ក្រុមហ៊ុនធំៗ​ជាច្រើន​របស់​ចិន​ចាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​មួយ​ចំនួន​នៅ​ខេត្តត្បូងឃ្មុំ​

ចែករំលែក

ដោយៈ ម៉ាណា

   ត្បូងឃ្មុំៈ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ លោកប៉ែន កុសល្យ បានដឹកនាំកិច្ចប្រជុំជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនចិនជាច្រើន ដែលចាប់អារម្មណ៍សិក្សាឱកាសវិនិយោគនៅក្នុងខេត្តមួយនេះ។ ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបានចូលរួក្នុងជំនួបនោះរួមមាន ក្រុមហ៊ុនShijiazhuang Hongray Group Co., Ltd. និងក្រុមហ៊ុន Hebei Yulei Construction Engineering Co., Ltd. សម្របសម្រួលដោយលោក គង់ ពុទ្ធារ៉ា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំទីក្រុងប៉េកាំង ដើម្បីសិក្សាអំពីឱកាសវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ នៅក្នុងភូមិសាស្ត្រខេត្ត(រោងចក្រផលិតស្រោមដៃពេទ្យ)។

កិច្ចជំនួបនេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ សេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ខេត្តត្បូងឃ្មុំ ដែលជាខេត្តមានសក្តានុពលសេដ្ឋកិច្ចខ្ពស់លើវិស័យសំខាន់ៗចំនួនបី គឺសេវាកម្ម (៣៦,៧%) ឧស្សាហកម្ម (៣៣,១%) និងកសិកម្ម (៣០,២%)។

ខេត្តត្បូងឃ្មុំ មានទីតាំងភូមិសាស្ត្រអំណោយផល ដោយមានព្រំប្រទល់ជាប់ប្រទេសវៀតណាម និងមានច្រកទ្វារព្រំដែនសរុបចំនួន៧។ បន្ថែមពីនេះ ខេត្តមានបណ្តាញផ្លូវជាតិសំខាន់ៗចំនួន៥ខ្សែ ប្រវែងសរុប២៦១,១ គីឡូម៉ែត្រ ដែលសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើពាណិជ្ជកម្មឆ្លងដែនយ៉ាងសកម្ម៕


ចែករំលែក