ដោយៈ គង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំបុរីវិមាន សំណាងបានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ “វេទិកាជួបជុំមហាគ្រួសារអ្នកវិនិយោគ ក្នុងវិស័យមូលបត្រកម្ពុជាប្រចាំឆ្នាំ២០២៦” ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ជាមួយការគាំទ្រយ៉ាងច្រើនលើសលុបលើភាគហ៊ុន IPO របស់ បុរី វិមានសំណាង។
នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ “វេទិកាជួបជុំមហាគ្រួសារអ្នកវិនិយោគ ក្នុងវិស័យមូលបត្រកម្ពុជាប្រចាំឆ្នាំ២០២៦” ដែលជាជំនួបកំពូលប្រចាំឆ្នាំដ៏ធំជាងគេ ក្នុងវិស័យមូលបត្រនៅកម្ពុជា ត្រូវបានរៀបចំឡើងដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការចូលរួមយ៉ាងកុះករពីសំណាក់អ្នកវិនិយោគ ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុ និងអ្នកជំនាញជាន់ខ្ពស់ជាច្រើនរូប។
លោកជំទាវគង់ សំណាង អគ្គនាយិកាបុរីវិមានសំណាងមានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ ត្រូវបានប្រពឹត្តទៅក្រោមអធិបតីភាព និងការចូលរួមជាកិត្តិយសពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកជំនាញក្នុងឧស្សាហកម្មរួមមាន៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង : ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក។ លោកជំទាវឧកញ៉ា គង់ សំណាង : អគ្គនាយិកា នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក។ កញ្ញា គីម សំណាងជូលី : អភិបាលមិនប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក។
លោកបណ្ឌិត ព្រំ វិសុទ្ធ : នាយកប្រតិបត្តិ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា លោក ថៃ ញ៉ា : នាយកប្រតិបត្តិ ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា លោកស្រី មាស ដាវី : ប្រធានភ្នាក់ងារជួញដូរមូលបត្រ នៃក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក។
លោកជំទាវបន្តថា ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពេញដោយផ្លែផ្កានេះ អ្នកចូលរួមជាង២,០០០ នាក់ទទួលបានឱកាសមួយចំនួនដូចជា ទី១ វិភាគ និងស្វែងយល់ស៊ីជម្រៅ៖ បង្កើនសមត្ថភាពវិភាគទីផ្សារ និងចាប់យកឱកាសវិនិយោគលើភាគហ៊ុន ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព។
ទី២ ពិភាក្សាផ្ទាល់ជាមួយអ្នកជំនាញ៖ ផ្លាស់ប្តូរទស្សនទាន និងយុទ្ធសាស្ត្រវិនិយោគ ជាមួយថ្នាក់ដឹកនាំស្ថាប័នមូលបត្រ និងពាណិជ្ជករឈានមុខ។
បង្កើតបណ្តាញទំនាក់ទំនង (Networking) ភ្ជាប់ទំនាក់ទំនងធុរកិច្ច និងការវិនិយោគជាមួយមហាគ្រួសារអ្នកវិនិយោគទូទាំងប្រទេស។
ថ្លែងនៅក្នុងពិធីនេះផងដែរ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនវិនិយោគិនទាំងអស់ ដែលបានផ្តល់ទំនុកចិត្តយ៉ាងរឹងមាំ ដោយបានចូលរួមគាំទ្រ និងទិញភាគហ៊ុន IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក យ៉ាងច្រើនលើសលុប រហូតទទួលបានជោគជ័យហួសពីការរំពឹងទុក។
ជាមួយគ្នានេះដែរ លោក ថៃ ញ៉ា នាយកប្រតិបត្តិ ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា បានសម្តែងនូវការកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយលោកបានគូសបញ្ជាក់ថា៖ “ខ្ញុំពិតជាកោតសរសើរ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង យ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែង និងយុទ្ធសាស្ត្រផ្សព្វផ្សាយយ៉ាងសកម្ម ដែលបានជំរុញឲ្យផ្សារមូលបត្រកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងធ្វើឲ្យសាធារណជនទូទៅ កាន់តែយល់ដឹងច្បាស់លាស់ពីវិស័យនេះ ចាប់តាំងពីក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានរៀបចំខ្លួនឡើងផ្សារមូលបត្រមក”៕









