ដោយ ស៊ីវ ម៉េង
ភ្នំពេញៈ ស្របពេលដែលក្រុមហ៊ុន Century21 បានផ្លាស់ប្រែលើការច្នៃប្រឌិត Trademark ថ្មីនៅទូទាំងពិភពលោក ក្រុមហ៊ុន Century21 Cambodiaដែលជាផ្នែកមួយនៃក្រុមហ៊ុនលំដាប់ពិភពលោកនេះបាន និងកំពុងពង្រីកឧត្តមភាពនៅលើទីផ្សារអចលនទ្រព្យកម្ពុជា យ៉ាងរ៉ឹងមាំចាប់តាំងពីឆ្នាំ ២០១៣មក។
តើក្រុមហ៊ុនលំដាប់អន្តរជាតិនេះអាចឈរជើង និងពង្រីកឧត្តមភាពរបស់ខ្លួនយ៉ាងដូចម្តេច លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានចំណាយពេល១៥នាទី ដើម្បីនិយាយពីរឿងនេះ ជាមួយអគ្គនាយក Propertyarea.asia ជាគេហទំព័រនាំមុខគេមួយនៅកម្ពុជា។
Property: ជាដំបូងចង់ឲ្យលោកស្រីនិយាយពីការឈានជើងចូលទីផ្សារ Century21 នៅកម្ពុជាចាប់ផ្តើមតាំងពីពេលណា? មានដំណើរការយ៉ាងដូចម្តេច?
-->
Grace: តាមពិតយើងបាននាំចូល Master Franchisor នៃក្រុមហ៊ុន Century21 មកកម្ពុជាតាំងពីឆ្នាំ២០១៣។ វាជាសិទ្ធិយីហោ (Master Franchisor) ប្រចាំនៅក្នុងប្រទេសកម្ពុជាក្នុងនាមជាប្រទេសទី៧៥ ដែលបានយក Master Franchisor ពីក្រុមហ៊ុននេះមកពីសហរដ្ឋអាមេរិក។ យើងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនានានៅកម្ពុជា។
មុនពេលក្រុមហ៊ុនលំដាប់ពិភពលោកនេះ សម្រេចផ្តល់ Master Franchisor មកកម្ពុជា ពួកគេ (ក្រុមហ៊ុនមេ) បានសិក្សារយៈពេល៦ខែទៅមួយឆ្នាំ លើប្រវត្តិរបស់អ្នកយកក្រុមហ៊ុននេះមក។ ពួកគេបានសិក្សាទៅលើ ទី១ មើលទៅលើមូលធន (Capital) ទៅលើសាច់ប្រាក់ (cash) ទី២ មើលទៅលើសមត្ថភាពមួយទៀត បទពិសោធន៍ ទី៣ មើលទៅលើកិត្តិនាម កេរ្តិ៍ឈ្មោះនៅក្នុងទីផ្សារអចលនទ្រព្យ។
Property: ហេតុអីបានជាក្រុមហ៊ុន VTRUST GROUP ចាំបាច់យកក្រុមហ៊ុននេះចូលមកកាន់ទីផ្សារកម្ពុជា?
Grace: អញ្ចឹងសួរថាហេតុអ្វីបានជានិមិត្តសញ្ញា ឬប្រេននេះមកកម្ពុជា? តាមការពិតប្រេនឆាយស៍ (Franchise) Century21 ជាក្រុមហ៊ុនដែលជាប់លំដាប់់ទី២១ ក្នុងចំណោមក្រុមហ៊ុន Franchise ល្បីឈ្មោះទាំង ១០០ នៅសហរដ្ឋអាមេរិក។
Century 21 បានបង្កើតឡើងក្នុងរយៈពេល ៤៧ឆ្នាំមកហើយ និងមានសាខា ៨២ប្រទេសនៅលើពិភពលោក។ ហេតុនេះយើងត្រូវតែយកក្រុមហ៊ុនណា ដែលមានកេរ្តិ៍ឈ្មោះ ហើយមានការទទួលស្គាល់នៅលើទីផ្សារ ជាពិសេសទីផ្សារពិភពលោក ពីព្រោះនៅក្នុងស្រុកខ្មែរយើង មិនមែនបំរើសេវាកម្មតែក្នុងស្រុកទេ យើងត្រូវតែសហការជាមួយប្រទេស ជិត ខាងយើង ឬក៏ប្រទេសនៅក្នុងពិភពលោកឲ្យគេស្គាល់យើង។

Property: បន្ទាប់ពីយកក្រុមហ៊ុននេះមក តើក្រុមហ៊ុននេះបានជួយលើកកំពស់វិស័យនេះនិងកេរ្តិ៍ឈ្មោះកម្ពុជាដូចម្តេចលើឆាកអន្តរជាតិ?
