ដោយ: សហសេវិក
អន្តរជាតិ: វិស័យបញ្ញាសិប្បនិម្មិត (AI) ទំនងជាមិនកាត់បន្ថយតម្រូវការការិយាល័យដែលមានគុណភាពខ្ពស់ (កម្រិត A) នៅក្នុងប្រទេសសិង្ហបុរីក្នុងកម្រិតធំនោះទេ។
ក្រុមហ៊ុន Cushman & Wakefield បានសិក្សាអំពីសេណារីយ៉ូដែលអាចកើតមានចំនួន ៤ ពាក់ព័ន្ធនឹង AI រហូតដល់ឆ្នាំ ២០៣០ រាប់ចាប់ពីកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លាដែលជំរុញដោយ AI រហូតដល់ការបាត់បង់ការងារក្នុងកម្រិតធំ។
នៅត្រឹមឆ្នាំ ២០៣០ អត្រាការិយាល័យទំនេរកម្រិត A នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) របស់សិង្ហបុរីអាចនឹងស្ថិតនៅក្នុងចន្លោះពី ១,៥% ទៅ ៤,៩% បើធៀបនឹង ៤,៤% នៅចុងឆ្នាំ ២០២៥។
តម្លៃជួលការិយាល័យកម្រិត A អាចនឹងកើនឡើង ៦,៥% ឬធ្លាក់ចុះ ២,៣% នៅត្រឹមឆ្នាំ ២០៣០ ដោយអាស្រ័យលើឥទ្ធិពលរបស់បច្ចេកវិទ្យា AI មកលើសេដ្ឋកិច្ច និងការងារ។ តម្លៃជួលបានកើនឡើង ២,២% នៅក្នុងឆ្នាំ ២០២៥។
បើទោះបីជាបច្ចេកវិទ្យា AI នឹងចូលមកជំនួសការងារដែលមានលក្ខណៈជាទម្លាប់មួយចំនួនយ៉ាងណាក្តី ក៏ការិយាល័យអាចនឹងកាន់តែមានសារៈសំខាន់សម្រាប់ការសហការដើម្បីបង្កើតគំនិតនវានុវត្តន៍ថ្មីៗ និងការជួបជាមួយអតិថិជន។
ចំណុចនេះអាចជំរុញនិន្នាការនៃការស្វែងរកការិយាល័យដែលមានគុណភាពខ្ពស់ (flight to quality) ដោយក្រុមហ៊ុននានានឹងផ្តល់អាទិភាពដល់ការិយាល័យដែលមានគុណភាពល្អជាង មានភាពទំនើប និងមានការតភ្ជាប់បានយ៉ាងល្អ។
ការិយាល័យកម្រិត A មានគុណសម្បត្តិដ៏សំខាន់មួយរួចជាស្រេច៖ តម្លៃជួលការិយាល័យកម្រិត A មានទំហំទឹកប្រាក់ខ្ពស់ជាងការិយាល័យកម្រិត B ចំនួន ៤៨% នៅឆ្នាំ ២០២៦ ដែលកើនឡើងពីកម្រិត ៣៤% ក្នុងឆ្នាំ ២០១៩។
ការផ្គត់ផ្គង់ថ្មីនៅមានកម្រិតក៏ជាកត្តាជួយគាំទ្រដល់ទីផ្សារការិយាល័យកម្រិត A ផងដែរ។ អត្រាការិយាល័យទំនេរកម្រិត A (មិនមានអ្នកជួល) ត្រូវបានរំពឹងថានឹងធ្លាក់ចុះមកនៅត្រឹម ៣,៧% នៅដំណាច់ឆ្នាំ ២០២៦ និងអាចធ្លាក់ចុះក្រោម ២% បន្ទាប់ពីឆ្នាំ ២០២៩។ តម្លៃជួលត្រូវបានព្យាករថានឹងកើនឡើង ៤,៨% នៅឆ្នាំ ២០២៦។
តួនាទីរបស់ប្រទេសសិង្ហបុរីក្នុងនាមជាមជ្ឈមណ្ឌលសម្រាប់បច្ចេកវិទ្យា សេវាកម្មវិជ្ជាជីវៈ និងឧស្សាហកម្មដែលផ្អែកលើចំណេះដឹង ត្រូវបានរំពឹងថានឹងជួយឱ្យទីផ្សារការិយាល័យរបស់ខ្លួនអាចសម្របខ្លួនទៅនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បាន៕







