ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋសភាបាននិងកំពុងចាប់ផ្តើមពិនិត្យ សិក្សាសេចក្ដីព្រាងច្បាប់ចំនួន៣ ដើម្បីទាក់ទាញ និងការពារការវិនិយោគទុននៅក្នុង និងក្រៅប្រទេស ដើម្បីបង្កើនការវិនិយោគក្នុងប្រទេសកម្ពុជា។
យោងតាមកិច្ចប្រជុំរវាងគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល នៅថថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ចំនួន៣ រួមមាន សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសស្តីពី ការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េតស្តីពី ការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
-->
លោកជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានឲ្យដឹងថា សេចក្តីព្រាងខាងលើ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងប្រទេសជាមិត្តអោយកាន់តែទូលំទូលាយឡើង ព្រមទាំងជាយន្តការមួយ ដើម្បីទាក់ទងទៅនឹងលំហូរទុនវិនិយោគរវាងប្រទេសកម្ពុជា និងអន្តរជាតិ។
លោកបន្តថា “សេចក្តីព្រាងទាំងបីនោះ ក៏នឹងផ្តល់នូវការធានាផ្លូវច្បាប់ដល់ការវិនិយោគបរទេស ដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយអ្នកវិនិយោគកម្ពុជា ដែលចេញទៅរកស៊ីនៅក្នុងប្រទេសដៃគូ ដោយឈរលើមូលដ្ឋានស្មើភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក”។
លោកបន្ថែមថា ភាគីជាប់កិច្ចសន្យាជាម្ចាស់ផ្ទះ ក៏មានភារកិច្ចផ្តល់នូវប្រព្រឹត្តិកម្មត្រឹមត្រូវ ស្មើភាព ដើម្បីអ្នកវិនិយោគដែលកំពុងវិនិយោគលើទឹកដីរបស់ខ្លួន ទទួលបាននូវការការពារ និងសន្តិសុខពេញលេញ ព្រមទាំងមិនធ្វើឲ្យខូចប្រយោជន៍ ដល់ការគ្រប់គ្រង ការថែរក្សា ការប្រើប្រាស់ ការទទួលផល និងការចាត់ចែងការវិនិយោគដោយវិធានការមិនសមហេតុផល ឬរើសអើងពីភាគីណាមួយឡើយ។
ប្រធានគណៈកម្មការវិនិយោគនៃរដ្ឋសភាលោក ជា វ៉ាន់ដេតបានឯកភាពទាំងស្រុងលើខ្លឹមសារសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានតាក់តែងសេចក្តីព្រាងច្បាប់ទាំងបីនេះឡើង ក៏ដូចជាបានខិតខំបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ដើម្បីចុះកិច្ចព្រមព្រៀងនានា ក្នុងការជំរុញនិងទាក់ទាញអ្នកវិនិយោគបរទេស ចូលមកកម្ពុជាអោយកាន់ច្រើន។
ប្រធានគណៈកម្មការជំនាញរូបនេះបានបញ្ជាក់ថា នឹងបញ្ជូនសេចក្ដីព្រាងច្បាប់ទាំងបីខាងលើ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ៕



