ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Bakuramutsa NKUBITO MANZI ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរវ៉ាន់ដាប្រចាំ កម្ពុជា ព្រមទាំងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកឯកអគ្គរដ្ឋទូត និងសហការី។ ក្នុងឱកាសនោះ លោកជា វុទ្ធីបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគី សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើនភាពធន់ និងទាក់ទាញរំហូរវិនិយោគប្រកបដោយគុណភាព។
ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការ ក៏បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោរបស់រ៉្វាន់ដា ក្នុងការធ្វើពិពិធកម្ម និងបំប្លែងទម្រង់សេដ្ឋកិច្ច ការជំរុញការវិនិយោគ ព្រមទាំងការអភិវឌ្ឍវិស័យឯកជន ដើម្បីជាមូលដ្ឋាន ក្នុងការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍ល្អៗទៅវិញទៅមក។
ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរ យោបល់លើលទ្ធភាពនៃការរៀបចំ អនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង Rwanda Development Board – RDB ដើម្បីបង្កើតជាក្របខ័ណ្ឌគតិយុត្តរួមមួយ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការទាក់ទាញការវិនិយោគ ការសម្របសម្រួលធុរកិច្ច និងការតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានបង្ហាញ នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតីមិត្តភាព ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក សំដៅប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕







