ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា ជនបរទេសដែលផ្លាស់ទីលំនៅទៅកាន់ទីក្រុងហុងកុងកំពុងជំរុញតម្រូវការលំនៅឋានប្រណីត ដោយតម្លៃជួលត្រូវបានគេរំពឹងថា នឹងកើនឡើង៥ភាគរយនៅឆ្នាំ២០២៦។
លោកស្រី Cathie Chung នាយិកាស្រាវជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុន JLL Hong Kong បានអះអាងថា «មូលនិធិ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម និងធនាគារវិនិយោគជាច្រើនកំពុងពង្រីកអាជីវកម្មនៅទីក្រុងហុងកុង និងនាំយកបុគ្គលិកបរទេសជាច្រើនចូលមកក្នុងទីក្រុង»។
ជនបរទេសកំពុងវិលត្រឡប់មកទីក្រុងវិញ បន្ទាប់ពីមានភាពមិនប្រាកដប្រជាខាងនយោបាយអស់រយៈពេលជាច្រើនឆ្នាំ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្រូវការលំនៅឋានលំដាប់ខ្ពស់។
លោក Chung បានបញ្ជាក់បន្ថែមថា «តម្លៃជួលលំនៅដ្ឋានបានបំបែកកំណត់ត្រាអស់រយៈពេល១៩ខែជាប់ៗគ្នាមកហើយ ហើយយើងរំពឹងថា តម្លៃជួលលំនៅឋាននឹងកើនឡើងបន្ថែមទៀត»។
ការរំពឹងទុកចំពោះកំណើន៥ភាគរយមានន័យថា តម្លៃជួលផ្ទះប្រណីតកំពុងកើនឡើងលឿនជាងមុន ទោះបីជាទីផ្សារអចលនទ្រព្យទូទៅរបស់ហុងកុងមិនទាន់ងើបឡើងវិញនៅឡើយ។
ក្រុមហ៊ុន Centaline Property បានអះអាងថា ការលក់អចលនទ្រព្យសរុបរបស់ទីក្រុងហុងកុងត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែសីហា ដល់កម្រិតទាបបំផុតក្នុងរយៈពេល១៨ខែ ៕







