ក្រុមហ៊ុនចិន​បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​ ចំនួន​៤​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ តំណាងក្រុមហ៊ុនឯកជនមួយចំនួនរបស់ចិន បានបង្ហាញពីបំណងបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតគ្រឿងសង្ហារិម រោងចក្រផលិតថ្នាំលាប និងរោងចក្រផលិតដែកអ៊ីណុក និងសម្ភារៈសំណង់ នៅកម្ពុជា ហើយបានស្នើសុំការគាំទ្រ គម្រោងវិនិយោគរបស់ខ្លួនពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុង ចាវឈីង (Zhaoqing) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Liu Jingbo សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអភិបាលរងទីក្រុង ចាវឈីង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលទីក្រុង ព្រមទាំងតំណាងក្រុមហ៊ុនឯកជនចំនួន ២៣ក្រុមហ៊ុន។

លោកអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីបរិយាកាសធុរកិច្ច និងកាលានុវត្តភាពវិនិយោគ ព្រមទាំងបានគូសបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា-ចិន ដែលបានបន្តពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេសតាមរយៈ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។

ជាមួយគ្នានេះ លោកអគ្គលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់ថា ប្រទេសចិនគឺជាប្រភពទុនវិនិយោគបរទេសដ៏សំខាន់ និងជាដៃគូវិនិយោគដ៏ធំរបស់កម្ពុជា។ ជាក់ស្តែង វិនិយោគិនចិនបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ដូចជា ការផលិតសំបកកង់រថយន្ត ការផលិតគ្រឿងបង្គុំអេឡិចត្រូនិកនិងអគ្គិសនី គ្រឿងសង្ហារិម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ល។

បន្ថែមលើនេះ លោកជា វុទ្ធី បានលើកឡើងពីសក្តានុពលដ៏ធំធេងសម្រាប់ការវិនិយោគ ក្នុងវិស័យកែច្នៃកសិផលកម្ពុជា ជាពិសេស ការកែច្នៃស្វាយចន្ទី ជ័រកៅស៊ូ និងដំឡូងមី ដើម្បីបង្កើតតម្លៃបន្ថែម និងបង្កើនផលចំណេញ ពីផលិតផលកសិកម្មក្នុងស្រុក។ ទន្ទឹមនឹងនេះ ដោយសារកម្ពុជា នៅមានតម្រូវការនាំចូលវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចក្នុងទំហំធំ ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្តដល់តំណាងក្រុមហ៊ុន ឱ្យពិចារណាបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា ដើម្បីជំនួសការនាំចូល និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

ជាការឆ្លើយតបលោកLiu Jingbo ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការ ដែលបានចំណាយពេលទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានសំខាន់ៗសម្រាប់ការបន្តពង្រឹកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការជំរុញវិនិយោគរវាងទីក្រុង ចាងឈីង និងកម្ពុជា។

លោក Liu Jingbo បានជម្រាបជូនពីឧត្តមភាពប្រកួតប្រជែងរបស់ទីក្រុង ចាវឈីង ក្នុងវិស័យមួយចំនួនដូចជា ឧស្សាហកម្មយានយន្ត ឧស្សាហកម្មស៊ីម៉ង់ត៍ ការផលិតគ្រឿងអេឡិចត្រូនិក ការកែច្នៃកសិផលនិងម្ហូបអាហារ។ បន្ទាប់ពីមតិរបស់លោក Liu Jingbo តំណាងក្រុមហ៊ុនឯកជនមកពីទីក្រុងចាវឈីង បានលើកឡើងនូវការកត់សម្គាល់ឃើញពីការខិតខំ កែលម្អបរិស្ថានវិនិយោគនៅកម្ពុជា និងបានលើកឡើងនូវសំណួរពាក់ព័ន្ធនឹងការដឹកជញ្ជូន និងការផ្គត់ផ្គង់អគ្គិសនីផងដែរ។

ជាការឆ្លើយតប លោកអគ្គលេខាធិការ បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ សម្របសម្រួល និងគាំទ្រដល់វិនិយោគិន មិនត្រឹមតែនៅដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា៕


ចែករំលែក