វិស័យអាកាសចរណ៍​កម្ពុជា​ អាមេរិក​កំពុង​វិវត្តន៍​ប្រសើរ ​ខណៈ​ប្រទេស​នេះ​គ្រោង​ទាក់​ទាញ​ភ្ញៀវ​តាម​ផ្លូវ​អាកាស​៨លាន​នាក់​នៅ​ឆ្នាំ​ក្រោយ

ចែករំលែក

ដោយៈ ម៉ាលីនណា

     ភ្នំពេញៈ ទំនាក់ទំនងវិស័យអាកាសចរណ៍កម្ពុជា-សហរដ្ឋអាមេរិក បានបង្ហាញពីភាពវិជ្ជមានកាន់តែខ្លាំង។

ភាពវិជ្ជមាន និងសុទិដ្ឋិនិយមនេះ កើតមានបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បង្កើននូវប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់ខ្លួនក្នុងការបញ្ជាទិញយន្តហោះរបស់អាមេរិកBoeing ចំនួន១០គ្រឿង និងការវិនិយោគរបស់សាជីវកម្មហិរញ្ញវត្ថុ អភិវឌ្ឍន៍សហរដ្ឋអាមេរិក(DFC) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ(KTI)កាលពីពេលថ្មីៗនេះ។

យោងតាមបណ្តាញសង្គមផ្លូវការ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីសប្តាហ៍មុនបានឱ្យដឹងថា ភារធារីស្ថានទូតអាមេរិកនៅភ្នំពេញ លោកស្រី Aleks Zittle បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអាកាសចរណ៍រវាងសហរដ្ឋអាមេរិក និងកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ស្ថានទូតបានបន្តថា ក្នុងជំនួបនេះ មានការពិភាក្សាគ្នាពីការបញ្ជាទិញយន្តហោះរបស់ក្រុមហ៊ុនអាមេរិក Boeing 737 Max ចំនួន១០គ្រឿង ដែលមានតម្លៃប្រមាណ៣,២ពាន់លានដុល្លារ ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ជាតិAir Cambodia ការវិនិយោគចំនួន១០០ លានដុល្លាររបស់សាជីវកម្មហិរញ្ញវត្ថុ អភិវឌ្ឍន៍សហរដ្ឋអាមេរិក(DFC) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងផែនការរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងភស្តុភារនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងពិភាក្សាពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញាCape Town។

ស្ថានទូតបញ្ជាក់ថា ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរ។ ចាប់ពីយន្តហោះដែលផលិតនៅសហរដ្ឋអាមេរិក និងការវិនិយោគរបស់អាមេរិក រហូតដល់ការពង្រីកសមត្ថភាពកម្ពុជា ក្នុងវិស័យអាកាសចរណ៍ និងភស្តុភារ កិច្ចសហប្រតិបត្តិការ ដែលកំពុងរីកចម្រើនរបស់យើង កំពុងបង្កើតឱកាសថ្មីៗ និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែង ដល់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជាដូចគ្នា។

យោងតាមទិន្នន័យរបស់SSCA បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦ ចំនួនជើងហោះហើរចេញ-ចូលឆ្លងកាត់អាកាសយានដ្ឋានអន្តជាតិទាំង ៣ (KTI, SAI និងKOS) មានចំនួន៣៧,២៤៨ ជើង ថយចុះ១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ចំណែកអ្នកដំណើរតាមផ្លូវអាកាស មានចំនួន៣,៧១លាននាក់ ថយចុះ៩% និងបរិមា ណទំនិញឆ្លងកាត់៥៧,១០២ តោន កើនឡើង២១%។

នៅកម្ពុជាបច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ ធ្វើប្រតិបត្តិការសរុប៣៣ ក្នុងនោះក្រុមហ៊ុនជាតិ៤ និងអន្តរជាតិ២៩។

រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលលោក ម៉ៅ ហាវណ្ណាល់កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានលើកឡើងថា វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា កំពុងបោះជំហានយ៉ាងមុតមាំឆ្ពោះទៅរក “របត់ថ្មីនៃទំនើបក្នុងចក្ខុវិស័យប្រែក្លាយកម្ពុជា ជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងតំបន់(Regional Aviation Hub)។

លោកបញ្ជាក់ថា “ដើម្បីសម្រេចចក្ខុវិស័យនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកំណត់គោលដៅជំរុញការទទួលអ្នកដំណើរតាមផ្លូវអាកាស តាមរយៈអាកាសយានដ្ឋានទាំង៤នៅកម្ពុជា(អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀម​រាប-អង្គរ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ឱ្យបាន៨លាននាក់ និងទំនិញ១១២ពាន់តោន នៅក្នុងឆ្នាំ២០២៧ខាងមុខ៕


ចែករំលែក