ដំណឹងល្អៈ ​ក្រុមហ៊ុន​ចិន​មក​ពីស្ថាប័ន​ចំនួន២៥ ​សិក្សាពី​កាលានុវត្ត​ភាព​យុទ្ធសាស្ត្រ​ និង​ការបោះ​ទុន​វិនិយោគ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា

ចែករំលែក

ដោយៈ គង់ សួរិយា

   ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច និងវិនិយោគពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន២៥ស្ថាប័ន។

ភាគីចិនដឹកនាំដោយលោកបណ្ឌិត Wang Boyong អនុប្រធាន និងជាអគ្គលេខាធិការនៃ វិទ្យាស្ថានចិនសម្រាប់នវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (CIIDS)។ ជំនួបនាឱកាសនេះ ប្រព្រឹត្តទៅដោយមានការសម្របសម្រួលពី សមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ឱ្យបានលម្អិតអំពី “កាលានុវត្តភាពយុទ្ធសាស្ត្រ និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា”។

សមាសភាពចូលរួមអម លោកឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបនាឱកាសនេះរួមមាន លោកជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. , ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

CIIDS គឺជាវិទ្យាស្ថានស្រាវជ្រាវ និងគោលនយោបាយ (Think Tank) ដ៏លេចធ្លោមួយ មានទីស្នាក់ការនៅក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ CIIDS ផ្តោតការសិក្សាស្រាវជ្រាវលើការអភិវឌ្ឍ និងការច្នៃប្រឌិត ស្វែងយល់ និងគាំទ្រដល់មាគ៌ានៃការអភិវឌ្ឍ ប្រកបដោយសន្តិភាពរបស់ប្រទេសចិន (China’s path to peaceful development) ក៏ដូចជាផ្តល់នូវការប្រឹក្សាយោបល់ផ្នែកគោលនយោបាយ និងការគាំទ្រផ្នែកបញ្ញាញាណដល់រដ្ឋាភិបាលចិន។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ក្នុងគោលបំណងពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់របស់ខ្លួន។

លោកស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីបរិយាកាសវិនិយោគប្រកបដោយអំណោយផលរបស់កម្ពុជា រួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់វិនិយោគថ្មីដែលផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តខ្ពស់ ព្រមទាំងកម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាព និងទីតាំងភូមិសាស្រ្តដែលអំណោយផល។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ ដោយបាននិងកំពុងដាក់ចេញនូវវិធានការ ក៏ដូចជាយន្តការថែទាំវិនិយោគ ប្រកបដោយប្រសិទ្ធភាព និងភាពបុរេសកម្មជាបន្តបន្ទាប់។

ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីគំនិតផ្តួចផ្តើមថ្មីគឺកម្មវិធី “Open Day with DPM” ដែលកម្មវិធីផ្លូវការជាលើកដំបូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញា ស្អែកនេះ។

តាមរយៈជំនួបពិភាក្សានេះ គណៈប្រតិភូធុរកិច្ច និងវិនិយោគ ទទួលបានឱកាស ក្នុងការជម្រាបជូនអំពីបច្ចុប្បន្នភាព នៃប្រតិបត្តិការអាជីវកម្ម ជំនាញឯកទេស ព្រមទាំងទស្សនវិស័យ និងគម្រោងផែន​ការក្នុងការជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់។

បន្ថែមពីនេះ គណៈប្រតិភូក៏បានលើកឡើង នូវសំណួរបច្ចេកទេសមួយចំនួន ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ ដើម្បីគោរពស្នើសុំការតម្រង់ទិស និងការពន្យល់បកស្រាយពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី។

ជាកិច្ចឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវការបកស្រាយយ៉ាងលម្អិត ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ អំពីគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងកិច្ចសម្រួលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ លើកាលានុវត្តភាពវិនិយោគតាមវិស័យអាទិភាព។

ជាមួយគ្នានោះ គណៈប្រតិភូធុរកិច្ច និងវិនិយោគ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងការគោរពកោតសរសើរជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួប និងផ្តល់នូវអនុសាសន៍ណែនាំដ៏មានសារៈសំខាន់ ព្រមទាំងបានសម្តែងនូវទំនុកចិត្តយ៉ាងមុតមាំ ចំពោះសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការឈានទៅសម្រេចបាន នូវកិច្ចសហប្រតិបត្តិការវិនិយោគជាក់ស្តែងនាពេលខាងមុខ៕


ចែករំលែក