមហ៊ុន Centaline Property បានឱ្យដឹងថា អតិថិជនដែលទិញផ្ទះច្រើនខ្នងបានបញ្ចប់ប្រតិបត្តិការចំនួន៥៦៣ ដែលមានតម្លៃ១៤,៥ពាន់លានដុល្លារហុងកុង (១,៨៤ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ កើនឡើងជាងទ្វេដងធៀបនឹងឆ្នាំមុន។
ភាពរឹងមាំនៃតម្រូវការបានជំរុញសន្ទុះទីផ្សារ និងអនុញ្ញាតឱ្យម្ចាស់ផ្ទះដំឡើងតម្លៃផ្ទះ។ ប៉ុន្តែក្រុមអ្នកវិភាគអះអាងថា ការកើនឡើងយ៉ាងឆាប់រហ័សបែបនេះអាចធ្វើឱ្យអ្នកទិញផ្ទះក្នុងស្រុកកាន់តែច្រើនមិនហ៊ានឈានចូលទីផ្សារ៕ប្រភព: SCMP៕