Grace: កាលមុនគេអត់សូវស្គាល់យើង យើងស្គាល់គេ ហើយទង់ជាតិយើងក៏គេអត់សូវស្គាល់ដែរ ប៉ុន្តែរាល់ថ្ងៃនេះគេមិនត្រឹមតែស្គាល់ទេ គេចង់មករកយើងបន្ថែមទៀត ដោយសារមានឱកាស។ ហេតុនេះហើយបានជាលោកគុយ វ៉ាត ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia បានសម្រេចិត្តយកវាមកជានិមិត្តសញ្ញា ឬជាប្រេនមួយដែលមានទំនុកចិត្តនៅក្នុងទីផ្សារ។
នៅក្នុងចំណោមទាំងអស់ហ្នឹង! មួយទៀតគឺហៅថា និមិញ្ញាកសាងទំនុកចិត្ត។ ទំនុកចិត្តហ្នឹងហើយ ដែលធ្វើអោយយើងមិនត្រឹមតែអាចរកអ្នកវិនិយោគ នៅក្នុងស្រុកបានទេ គឺអាចស្វែងរកនៅក្រៅប្រទេស ដើម្បីចាប់ដៃសហការនៅក្នុងស្រុកយើងបានបន្ថែមទៀត។ ពិតប្រាកដហើយនៅក្នុងទីផ្សារស្រុកខ្មែរ ប្រជាជនខ្មែរយើងចាប់ផ្តើមយល់កាន់តែច្បាស់ទាក់ទិនទៅនឹងនិមិត្តសញ្ញា នៅពេលដែលយើងផ្តល់សេវាកម្មអោយពួកគាត់ ដូចជា ក្រុមហ៊ុនយើងរាល់ថ្ងៃហ្នឹង។
ក្រុមហ៊ុននេះ បានពង្រីករហូតដល់ ២៣ការិយាល័យ ដែលអតិថិជនទាំងអ្នកទិញ និងអ្នកលក់ គាត់នឹងស្គាល់ថានិមិត្តសញ្ញារបស់ Century21 គឺជាក្រុមហ៊ុនដែលអាចផ្តល់នៅសេវាកម្មជាកញ្ចប់។

Property: តើអ្វីជាសេវាកម្មជាកញ្ចប់?
Grace: សេវាកម្មជាកញ្ចប់ យើងមានអ្វីខ្លះដែលជូនគាត់ (អតិថិជន) មានន័យថា យើងមិនត្រឹមតែជាភ្នាក់ងារអចលនទ្រព្យទិញលក់ និងជួលនោះទេ ប៉ុន្តែយើងផ្តល់សេវាជាកញ្ចប់ រួមមាន ទាំងការជួយធ្វើឯកសារតាមផ្លូវច្បាប់ កាត់ប្លង់ ណែនាំដល់កម្ចីជាមួយធនាគារ ដែលគាត់ (អតិថិជន) មិនចាំបាច់ឈឺក្បាល់ក្នុងការលើកទូរស័ព្ទ ឬបញ្ហាផ្សេងនោះទេ។
យើងជួយពិនិត្យលើទិដ្ឋភាពច្បាប់ ដូចជា ទី១ យើងពិនិត្យទៅលើប្លង់ ប្លង់ស្របច្បាប់ មានការកាត់ប្លង់ឈ្មោះគាត់ (អតិថិជន) ទី២ ជួយរៀបចំឯកសារដាក់ជូនមេធាវីដែលមានកុងត្រាស្របច្បាប់ កាត់បន្ថយហានិភ័យ ហើយជួយកាត់ប្លង់ជាមួយបណ្តាក្រសួងដែលពាក់ព័ន្ធ និងទី៣ អាចជួយរៀបចំកម្ចីជាមួយធនាគារ ។
ភាគច្រើនប្រជាជនខ្មែរយើង អត់ចេះរៀបចំឯកសារកម្ចីបានទេ ហើយឥឡូវនេះ ៩៨ភាគរយ បងប្អូនខ្មែរយើងទិញផ្ទះតាមកម្ចីធនាគារ ចឹងពួកយើងមានសេវាកម្មជាកញ្ចប់ ហើយបន្ទាប់មកផ្តល់សេវាកម្មតាំងពីដំណើរការនៃការលក់ រហូតដល់ចប់នៃការលក់ក៏នៅតែផ្តល់សេវាកម្មជូនអតិថិជនទាំងសងខាងផងដែរ។
