ដោយៈ និស្ស័យ
ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន RENTAS HOLDING SDN. BH. ដឹកនាំដោយ Dato Abdul Halim ប្រធានក្រុមហ៊ុន។
ក្រុមហ៊ុន RENTAS HOLDINGS SDN. BHD. គឺជាក្រុមហ៊ុនឯកជនដែលបានបង្កើត និងចុះបញ្ជីនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០២៥ ដែលមានកម្មវត្ថុអាជីវកម្មផ្តោតសំខាន់ លើការធ្វើពាណិជ្ជកម្ម និងចែកចាយស្ករ ក្នុងទីផ្សារម៉ាឡេស៊ី និងមានគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហការអន្តរជាតិ។
បន្ទាប់ពីមតិស្វាគមន៍របស់លោកអគ្គលេខាធិការ Dato Abdul Halim បានជម្រាបជូនពីការកត់សម្គាល់ឃើញ នូវភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងសក្តានុពលខ្ពស់ក្នុងការវិនិយោគ។
ទន្ទឹមនេះ Dato Abdul Halim បានឱ្យដឹងថា គោលបំណងនៃការជួបពិភាក្សានាពេលនេះ គឺដើម្បីទទួលបាននូវព័ត៌មានលម្អិតពាក់ព័ន្ធនឹងបរិស្ថានវិនិយោគ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនមានចំណាប់អារម្មណ៍ បណ្តាក់ទុនវិនិយោគលើការផលិតស្ករ កែច្នៃស្រូវ និងកែច្នៃស្វាយចន្ទី។
លោកជា វុទ្ធីបានសម្តែងនូវការគាំទ្រ ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនគិតគូរវិនិយោគបង្កើតរោងចក្រកែច្នៃស្វាយចន្ទី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឯកទេសឧស្សាហកម្មកែច្នៃស្វាយចន្ទី ស្ថិតនៅខេត្តកំពង់ធំ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលបំណងលើកកម្ពស់ខ្សែច្រវាក់តម្លៃ ឧស្សាហកម្មកែច្នៃស្វាយចន្ទី និងទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីឧស្សាហកម្មកែច្នៃស្វាយចន្ទីនេះ។
ជាមួយគ្នានេះ លោកអគ្គលេខាធិការ បានបញ្ជាក់ពីការត្រៀមខ្លួនរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុន ក្នុងករណីក្រុមហ៊ុនសម្រេចបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕






