ដោយ: សហសេវិក
អន្តរជាតិ: ក្រសួងលំនៅឋានបានស្នើសុំទុនវិនិយោគបន្ថែមចំនួន ៩៦,០៩ ទ្រីលានរូពី (៥,៤ ពាន់លានដុល្លារ) សម្រាប់ឆ្នាំ ២០២៧ ដើម្បីពន្លឿនកម្មវិធីសាងសង់លំនៅឋានផ្ទះ៣លានយូនីតរបស់លោកប្រធានាធិបតី Prabowo Subianto។
ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌូនេសុីកំពុងជំរុញការកាត់បន្ថយកង្វះខាតលំនៅឋានទូទាំងប្រទេស ដែលកំពុងជះប៉ះពាល់ដល់គ្រួសារប្រមាណ ៩,៩ លានទៅ ១១ លានគ្រួសារ។
រដ្ឋមន្ត្រីក្រសួងលំនៅឋាន លោក Maruarar Sirait បានអះអាងថា កម្រិតពិដានថវិការបស់ក្រសួងចំនួន ៩,៩១ ទ្រីលានរូពីសម្រាប់ឆ្នាំ ២០២៧ មិនគ្រប់គ្រាន់ដើម្បីបំពេញតាមគោលដៅលំនៅឋានរបស់រដ្ឋាភិបាលទេ ដែលជំរុញឱ្យមានការស្នើសុំថវិកាសរុបប្រហែល ១០៦ ទ្រីលានរូពី។
កម្មវិធីសាងសង់លំនៅឋាន៣លានខ្នង គឺជាមូលដ្ឋានគ្រឹះនៃរបៀបវារៈគោលនយោបាយលំនៅឋានរបស់លោក Prabowo ដែលមានគោលបំណងដោះស្រាយបញ្ហាខ្វះខាតលំនៅឋានរ៉ាំរ៉ៃរបស់ប្រទេសឥណ្ឌូនេស៊ី។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងសាងសង់ផ្ទះឱ្យបានចំនួន៣លានខ្នងជារៀងរាល់ឆ្នាំនៅតំបន់ជនបទ និងតំបន់ឆ្នេរសមុទ្រ។
ទិន្នន័យពីទីភ្នាក់ងារស្ថិតិជាតិឥណ្ឌូនេសុី (BPS) បង្ហាញថា គ្រួសារចន្លោះពី៩,៩លានទៅ១១លានគ្រួសារមិនទាន់មានផ្ទះផ្ទាល់ខ្លួន។ BPS ប៉ាន់ប្រមាណថា ប្រជាជនប្រហែល១៣ភាគរយកំពុងបន្តរស់នៅក្នុងផ្ទះជួល ឬជាមួយសាច់ញាតិ។
សំណើសុំថវិកាបន្ថែមនេះធ្វើឡើង ខណៈរដ្ឋាភិបាលបានរាយការណ៍ពីវឌ្ឍនភាពជាលំដាប់នៃការអនុវត្តកម្មវិធីខាងលើ។ គិតត្រឹមថ្ងៃទី១៣ ខែមិថុនា លំនៅឋានសរុបចំនួន ៣២៤,២១៣ យូនីតត្រូវបានសាងសង់ ឬជួសជុលឡើងវិញទូទាំងប្រទេស ក្រោមគំនិតផ្តួចផ្តើម Three Million Homes៕






