រដ្ឋសភា​ពិនិត្យ​សេចក្ដីព្រាង​ច្បាប់​ចំនួន៣​ ដើម្បី​ទាក់ទាញ​និង​ការពារ​អ្នក​វិនិយោគ​បរទេស​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋសភា​បាន​និង​កំពុង​ចាប់ផ្តើម​ពិនិត្យ​ សិក្សា​សេចក្ដីព្រាង​ច្បាប់​ចំនួន៣​ ដើម្បី​ទាក់ទាញ​ និង​ការពារ​ការ​វិនិយោគទុន​នៅក្នុង​ និង​ក្រៅប្រទេស​ ដើម្បី​បង្កើន​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​។

យោង​តាម​កិច្ចប្រជុំ​រវាង​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ និង​តំណាង​រាជរដ្ឋាភិបាល​ នៅ​ថថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០១៩​ បាន​ឲ្យដឹង​ថា​ សេចក្តី​ព្រាងច្បាប់​ចំនួន៣​ រួមមាន​ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់ក្លាដេស​ស្តី​ពី​ ការជំរុញ​ និង​ការ​ការពារ​ទៅវិញ​ទៅមក​នៃ​វិនិយោគ​ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សហភាព​អារ៉ាប់​អេ​មី​រ៉េ​តស្តី​ពី​ ការជំរុញ​ និង​ការ​ការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​ និង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​កគី​ ស្តី​ពី​ការជំរុញ​ និង​ការ​ការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។

លោក​ជិន​ ប៊ុ​នស៊ាន​ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC​)បាន​ឲ្យដឹង​ថា​ សេចក្តី​ព្រាង​ខាងលើ​ មាន​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ជា​មិត្ត​អោយ​កាន់តែ​ទូលំទូលាយ​ឡើង​ ព្រមទាំង​ជា​យន្តការ​មួយ​ ដើម្បី​ទាក់ទង​ទៅ​នឹង​លំហូរ​ទុន​វិនិយោគ​រវាង​ប្រទេស​កម្ពុជា​ និង​អន្តរជាតិ​។

លោក​បន្ត​ថា​ “សេចក្តី​ព្រាង​ទាំង​បី​នោះ​ ក៏​នឹង​ផ្តល់​នូវ​ការធានា​ផ្លូវច្បាប់​ដល់​ការ​វិនិយោគ​បរទេស​ ដែល​ចូល​មក​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​អ្នក​វិនិយោគ​កម្ពុជា​ ដែល​ចេញទៅ​រកស៊ី​នៅក្នុង​ប្រទេស​ដៃគូ​ ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព​ និង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​”។

លោក​បន្ថែម​ថា​ ភាគី​ជាប់​កិច្ចសន្យា​ជា​ម្ចាស់ផ្ទះ​ ក៏​មាន​ភារកិច្ច​ផ្តល់​នូវ​ប្រព្រឹត្តិ​កម្ម​ត្រឹមត្រូវ​ ស្មើភាព​ ដើម្បី​អ្នក​វិនិយោគ​ដែល​កំពុង​វិនិយោគ​លើទឹក​ដី​របស់​ខ្លួន​ ទទួល​បាន​នូវ​ការ​ការពារ​ និង​សន្តិសុខ​ពេញលេញ​ ព្រមទាំង​មិន​ធ្វើឲ្យខូច​ប្រយោជន៍​ ដល់​ការគ្រប់គ្រង​ ការ​ថែរក្សា​ ការប្រើ​ប្រាស់​ ការ​ទទួលផល​ និង​ការចាត់ចែង​ការ​វិនិយោគ​ដោយ​វិធានការ​មិន​សម​ហេតុផល​ ឬរើសអើង​ពី​ភាគី​ណាមួយ​ឡើយ​។

ប្រធាន​គណៈកម្មការ​វិនិយោគ​នៃ​រដ្ឋសភា​លោក​ ជា​ វ៉ាន់​ដេ​តបាន​ឯកភាព​ទាំងស្រុង​លើ​ខ្លឹមសារ​សេចក្តី​ព្រាងច្បាប់​ទាំង​បី​ខាងលើ​ និង​បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​ ដែល​បាន​តាក់តែង​សេចក្តី​ព្រាងច្បាប់​ទាំង​បី​នេះ​ឡើង​ ក៏ដូចជា​បាន​ខិតខំ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ជា​មិត្ត​ ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​នានា​ ក្នុង​ការជំរុញ​និង​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ ចូល​មក​កម្ពុជា​អោយ​កាន់​ច្រើន​។

ប្រធាន​គណៈកម្មការ​ជំនាញ​រូប​នេះ​បាន​បញ្ជាក់​ថា​ នឹង​បញ្ជូន​សេចក្ដីព្រាង​ច្បាប់​ទាំង​បី​ខាងលើ​ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ដើម្បី​សម្រេច​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ធ្វើការ​ពិភាក្សា​ និង​អនុម័ត​នា​ពេល​ខាងមុខ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here