អនុគណៈ​កម្មការ​វិនិយោគ​ខេត្តព្រះសីហនុ ​អនុម័ត​ទុន​វិនិយោគ​ជាង​៥៣លាន​ដុល្លារ​គិត​ត្រឹម​ខែ​តុលានេះ​

ចែករំលែក

ដោយៈ ចំណាន

ព្រះសីហនុៈលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំអនុគណៈកម្មាធិការវិនិយោគ ខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគ បង្កើតរោងចក្រផលិតក្តារបន្ទះ ដែលមានទីតាំងនៅក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្នុងនាមជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត លោកអភិបាលរងបានស្វែងយល់លម្អិត ដើម្បីដោះស្រាយបញ្ហាប្រឈមដែលវិនិយោគិនបានជួបប្រទះ និងបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរ- អង្គភាពពាក់ព័ន្ធ ខិតខំធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដោយរក្សាទំនាក់ទំនងល្អ សម្របសម្រួលនីតិវិធី ផ្តល់ការប្រឹក្សាជាប្រចាំ និងត្រូវអនុវត្តការងារឱ្យបានឆាប់រហ័ស តាមស្មារតី “ធ្វើឱ្យលឿន ធ្វើឲ្យលះ បើស្ទះសុំគោលការណ៍”។

ជាមួយគ្នានឹងការជំរុញឱ្យអ្នកវិនិយោគ ដែលមានស្រាប់ព្យាយាមអូសទាញអ្នកវិនិយោគិនដទៃ ឱ្យងាកមកបណ្តាក់ទុននៅខេត្តព្រះសីហនុ លោកអភិបាលរងក៏បានសំណូមពរឱ្យ តំណាងក្រុមហ៊ុនផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក​ និងកម្មករឱ្យបានត្រឹមត្រូវ ហើយត្រូវគិតគូរឱ្យបានគត់មត់ចំពោះបញ្ហាបរិស្ថាន និងសង្គមដែលអាចកើតមានឡើង។

ក្រុមហ៊ុនកែច្នៃក្តារនេះ មានទីផ្សារនាំចេញទៅ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយនៅពេលអនុវត្តពេញសមត្ថភាព គម្រោងនេះ នឹងផ្តល់ឱកាសការងារចំនួន៣០០ កន្លែងដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។

ក្នុងឆ្នាំ២០២៦នេះ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានទទួលសំណើសុំចុះបញ្ជីQIP សរុបចំនួន១៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៥៣.៣៥ លានដុល្លារអាមេរិក។


ចែករំលែក