ប្រែសម្រួលដោយ យុទ្ធ
បាងកក៖ អ្នកវិនិយោគចិននឹងបន្តទិញអចលនទ្រព្យនៅទីក្រុងបាងកក ទោះបីមានការធ្លាក់ចុះសេដ្ឋកិច្ចខ្លួន ដែលទំហំធំជាងគេបំផុតរបស់អាស៊ី នៅកំឡុងពេលសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកក៏ដោយ។ នេះតាមយោងតាមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Noble Development Plc ដែលមានមូលដ្ឋាននៅទីក្រុងបាងកក។
លោក Thongchai Busrapan ប្រធានក្រុមហ៊ុន Noble Development Plc ដែលត្រូវបានដកស្រង់សម្ដីចេញពីកាសែតបាងកកប៉ុស្តិ៍កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា គោលបំណងក្នុងការធ្វើពិពិធកម្មការវិនិយោគ ដោយមិនប្រើប្រាស់ប្រាក់យន់ និងការបង្កើនជើងហោះហើរជាមួយនឹងទីក្រុងបាងកក នឹងគាំទ្រដល់តម្រូវការអលចលនទ្រព្យ។
-->
លោកបន្តថា “ទីផ្សាររបស់យើងគឺតូច បើធៀបនឹងតម្រូវការដ៏ច្រើនពីប្រទេសចិន”។ លោកបន្ថែមថា “ ទីក្រុងបាងកកបានក្លាយជាផ្ទះទីពីរសម្រាប់ពលរដ្ឋចិនជាច្រើន”។
យោងតាមទស្សនៈក្រុមហ៊ុនNoble ឲ្យដឹងថា ការកើនឡើងហួសប្រមាណនៃចំនួនខុនដូ និងច្បាប់ផ្តល់ប្រាក់កម្ចីកាន់តែតឹងរ៉ឹង កំពុងបង្កើតជម្រើសជាច្រើនក្នុងទីផ្សារសម្រាប់អ្នកទិញនៅទីក្រុងបាងកក ខណៈសេដ្ឋកិច្ចថៃកំពុងចុះខ្សោយ។ សន្ទស្សន៍ភាគហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ថៃ បានធ្លាក់ចុះប្រហែល១០ភាគរយកាលពីឆ្នាំមុនក្នុងទីផ្សារទាំងមូល។
ក្រុមអ្នកវិភាគក្រុមហ៊ុន Citigroup លោក Sureeporn Sirisansaneeyawong និងលោក Kritapas Siripassorn បានថ្លែងថា ក្តីកង្វល់នៅតែបន្តកើតមានចំពោះស្ថានភាពដែលមិនសូវមានភាពអំណោយផងនេះ និងផលប៉ះពាល់ទៅលើតម្រូវការប្រាក់កម្ចី។ ពួកគាត់និយាយថា ការវាយតម្លៃភាគហ៊ុនមើលទៅគួរឱ្យទាក់ទាញ ប៉ុន្តែ “មិនមានកាតាលីករណាមួយជំរុញនៅឡើយទេ”។

ក្រុមហ៊ុន Noble បានឱ្យដឹងថា ការលក់ខុនដូនៅត្រីមាសទី១ របស់ខ្លួនដល់ជនបរទេសបានកើនឡើងដល់ទំហំទឹកប្រាក់១,៧ពាន់លានបាត ហើយរំពឹងថានឹងកើនដល់៦ពាន់លានបាតនៅដំណាច់ឆ្នាំ២០១៩ ដោយកើនឡើងជាងទ្វេដងបើធៀបជាមួយនឹងឆ្នាំមុន៕