បណ្តា​អ្នក​អភិវឌ្ឍន៍​ងាក​ទៅ​ពង្រីក​ការសាងសង់​សណ្ឋាគារ​បែប​អាផាតមុិន ​ខណៈ​តម្រូវ​ការ​កើន​​ឡើង​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេសរបស់ប្រទេសជប៉ុនកំពុងលើកទឹកចិត្តអ្នកអភិវឌ្ឍន៍ និងក្រុមហ៊ុនសណ្ឋាគារឱ្យពង្រីកសណ្ឋាគារបែបអាផាតមុិន (Apartment hotel)ដែលផ្តល់ជូនបន្ទប់ធំៗ ផ្ទះបាយ និងការស្នាក់នៅយូរជាងសណ្ឋាគារធម្មតា។

ប្រទេសជប៉ុនបានស្វាគមន៍ភ្ញៀវទេសចរជាង ៤២ លាននាក់ក្នុងឆ្នាំ ២០២៥ ខណៈដែលការស្នាក់នៅកម្សាន្តជាមធ្យមបានកើនឡើងដល់៧យប់ កើនឡើងពី៦យប់ក្នុងឆ្នាំ២០១៩។ និន្នាការស្នាក់នៅយូរជាងមុនកំពុងគាំទ្រដល់តម្រូវការសម្រាប់សណ្ឋាគារអាផាតមុិន។

សម្រាប់វិនិយោគិន សណ្ឋាគារអាផាតមុិនអាចផ្តល់ផលចំណេញខ្ពស់ជាងអចលនទ្រព្យលំនៅដ្ឋាន ដោយត្រូវការទុនវិនិយោគតិចជាងសណ្ឋាគារទូទៅ។ ប្រតិបត្តិករអាចកែសម្រួលតម្លៃបន្ទប់ស្នាក់នៅបានយ៉ាងឆាប់រហ័ស នៅពេលដែលអតិផរណាជំរុញឱ្យថ្លៃដើមកើនឡើង។

ក្រុមហ៊ុនធំៗមួយចំនួនកំពុងឈានជើងចូលទីផ្សារ។ ក្រុមហ៊ុន Mitsubishi Estate ក្រុមហ៊ុន Orix Hotels & Resorts ក្រុមហ៊ុន Daito Trust Construction និងក្រុមហ៊ុន Prime Life Technologies សុទ្ធតែបានបង្កើត ឬប្រកាសគម្រោងសណ្ឋាគារអាផាតមិននៅទីក្រុងតូក្យូ។

ជារួម ការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីផ្សារសណ្ឋាគារអាផាតមុិនរបស់ប្រទេសជប៉ុននាពេលបច្ចុប្បន្នបណ្តាលមកពីការកើនឡើងនៃភ្ញៀវទេសចរបរទេស និងការស្នាក់នៅយូរជាងមុន៕


ចែករំលែក