ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រសួងបរិស្ថានបានផ្តួចផ្តើម ឱ្យមានការចូលរួមពីវិស័យឯកជន ផ្តោតលើការកសាងទំនើបកម្មបច្ចេកវិទ្យា ដើម្បីជួយគាំទ្រការគ្រប់គ្រងវិស័យបរិស្ថានបន្ថែមទៀត។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកសាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទទួលជួបពិភាក្សាបច្ចេកទេសកម្រិតខ្ពស់ ជាមួយគណៈប្រតិភូក្រុមហ៊ុន សាធារណរដ្ឋប្រជាមានិតចិនចំនួន៧ក្រុមហ៊ុន ដឹកនាំដោយលោកស្រី Huang Zhiru ប្រធានចាត់ការទូទៅក្រុមហ៊ុន Guangxi Spacetime Information Co., Ltd. នៅទីស្តីការក្រសួងបរិស្ថាន។
គោលបំណងនៃជំនួបពិភាក្សា គឺដើម្បីជំរុញការអនុវត្តខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដែលបានចុះហត្ថាលេខាដោយភាគីទាំង២ នៅខែមីនា ២០២៦កន្លងមក ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស កសាងទំនើបកម្មវិស័យបរិស្ថានកម្ពុជា ពិសេសគឺផ្តោតទៅលើ ការបណ្តុះបណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធAI ក្នុងការគ្រប់គ្រង់ធនធានធម្មជាតិ និង វិស័យបរិស្ថានផងដែរ។

លោករដ្ឋលេខាធិការប្រចាំការ បានឯកភាពលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា នៃសាធារណរដ្ឋប្រជាមានិតចិន(Satellite, Drone and Smartphone) រួមបន្ថែមដោយបញ្ញាសិប្បនិមិត្ត (AI)លើការតាមដានបម្រែបម្រួលធនធានធម្មជាតិ ការបំពុលទឹក ការទុកដាក់សំរាមសំណល់រឹង និងការគ្រប់គ្រងធនធានតំបន់ឆ្នេរផងដែរ។
ជាងនេះទៀត លោកបានលើកជាសំណូមពរ ទៅសមភាគីចិនៈ
១ ចំពោះការរៀបចំគម្រោងគំរូ ដោយផ្តើមចេញពីខេត្តកោះកុងជាមុន ដោយត្រូវសិក្សាឱ្យមានជាផែនទីបង្ហាញ សម្រាប់ធ្វើបច្ចុប្បន្នភាពទៅលើការងារមួយចំនួន ដែលក្រសួងបរិស្ថានបាននឹងកំពង់អនុវត្តន៍ស្រាប់
២ សំណូមពរឱ្យមានរៀបចំជា(MoU)ដោយទ្បែកមួយ លើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ចូលរួមក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិ៕