នេះមិនមែនមានន័យថាយើងលក់ហើយ បានតែកម្រៃជាថវិកា ដែលជាសេវាកម្មរបស់យើងនោះទេ គឺយើងផ្តល់សេវាកម្មបន្ថែមរហូតដល់ចប់ដំណើរការបញ្ជាទិញឲ្យបានច្បាស់លាស់ ហើយមានទាំងកាត់ប្លង់នីមួយៗថែមទៀត។ ដូច្នេះម្ចាស់ ទ្រព្យ និងអ្នកទិញពេលខ្លះមិនចាំបាច់ខ្វល់ខ្វាយច្រើន ដែលគាត់ត្រូវលើកទូរស័ព្ទមួយថ្ងៃៗដែលមានការទាក់ទងមក ហើយម្ចាស់ទ្រព្យមិនចាំបាច់ដើរទៅគ្រប់ទីកន្លែងទៅភ្នំពេញ ឬទៅតាមបណ្តាខេត្តនោះទេ។
ដូច្នេះការមិនដឹងថា តើត្រូវមើលប្លង់ស្របច្បាប់ឬអត់មិនមែនជាបញ្ហាទេ គឺយើងជួយរៀបចំនិងផ្តល់ភាពកក់ក្តៅ និងអនុវត្តន៍តាមនិតិវិធីច្បាប់ជូនពួកគាត់។
Property: ចាប់់តាំងពីយក Master Franchiseមក តើអ្វីដែលក្រុមហ៊ុនមេផ្តល់ជូនCentury21 Cambodiaនៅទីនេះ?
Grace: ៥ចំណុចធំៗដែល Century21 នៅអាមេរិកផ្តល់ឲ្យយើង ដូចជា ទី១ និមិត្តសញ្ញា ឬប្រេនហ្នឹងហើយ ពីព្រោះយើងធ្វើការចុះបញ្ជីរនៅក្នុងស្រុក បន្ទាប់មកនៅពេលដែលយើងទៅស៊ីញ៉េ យើងអាចបំពាក់សេវាកម្មរបស់យើងជាមួយស្តង់ដារអន្តរជាតិ (International Rank) ទី២ ការបណ្តុះបណ្តាល ទោះបីជាយើងជាគ្រូបហ្វឹកក៏ដោយ ក៏ត្រូវមានការឆ្លងកាត់ការបណ្តុះបណ្តាលនៅទីស្នាក់កណ្តាល ទើបអាចបណ្តុះបណ្តាលភ្នាក់ងារនៅក្នុងស្រុកបាន។
ទី៣ Marketing Material គឺសំខាន់ ក្នុងការច្នៃប្រឌិតបំរើនៅក្នុងទីផ្សារ ដើម្បីឲ្យអតិថិជនរបស់យើងស្គាល់យើង។ ទី ៤ ប្រព័ន្ធបច្ចេកវិទ្យា ហើយប្រព័ន្ធបច្ចេកវិទ្យានេះ សំខាន់ក្នុងគ្រប់គ្រងអចលនទ្រព្យ ក្នុងការគ្រប់គ្រងភ្នាក់ងារ និងការ គ្រប់គ្រងទិន្ន័យ និងទី ៥ គឺជា Network នេះពិតជាមានសារៈសំខាន់ នៅពេលដែលយើងសញ្ញេកុងត្រាជាមួយ Century 21 ដែលជាប្រេនឆាយស៍នៅសហរដ្ឋអាមេរិកហើយ ឬអ្នកទិញ Franchise បន្តពីយើង គឺមានន័យថា ពួកគាត់មិនមែននៅម្នាក់ឯងទៀតទេ។
