ដោយ វុត្ថា
ភ្នំពេញៈ អគារទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនព្រីនស៍ហូលឌីង គ្រុប ត្រូវបានបញ្ចប់ជាស្ថាពរនូវគម្រោងសាងសង់ ដែលចំណាយទឹកប្រាក់សរុប៧០លានដុល្លារអាមេរិក ដែលទំនងជាការិយាល័យធំជាងគេនៅកម្ពុជា។
នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានប្រមូលផ្តុំការិយាល័យរបស់ខ្លួន មកកាន់អគារទីស្នាក់ការកណ្តាល នៃក្រុមហ៊ុន ព្រីនស៍ហូលឌីង គ្រុបក្នុងគោលបំណងឲ្យប្រតិបត្ដិការអាជីវកម្ម អនុវត្តប្រកបដោយប្រសិទ្ធភាព និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍរយៈពេលវែង។អាគារការិយាល័យកណ្តាលមានដែលទីតាំងនៅចុងខាងត្បូងទីក្រុងកោះពេជ្រ មានផ្ទៃក្រឡាសរុប២៤៨០០ ម៉ែត្រការ៉េ។
-->
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុននេះបានឲ្យដឹងថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ក្រុមហ៊ុននឹងបន្តបណ្តាក់ទុនយ៉ាងតិច ចំនួន១០ពាន់លានដុល្លារអាមេរិកនិងយកប្រទេសកម្ពុជា ជាចំនុចមូលដ្ឋានក្នុងការអភិវឌ្ឍខ្លួន ឲ្យក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនខ្នាតអន្តរជាតិ ដែលមានឥទ្ធិពលជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd. ជាក្រុមហ៊ុនជំនួញឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការវិនិយោគយ៉ាងច្រើននៅក្នុងវិស័យអចលនទ្រព្យ វិស័យទូរគមនាគមន៍ និងហិរញ្ញវត្ថុ។
ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd. បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដោយបានសាងសាងសង់អគារជាច្រើនប្រភេទ ដូចជាសណ្ឋាគារ អគារស្នាក់នៅ ផ្ទះល្វែង ខុនដូ និងអគារពាណិជ្ជកម្មនៅតាមបណ្តាខេត្ត ក្រុងនានារបស់ប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុននេះ មានសាខាចំនួន១៣ ទីតាំងនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Prince Real Estate បានសហការជាដៃគូជាមួយក្រុមហ៊ុនអន្តរជាតិជាច្រើនផងដែរ ដើម្បីអនុវត្តសាងសងគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា។ គម្រោងទាំងនេះរួមមានDiamond One, Prince Central Plaza និង Prince Modern Plaza ដែលមានទីតាំងនៅរាជធានីភ្នំពេញ។
ក្រុមហ៊ុនបានសាងសង់ នូវគម្រោងអចលនទ្រព្យលើទំហំដីទំហំ១ហិកតា ដែលមានឈ្មោះថាDiamond One ដើម្បីទាក់ទាញប្រជាជនក្នុងស្រុក និងប្រជាជនចិនដោយក្នុងនោះមាន សណ្ឋាគារ Prince Modern Plaza កម្ពស់ ២៧ ជាន់គឺជាគម្រោងលំនៅដ្ឋានមួយ សម្រាប់យុវជននៅតាមទីប្រជុំជន ខណៈដែលអគារកម្ពស់៣៧ជាន់ Prince Central Plaza គឺជាអគារខុនដូដ៏ធំមួយស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ៕