ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម ព្រមទាំងកិច្ចប្រជុំត្រីភាគី រវាងធនាគារជាតិនៃកម្ពុជា ធនាគាររដ្ឋវៀតណាម និងធនាគារកណ្តាលឡាវ នាថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងដាណាង ប្រទេសវៀតណាម។
កិច្ចប្រជុំជាន់ខ្ពស់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្តាលទាំងបី ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។ នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំធនាគារកណ្តាលទាំងបី បានផ្លាស់ប្តូរទស្សនទានអំពីស្ថានភាពសេដ្ឋកិច្ច បញ្ហាប្រឈមចម្បងៗ ព្រមទាំងការដាក់ចេញនូវគោលនយោបាយរូបិយវត្ថុ និងវិធានការសំខាន់ៗ ក្នុងការឆ្លើយតបទៅនឹងកត្តាប្រឈមដោយភាពបុរេសកម្ម។
ទន្ទឹមនេះ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសតាមរយៈការផ្លាស់ប្តូរបទពិសោធបច្ចេកទេស ការផ្លាស់ប្តូរព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការតំបន់និងពហុភាគី៕