បើគាត់បើកក្រុមហ៊ុនក្នុងស្រុក គាត់ពិតជាម្នាក់ឯង ប៉ុន្តែនេះគាត់អាចភ្ជាប់ទំនាក់ទំនងជាមួយ ៨១ប្រទេស។ គាត់អាចទៅស្គាល់គេ គាត់ធ្វើការសហកាជាមួយបណ្តាប្រទេសផ្សេងៗដែលមានសមាជិក ព្រោះបើទៅនៅសហរដ្ឋអាមេរិកក៏ដោយ នៅជប៉ុនក៏ដោយ នៅចិនក៏ដោយ យើងហៅមួយមាត់គឺជាក្រុមគ្រួសារ ជា Family។ ចឹង Family ពេលចង់ទៅប្រទេសណា មួយ គាត់បើកទ្វាស្វាគមន៍យើង គាត់បើកសៀវភៅអោយយើងមើល គាត់សហការជាមួយយើង ដូចជា ក្រុមគ្រួសារមួយនៅក្នុងផ្ទះចឹងដែរ ។ នេះ Network នៅក្រៅប្រទេស។
Network មួយទៀត គឺបងៗដែលនៅក្នុងប្រទេសកម្ពុជា ដែលមានការលំបាកក្នុងការធ្វើដំណើរទៅប្រទេសអាមេរិក ទោះ បីមានលុយមិនប្រាកដទៅបាននោះទេ តែនៅពេលដែលពួកគាត់បានទិញ Franchise ពីយើង ពួកគាត់អាចទៅលេងសហរដ្ឋអាមេរិក ដោយមានការធានាចេញពីការិយាល័យកណ្តាល។ មានសំបុត្រអញ្ជើញពីការិយាល័យកណ្តាល គាត់អាចធ្វើដំណើរទៅប្រទេសហរដ្ឋអាមេរិក បានទាំងគ្រួរសារ ឬក៏អាចទៅកាន់ប្រទេសផ្សេងៗដែលមាន៨១ប្រទេសបាន។
Property: គិតចាប់តាំងពីឆ្នាំ២០១៣រហូត ដល់២០១៩ គឺមានរយៈពេល ៦ឆ្នាំ ក្រុមហ៊ុននេះបានមកកាន់ទីផ្សារកម្ពុជាមុនគេ ក្នុងនាមជាក្រុមហ៊ុនលំដាប់ពិភពលោក។ តើយើងបានបញ្ជ្រាបខ្លួនចូលទីផ្សារបានយ៉ាងម៉េច?
Grace: បន្ទាប់ពីចូលមកកម្ពុជា ហើយក្រុមហ៊ុនដែលបានទិញFranchiseទាំងអស់ ពួកគេបានចុះបញ្ជីការ ជាមួយអាជ្ញាធរក្នុងស្រុកដែលគេហៅថា ក្រសួងពាក់ព័ន្ធជាអ្វីដែលយើងត្រូវធ្វើ បើទោះបីជាវាជាក្រុមហ៊ុនប្រែនឆាយស៍អន្តរជាតិ។ យើងត្រូវធ្វើឲ្យស្របច្បាប់ក្នុងស្រុកទាំងអស់ (Local Procedures) នៅពេលមានការចុះបញ្ជី។
នេះជាចំណុចសំខាន់ដែរ បងៗដែលជាម្ចាស់ទ្រព្យ ឬក៏អ្នកទិញគួរដឹងថា ក្រុមហ៊ុនខ្លះមានការចុះចញ្ជីតែ២ស្ថាប័នទេ គឺនៅក្រសួងពាណិជ្ជម្ម និងនៅពន្ធដារ គាត់អត់បានទៅយកអាជ្ញាប័ណ្ណមួយទៀត ដែលចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចឹងស្មើរនឹងអត់ស្របច្បាប់ តែពួកយើងទាំង២៣ការិយាល័យ ដូចជា ការិយាល័យថ្មីដែលទើបនឹងស៊ីញ៉េទិញក៏ដោយ ក៏កំពុងដំណើរការយកអាជ្ញាប័ណ្ណចេញពីក្រសួងសា្ថប័នទាំង ៤ ដោយមានក្រសួងយុត្តិធម៌មួយទៀតដើម្បីធ្វើលិខិតថ្កោលទោស។
