ដោយ គង់ សូរិយា
ភ្នំពេញៈ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) សហការជាមួយសមាគមភ្នាក់ងារអចលនទ្រព្យសិង្ហបុរី (Singapore Estate Egents Association) ដើម្បីពង្រឹងកិច្ចសហការលើវិស័យនេះ។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេកក្រាមកាលពីល្ងាចថ្ងៃទី៣០ ឧសភាពីប្រទេសសិង្ហបុរីមកថា លោកបានចុះហត្ថលេខាជាមួយលោក Thomas Tan ប្រធានសមាគមភ្នាក់ងារអចលនទ្រព្យសឹង្ហបុរី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះទាំងអស់គ្នា ពិសេសយើងនឹងសហការគ្នា លើកកំពស់ការវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា និងនៅសឹង្ហបុរី។
-->
លោកបន្តថា “អ្វីដែលសមាគមផ្តោតសំខាន់ គឺជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងកម្មវិធីសិក្សាពីប្រទេសសិង្ហបុរីមកកាន់កម្ពុជា ដោយសារប្រទេសសឹង្ហបុរីជាប្រទេសអភិវឌ្ឈន៍មួយ និងមានបទពិសោធន៍លើវិស័យនេះយូរឆ្នាំជាងកម្ពុជា”។ លោកបន្តថា “យើងអាចរៀនសូត្រពីគេបានច្រើន ដើម្បីយកមកកែលំអរប្រទេសយើង ប៉ុន្តែអ្វីដែលយើងយកពីគេមក នឹងយកមកធ្វើឲម្យស្របតាមបរិបទសេដ្ឋកិច្ច សង្គម វប្បធ៌មរបស់កម្ពុជា”។
លោកឃាង ពុទ្ឋីបានបន្តថា សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានបង្កើតឡើងក្នុងគោលដៅជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពិសេសធនធានមនុស្សក្នុងវិស័យអចលនទ្រព្យកម្ពុជា និងចូលរួមទាក់ទាញការវិនិយោគ ក៏ដូចជាជំរុញការអភិវឌ្ឍក្នុងវិស័យនេះឲ្យមានសុខភាពល្អ។ លោកបន្តថា ដោយសារវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនលឿន ដែលធ្វើឲ្យកម្ពុជាប្រឈមនឹងកង្វះធនធានមនុស្សយ៉ាងខ្លាំង ដែលធ្វើឲ្យក្រុមហ៊ុនបរទេសនានាបានយកធនធានមនុស្សរបស់ពួកគេមកបំពេញការងារនៅកម្ពុជា។

លោកបន្តថា “ទោះជាមានការនាំយកធនធានមនុស្ស ពីក្រៅប្រទេសចូលមកកម្ពុជាក្តី តែកម្ពុនៅតែត្រូវការសហការជាមួយដៃគូបរទេស ដើម្បីបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀត”៕