អ្នក​វិនិយោគ​ចិន​នៅតែ​បន្ត​ទិញ​អចលនទ្រព្យ​នៅ​ទីក្រុង​បាងកក​បើ​ទោះ​មាន​ឱនភាព​សេដ្ឋកិច្ច​

0

ប្រែ​សម្រួល​ដោយ​ យុទ្ធ​

បាងកក​៖ អ្នក​វិនិយោគ​ចិន​នឹង​បន្ត​ទិញ​អចលនទ្រព្យ​នៅ​ទីក្រុង​បាងកក​ ទោះបី​មានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ខ្លួន​ ដែល​ទំហំ​ធំ​ជាង​​គេ​បំផុត​របស់​អាស៊ី​ នៅ​កំឡុង​ពេល​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ក៏ដោយ​។ នេះ​តាម​យោង​តាម​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ Noble​ Development​ Plc​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​។

លោក​ Thongchai​ Busrapan​ ប្រធាន​ក្រុមហ៊ុន​ Noble​ Development​ Plc​ ដែល​ត្រូវ​បាន​ដកស្រង់​សម្ដី​ចេញពី​កាសែត​​បាងកក​ប៉ុស្តិ៍​កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ឲ្យដឹង​ថា​ គោលបំណង​ក្នុង​ការ​ធ្វើ​ពិពិធ​កម្មការ​វិនិយោគ​ ដោយ​មិន​ប្រើប្រាស់​ប្រាក់​យន់​ និង​ការ​បង្កើន​ជើងហោះហើរ​ជាមួយនឹង​ទីក្រុង​បាងកក​ នឹង​គាំទ្រ​ដល់​តម្រូវ​ការ​អល​ចលនទ្រព្យ​។

លោក​បន្ត​ថា​ “ទីផ្សារ​របស់​យើង​គឺ​តូច​ បើ​ធៀប​នឹង​តម្រូវការ​ដ៏​ច្រើន​ពី​ប្រទេស​ចិន​”។ លោក​បន្ថែម​ថា​ “ ទីក្រុង​បាងកក​បាន​ក្លាយជា​ផ្ទះ​ទីពីរ​សម្រាប់​ពលរដ្ឋ​ចិន​ជាច្រើន​”។

យោង​តាម​ទស្សនៈ​ក្រុមហ៊ុន​Noble​ ឲ្យដឹង​ថា​ ការ​កើនឡើង​ហួសប្រមាណ​នៃ​ចំនួន​ខុន​ដូ​ និង​ច្បាប់​ផ្តល់​ប្រាក់កម្ចី​កាន់តែ​តឹងរ៉ឹង​ កំពុង​បង្កើត​ជម្រើស​ជាច្រើន​ក្នុង​ទីផ្សារ​សម្រាប់​អ្នកទិញ​នៅ​ទីក្រុង​បាងកក​ ខណៈ​សេដ្ឋកិច្ច​ថៃ​កំពុង​ចុះ​ខ្សោយ​។ សន្ទស្សន៍​ភាគហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ថៃ​ បាន​ធ្លាក់ចុះ​ប្រហែល១០ភាគរយ​កាលពី​ឆ្នាំមុន​ក្នុង​ទីផ្សារ​ទាំងមូល​។

ក្រុម​អ្នកវិភាគ​ក្រុមហ៊ុន​ Citigroup​ លោក​ Sureeporn​ Sirisansaneeyawong​ និង​លោក​ Kritapas​ Siripassorn​ បាន​ថ្លែង​ថា​ ក្តី​កង្វល់​នៅតែ​បន្ត​កើតមាន​ចំពោះ​ស្ថានភាព​ដែល​មិនសូវ​មាន​ភាព​អំណោយ​ផង​នេះ​ និង​ផល​ប៉ះពាល់​ទៅលើ​តម្រូវការ​ប្រាក់កម្ចី​។ ពួកគាត់​និយាយ​ថា​ ការវាយតម្លៃ​ភាគហ៊ុន​មើលទៅ​គួរ​ឱ្យ​ទាក់ទាញ​ ប៉ុន្តែ​ “មិន​មាន​កាតាលីករ​ណាមួយ​ជំរុញ​នៅឡើយ​ទេ​”។

ក្រុមហ៊ុន​ Noble​ បានឱ្យ​ដឹង​ថា​ ការ​លក់​ខុន​ដូ​នៅ​ត្រីមាស​ទី១​ របស់​ខ្លួន​ដល់​ជនបរទេស​បាន​កើនឡើង​ដល់​ទំហំ​ទឹកប្រាក់​១​,៧ពាន់​លាន​បាត​ ហើយ​រំពឹង​ថា​នឹង​កើន​ដល់៦ពាន់​លាន​បាត​នៅ​ដំណាច់ឆ្នាំ២០១៩​ ដោយ​កើនឡើង​ជាង​ទ្វេដង​បើ​ធៀប​ជាមួយនឹង​ឆ្នាំមុន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here