កាលពី១៥ឆ្នាំមុន ដែលកាលនោះ ខ្ញុំក៏ចាប់ផ្តើមរកស៊ីហើយដែរ តែងតែមានភ្ញៀវចេញពីប្រទេសសឹង្ហបុរី ហុងកុង និងម៉ាឡេស៊ីមកកាន់កម្ពុជា។ នៅពេលដែលចូលមកក្នុងទីផ្សារស្រុកខ្មែរយើង ពេលខ្លះពួកគាត់តែងជួបអ្នកគួកជេ ហើយអត់មានច្បាប់ និងមិនដែលធ្លាប់ឆ្លងកាត់បណ្តុះបណ្តាល គាត់អត់មានការចុះបញ្ជីក្រុមហ៊ុនច្បាស់លាស់។ អ្នកខ្លះមិនដែលរកស៊ីក្នុងវិស័យអចលនទ្រព្យទេ គាត់ធ្លាប់ជាអ្នកបើកឡាន ម៉ូតូឌុប ឬក៏លក់អីនៅតាមផ្សារ ប៉ុន្តែគាត់ហៅក្រុមរបស់គាត់ថា ជាអ្នកគួកជេ។
នៅពេលវិនិយោគិនមកពីខាងក្រៅចង់ធ្វើការវិនិយោគដី ឬក៏អគារណាមួយ ពេលដែលអត់បានជួបជាមួយភ្នាក់ងារ ដែលអត់មានអជ្ញាប័ណ្ណច្បាស់លាស់ សមាជិកក្រុមហ៊ុនអន្តរជាតិដែលគេទទួលស្គាល់ក្នុងពិភពលោក ទទួលបានបទពិសោធន៍អត់ល្អ ហើយគាត់បានវាយតម្លៃអ្នកក្នុងវិស័យនេះទាំងមូលថា មិនល្អតែម្តង និងបាននិយាយថា ទីផ្សារនៅក្នុងស្រុកខ្មែរមិនអាចជឿជាក់បានទេ។
នេះហើយដែលគ្រោះថ្នាក់បំផុត ប៉ុន្តែនៅពេលដែល Century 21 ឈានជើងចូលមករយៈពេលជាង៥ឆ្នាំនេះ អោយតែក្រុមហ៊ុនអន្តរជាតិបានជួបជាមួយពួកយើងគាត់តែងតែមានពាក្យពេជ្រល្អៗត្រឡប់មកវិញ។
ពួកគេបាននិយាយល្អ និងខុសពីលើកមុនដោយពួកគេនិយាយថា ប្រទេសកម្ពុជាមានឪកាសអាចវិនិយោគបាន ហើយឪកាសអាចចំណេញបាន ហើយចំណេញដោយសុវត្ថិភាពទៀត។
Property: ការទទួលបានមតិល្អៗពីអតិថិជននេះគឺដោយសារ Master Franchise ឬ?
Grace: ចា៎! យើងបានកសាងកេរ្ត៍ឈ្មោះ និងកសាងទំនុកចិត្តជាមួយនិមិត្តសញ្ញាដែលបានយកមក ហើយភ្នាក់ងាររបស់ពួកយើង បានទទួលការសិក្សាលើវិស័យអចលនទ្រព្យច្បាស់លាស់ ក្នុងការជួយណែនាំជូនម្ចាស់ទ្រព្យ។
Property: មានន័យថា យើងមិនគ្រាន់តែបង្កើតរូបភាព (Image) ល្អនៅក្នុងស្រុកនោះទេ តែយើងបានជួយឲ្យកម្ពុជាល្បីលើឆាកអន្តរជាតិទៀតមែនទេ?
Grace: ចា៎! គឺយើងបានជួយធ្វើឲ្យទីផ្សារក្នុងស្រុកកាន់តែមានទំនុកចិត្ត ហើយខាងក្រៅគេមានការទំនុកចិត្ត ដោយសារក្រុមហ៊ុនរបស់យើងមានអជ្ញាប័ណ្ណច្បាស់លាស់ ហើយក៏ជាក្រុមហ៊ុនមាននិមិត្តសញ្ញាទទួលស្គាល់ក្នុងពិភពលោក។

Property: តើ Century21 Cambodia ធ្វើឲ្យមានការប្រែប្រួលដូចម្តេច ពិសេសការច្របាច់បញ្ចូលគ្នានូវទស្សនទានរវាងអាស៊ី និងអាមេរិកនៅក្នុងប្រព័ន្ឋការងារជាក់ស្តែង?
