ដោយ វុត្ថា
ភ្នំពេញ៖ សម្តេតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យប្រទេសកម្ពុជា និងទីម័រលេសបង្កើន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរឱ្យបានច្រើនឡើងថែមទៀត។
សម្តេចតេជោ នៅក្នុងជំនួបជាមួយលោក Dionisio Babo Soares រដ្ឋមន្ត្រីការបរទេសនៃប្រទេសទីម័រលេស (Timor-Leste) នៅវិមានសន្តិភាពនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១៩ នេះថា ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ គប្បីប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណាជំរុញនៅលើរាល់អ្វីដែលយើងអាចធ្វើបានដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរួមទាំងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យវិនិយោគ ទេសចរណ៍ ក៏ដូចជាវិស័យវប្បធម៌ជាដើមឱ្យបានកាន់តែច្រើនថែមទៀត។
លោក Babo Soares មន្ត្រីការបរទេស នៃប្រទេសទីម័រលេស (Timor-Leste) បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសទីម័រលេសកាលពីឆ្នាំ ២០១៦ បានធ្វើឱ្យប្រទេសទីម័រលេសក៏ដូចជាប្រជាពលរដ្ឋមានអារម្មណ៍ហាក់បីដូចជាប្រទេសមួយមានសម្ព័ន្ធភាពជាមួយកម្ពុជា ដូចជាប្រទេសជាបងប្អូន ។







