ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅទីក្រុងហុងកុងត្រូវបានគេរំពឹងថា នឹងកើនឡើង ១៥ភាគរយនៅឆ្នាំនេះបើធៀបនឹងឆ្នាំមុន ខណៈដែលការដាក់លក់អចលនទ្រព្យថ្មីៗមានសន្ទុះកើនឡើង ហើយអ្នកទិញបានវិលត្រឡប់មកវិញ។
ជាមួយគ្នានេះ ទីផ្សារលំនៅឋានហុងកុងអាចសម្របខ្លួនទៅនឹងភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។
ទស្សនវិស័យវិជ្ជមានត្រូវបានជំរុញដោយការរំពឹងទុកថា ធនាគារក្នុងស្រុកនឹងមិនចាំបាច់ដំឡើងអត្រាការប្រាក់តាមការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve) នោះទេ។
លោក Dave Ma Tai-yeung នាយកប្រតិបត្តិក្រុមហ៊ុន Midland (ផ្នែកលំនៅឋាន) បានអះអាងថា៖ «ស្របពេលបរិយាកាសទីផ្សារប្រសើរឡើង អ្នកអភិវឌ្ឍន៍នឹងពន្លឿនការដាក់ឱ្យដំណើរការគម្រោងថ្មីៗ ហើយទីផ្សារលំនៅឋាននឹងបន្តងើបឡើងវិញ»។
យោងតាមទិន្នន័យរបស់ Midland ការលក់លំនៅឋានថ្មីបានងើបឡើងវិញដល់ចំនួន ១.១០០ យូនីតនៅខែសីហា បន្ទាប់ពីបានធ្លាក់ចុះរយៈពេល២ខែជាប់ៗគ្នា ដោយនៅសល់ត្រឹមតែជាង ៨០០ យូនីតប៉ុណ្ណោះនៅខែមិថុនា និងខែកក្កដា។
ទន្ទឹមនឹងនេះ ការលក់លំនៅឋានប្រភេទទី២ (second-hand) ក៏កំពុងមានស្ថិរភាពជាបណ្តើរៗផងដែរ។
លោក Ma បានព្យាករថា ការទិញលក់លំនៅឋានថ្មី (ពីម្ចាស់គម្រោងផ្ទាល់) នឹងកើនឡើង ៥០% ធៀបនឹងត្រីមាសមុន ដល់ចំនួន ៥.១០០ យូនីតនៅក្នុងត្រីមាសទី៤ ខណៈដែលការទិញលក់លំនៅឋានប្រភេទទី២ នឹងកើនឡើង ១០% ដល់ចំនួន ១២.៧០០ យូនីត៕