Grace: ចា៎! តាមពិតប្រទេសអាមេរិក ពិភពលោកស្គាល់គាត់ជាប្រទេសមហាអំណាច។ ឲ្យតែផលិតផលមកពីអាមេរិក មានន័យផលិតផលនឹងមានការជឿជាក់ ឆ្លងកាត់ត្រួតពិនិត្យគុណភាព ច្បាស់លាស់រួចហើយ បានអាចទំលាក់មកលើទីផ្សារបាន។ ចឹងមហាអំណាចនេះ គាត់អាចគ្រប់គ្រងបានទូទាំងពិភពលោកទាំងមូល ប៉ុន្តែបច្ចុប្បន្នខ្លាពីរ (អាមេរិក ចិន)កំពុងវ៉ៃគ្នា។
វប្បធម៌លោកខាងលិច និងវប្បធម៌លោកខាងកើតមានការខុសគ្នា ប៉ុន្តែយើងមិនអាចបដិសេធថា វប្បធម៌លោកខាងលិច យកមកដាក់នៅលោកខាងកើត ប្រើការអត់បាននោះទេ។ ពួកយើងយកមកប្រើការអ្វី ដែលជាចំណុចខ្លាំងរបស់លោកខាងលិចមកលោកខាងកើត។ យើងមានការកែសម្រួល ទៅតាមវប្បធម៌របស់យើងបន្ថែមទៀតដើម្បីឲ្យទីផ្សារស្រុកខ្មែរ ជាពិសេសម្ចាស់ទ្រព្យមានការទទួលយកពីរបស់យើងផ្ទាល់តែម្តង។
ដូច្នេះហើយភ្នាក់ងារបស់យើង ១០០ភាគរយ អត់មានភ្នាក់ងារបរទេសទេ គឺជាជនជាតិខ្មែរ តែអាចនិយាយបាន ៤ភាសា មានភាសាអង់គ្លេស ភាសាចិន ភាសាខ្មែរ និងភាសាជប៉ុន។ ដូច្នេះនៅពេលដែលយកមក យើងយកចំណុចខ្លាំងពីលោកខាងលិចមកកែសម្រួលឲ្យសមស្របតាមបរិបទសង្គមរបស់យើង។
Property: ឥឡូវនេះក្រុមហ៊ុននៅក្នុងស្រុកកើនឡើង ដោយសារវិស័យនេះកំពុងរីកចម្រើនខ្លាំង ក្នុងនោះមានប្រេនឆាយស៍ថ្មីៗក៏ចូលមកកម្ពុជាច្រើន តើ Century 21 Cambodia មានគោលជំហរដូចម្តេចនៅក្នុងរក្សាឧត្តមភាព?
Grace: ភាពជឿជាក់គឺជាគ្រឹះ ឬក៏ជំនឿនៅក្នុងការធ្វើអាជីវកម្មរបស់ពួកយើងក្នុងនាមជា Century 21 Cambodia សមាជិកមហាគ្រួសារយើង ដែលបានបើកដំណើរការតាំងពីឆ្នាំ២០១៣ រហូតមកដល់ពេលនេះ យើងមានអនាគត។ យើងអត់ដែលធ្វើការប្រកួតប្រជែងគ្នាទេ។
មួយម៉ាត់គត់ គឺយើងចង់សហការជាមួយគ្នា ដើម្បីអភិវឌ្ឍន៍ទីផ្សារ អត់ចង់យកពេលដែលទៅប្រកួតប្រជែងគ្នា ដើម្បីវ៉ៃយកទីផ្សារតែម្នាក់ឯងទេ ប៉ុន្តែជាទស្សនៈ (Philosophy) របស់យើងគឺសហការគ្នាឈ្នះ ឈ្នះ (win win) ទាំងសងខាង។
ចំណេញទាំងសងខាង អភិវឌ្ឍទីផ្សារជាមួយគ្នា ទោះបីជាក្រុមហ៊ុនគាត់តូចក៏ដោយ ក្រុមហ៊ុនធំប៉ុនមហាយក្សក៏ដោយ ដែលឈានចូលមកកាន់ទីផ្សារនេះ ក៏យើងស្វាគមន៍ដែរ៕