ដោយៈ ចំណាន
ភ្នំពេញៈ ការព្យាករណ៍មួយនាពេលបច្ចុប្បន្ន សម្រាប់តំបន់ទីក្រុង បង្ហាញថា ចំនួនប្រជាជននឹងកើនឡើងដល់៣,៣ទៅដល់ប្រមាណ៣,៥លាននាក់នៅឆ្នាំ ២០៣៥។
មានចំណុចសំខាន់មួយទៀត សម្រាប់ការវិភាគលើវិស័យអចលនទ្រព្យរបស់អ្នក គឺថា រាជធានីភ្នំពេញតាមព្រំដែនរដ្ឋបាល និងតំបន់រាជធានីភ្នំពេញទាំងមូល (Greater Phnom Penh) មិនមែនជាទីផ្សារតែមួយនោះទេ។
ទិន្នន័យស្តីពីនគរូបនីយកម្មបានបង្ហាញរួចហើយថា ការរីកចម្រើនរបស់រាជធានីភ្នំពេញ កំពុងតែពង្រីកទៅកាន់តំបន់ជុំវិញ រាជធានីផងដែរ។
សូចនាករឬការចង្អុលបង្ហាញនេះមានន័យថា ឱកាសក្នុងវិស័យអចលនទ្រព្យឆ្ពោះទៅឆ្នាំ ២០៣៥ មិនមែនមានតែនៅក្នុងតំបន់កណ្តាលរាជធានីភ្នំពេញប៉ុណ្ណោះទេ។ កំណើនប្រជាជននឹងជួយជំរុញតំបន់ផ្សេងៗទៀតកាន់តែខ្លាំងឡើង រួមមាន៖ តំបន់ភាគខាងត្បូង (ភ្នំពេញ-តាខ្មៅ/តំបន់អាកាសយានដ្ឋានតេជោ) តំបន់ភាគខាងលិច (ភ្នំពេញ-កំបូល), តំបន់តាមបណ្តោយផ្លូវនៅភាគខាងជើង និងតំបន់ភាគខាងកើត (តំបន់ទន្លេមេគង្គ/អរិយក្សត្រ)។
តំបន់ទាំងនេះនឹងមានសក្តានុពលជាពិសេស សម្រាប់លំនៅឋានដែលមានតម្លៃសមរម្យ ឬតម្លៃមធ្យម ទីតាំងលក់រាយ ផ្នែកភស្តុភារកម្មលំនៅឋានសម្រាប់ជួល និងដីដែលមានហេដ្ឋារចនាសម្ព័ន្ធរួចរាល់។
ចំណុចទាំងនេះ គឺជាផ្នែកដែលគួរពិនិត្យមើលបន្ថែម ប៉ុន្តែមិនមែនជាការធានាថា ថ្លៃអចលនទ្រព្យនឹងកើនឡើងនោះទេ។
គម្រោងសាងសង់ព្រលានយន្តហោះ និងផ្លូវថ្នល់អាចជួយសម្រួលដល់ការធ្វើដំណើរ ប៉ុន្តែអត្ថប្រយោជន៍ដែលទទួលបាន គឺអាស្រ័យលើចរាចរណ៍ជាក់ស្តែង សកម្មភាពអាជីវកម្ម និងការអភិវឌ្ឍនៅតំបន់ជុំវិញនោះ។

តើអ្វីខ្លះដែលអាចជំរុញកំណើន វិស័យអចលនទ្រព្យនៅចន្លោះឆ្នាំ ២០២៦ ដល់ ២០៣៥?
សក្តានុពលដែលគេមើលឃើញ គឺចំនួនប្រជាជន និងការបង្កើតគ្រួសារថ្មីៗ ការកើនឡើងនៃចំនួនគ្រួសារ អាចបង្កើតតម្រូវការលំនៅឋានបន្ថែម ទោះបីជាកំណើនប្រជាជន ស្ថិតក្នុងកម្រិតមធ្យមក៏ដោយ។ លើសពីនេះ ទំហំគ្រួសារដែលមានសមាជិកតិចជាងមុន ក៏អាចបង្កើនចំនួនលំនៅឋានដែលត្រូវការផងដែរ។
លើសពីនេះនឹងមានឱកាសការងារ និងកំណើនប្រាក់ចំណូល
ការមានការងារធ្វើកាន់តែច្រើន និងប្រាក់ចំណូលខ្ពស់ជាងមុន ជួយបង្កើនលទ្ធភាពក្នុងការទិញផ្ទះ បង់ថ្លៃជួល និងគាំទ្រដល់អាជីវកម្មលក់រាយ។ កំណើនប្រជាជនដែលខ្វះកម្លាំងទិញ អាចនឹងមិននាំឱ្យទីផ្សារអចលនទ្រព្យមានភាពរឹងមាំនោះទេ។
ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ក្នុងទីក្រុង ផ្លូវថ្នល់ ប្រព័ន្ធដឹកជញ្ជូនសាធារណៈ សេវាសាធារណៈ (ដូចជាទឹក ភ្លើង) និងការតភ្ជាប់ទៅកាន់ព្រលានយន្តហោះ ដែលមានភាពប្រសើរជាងមុន អាចពង្រីកតំបន់ដែលមនុស្សអាចរស់នៅ និងធ្វើការបាន។
ការវិនិយោគពីបរទេស និងការពង្រីកអាជីវកម្ម ការវិនិយោគប្រកបដោយជោគជ័យ ក្នុងវិស័យផលិតកម្ម សេវាកម្ម ទេសចរណ៍ និងភស្តុភារកម្ម (logistics)អាចបង្កើតការងារ និងពង្រឹងតម្រូវការសម្រាប់លំនៅឋាន ការិយាល័យ សណ្ឋាគារ និងអចលនទ្រព្យសម្រាប់ឧស្សាហកម្ម៕








