អគារអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ ម៉ៃ វីរៈ
ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអគ្គនាយកពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថបានប្រកាសថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៩ នេះ នឹងត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ខែ មិថុនារហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩តទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩ កន្លង មកនេះបានឲ្យដឹងថា សម្រាប់ការបង់ពន្ធក្នុងឆ្នាំ ២០១៩ នេះ ម្ចាស់យានយន្តគ្រប់ប្រភេទេត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារការណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬ នៅ ធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ឬធនាគារ អេអិនហ្សិន រ៉ូយ៉ាល់ ឬនៅតាមធនាគារដែលចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
-->
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះតទៅ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធ និងផាកពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសាធារពើពន្ធជាធរមាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១៩ នេះ បានឲ្យដឹងថា ការប្រមូលពន្ធរបស់អគ្គនាយកពន្ធដារចំនួន៥០ភាគរយ និងពន្ធគយ៥៤ភាគរយ លើសផែនការដែលបានកំណត់ទុក។
សម្តេចតេជោថា “វប្បធម៌នៃការបង់ពន្ធរបស់ប្រជាពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្ននេះ ពួកគាត់បានយល់ដឹងច្រើនក្នុងកាតព្វកិច្ចបង់ពន្ធ តែមានបញ្ហាខ្លះដូចការបង់ពន្ធលើការដឹកកាត់ឈ្មោះ ម្ចាស់រថយន្តពីមនុស្សម្នាក់ ទៅមនុស្សម្នាក់មានភាពសុំាញុំា តែក៏បនាដោះស្រាយរួចហើយបណ្តើរៗដែរចាប់តាំងពីឆ្នាំ ២០១៦-២០១៧កន្លងមកនេះ”។
អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងឆ្នាំ២០១៨កន្លង ទៅបានប្រមូលចំណូលពន្ធផ្ទៃក្នុងបានចំនួន៨, ៨៩១ពាន់លានរៀលឬស្មើនឹង២ពាន់១៩៧លានដុល្លារ។ ចំនួននេះស្មើនឹង១១៤,២៧ភាគរយនៃផែនការប្រចាំឆ្នាំ។ ក្នុងនោះទំហំចំណូលលើសផែនការមានចំនួនប្រមាណ១,០០០ពាន់លានរៀល ឬស្មើនឹងប្រមាណ២៧៤លានដុល្លារសហរដ្ឋអាមេរិក។ បើធៀបទៅនឹងឆ្នាំ២០១៧ ការប្រមូលពន្ធដារបង់ចូលថវិកាជាតិ សម្រាប់ឆ្នាំ២០១៨កន្លងទៅនេះ កើនឡើងប្រមាណ១៣,៣៧ភាគរយ។
ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារកំពុងរៀបចំយុទ្ធសាស្ត្រកៀរគរចំណូល ឆ្នាំ២០១៩-២០២៣ ដែលមានគោលបំណងជាយុទ្ធសាស្ត្រចំនួន៣៖ ទី១ បង្កើនអនុលោមភាពតាមច្បាប់ដោយស្ម័គ្រចិត្ត និងកាត់បន្ថយជាអតិបរមានូវបន្ទុកអ្នកជាប់ពន្ធ ដោយផ្ដល់សេវាប្រកបដោយគុណភាព ទី២ ធានាថាអ្នកជាប់ពន្ធបានបំពេញកាតព្វកិច្ចសារពើពន្ធត្រឹមត្រូវ និងទី៣ អនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយពង្រឹងស្ថាប័ន៕