តើ​វិបត្តិសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សាកល​នឹង​កើតឡើង​ម្តង​ទៀត​នៅ​ឆ្នាំ២០២០​?

0
សង្គ្រាមពាណិជ្ជកម្ម

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ធនាគារ​វិនិយោគ​ Morgan​ Stanley​ ធំ​មួយ​របស់​អាមេរិក​បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ​ដោយ​ព្រមាន​ដល់​ក្រុម​វិនិយោគិន​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ និង​ឈាន​ទៅ​រក​វិបត្តិសេដ្ឋកិច្ច​សាកល​។

លោក​ Chetan​ Ahya​ ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ធនាគារ​ខាងលើ​ឲ្យដឹង​ថា​ “វិនិយោគិន​ជាទូទៅ​មាន​ទស្សនៈ​ថា​ ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ អាច​អូស​បន្លាយ​រយៈពេល​យូរ​ជាង​មុន​ ប៉ុន្តែ​ពួកគេ​មើលទៅ​ហាក់ដូចជា​មើល​រំលង​ផល​ប៉ះពាល់​ ដល់​ទស្សនវិស័យ​ម៉ាក្រូ​សកល​”។លោក​Ahya​ បាន​បន្ថែម​ថា​ “យើង​អាច​បញ្ចប់​ក្នុង​វិបត្តិសេដ្ឋកិច្ច​ក្នុង​រយៈពេល​បី​ត្រីមាស​។ តើ​ការ​ភ្ញាក់ផ្អើល​បែបនេះ​កើតឡើង​មែនទេ​? យើង​គិតថា​វា​អាច​ទៅវួច​”។

នៅក្នុង​ខែ​នេះ​ប្រធានាធិបតី​អាមេរិក​ ដូ​ណាល់​ ត្រាំ​ (Donald​ Trump​) បាន​ចេញផ្សាយ​បញ្ជី​ពន្ធ​ថ្មី​ដើម្បី​ដំ​ឡើង​ពន្ឋ​លើ​ទំនិញ​ចិន​ ដែល​មានតម្លៃ២០០ពាន់​លាន​ដុល្លារ​ជាមួយ​ការដំឡើង​ពន្ធ២៥ភាគរយ​។

លោក​ ត្រាំ​បាន​លើកឡើង​ថា​ “នៅពេល​អ្នក​ត្រូវ​គេ​បាន​ចាត់ទុកថា​ជា​ “កូនជ្រូក​សម្រាប់​ទុក​លុយ​ ឬ Piggy​ Bank​” ដែល​ប្រទេសក្រៅ​បាន​លួច​ និង​បញ្ឆោត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ពាក្យ​ថា​ពន្ធ​ ឬ TARIFF​ គឺជា​ពាក្យ​ដ៏​ស្រស់​ស្អាត​! អ្នក​ផ្សេងទៀត​ត្រូវតែ​ចាត់ទុក​សហរដ្ឋអាមេរិក​ដោយ​យុត្តិធម៌​ និង​ដោយ​ការគោរព​”។លោក​បន្ត​ថា​ “យើង​មិនមែន​ជា​មនុស្ស​ល្ងីល្ងើ​នៃ​អតីតកាល​ទេ​”។

ទីផ្សារ​ពិភពលោក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​កាលពី​ខែមុន​ ដោយសារ​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ ដែល​រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ខ្លួន​នឹង​សងសឹក​ប្រឆាំង​នឹង​ការ​បង្កើន​ពន្ធ​ និង​បញ្ជីខ្មៅ​មក​លើ​ក្រុមហ៊ុន​ចិន​។

នៅ​ទី​ក្រុង​ឡុង​ដ៏​ ក្រុមហ៊ុន ​FTSE​ 100​ បាន​ធ្លាក់ចុះ​ជាង១០០ពិន្ទុ​ ខណៈ​ពេល​ដែល​ទីផ្សារ​ភាគហ៊ុន​នៅ​អាល្លឺម៉ង់​ អ៊ីតាលី​ និង​បារាំង​ក៏​ត្រូវ​បាន​ប៉ះពាល់​ផង​ដែរ​។ សន្ទស្សន៍​ភាគហ៊ុន​នៃ​ក្រុមហ៊ុន ​Topix​ របស់​ជប៉ុន​បាន​បិទ​ដោ​យធា្លក់​ចុះ០.៩​ ភាគរយ​ និង​សន្ទស្សន៍​នៃ​ក្រុមហ៊ុន​ Hang​ Seng​ របស់​ហុងកុង​បាន​ធ្លាក់ចុះ ០​,៦ ភាគរយ​។

ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​នេះ​ រោងចក្រ​ពី​ប្រទេស​ចិន​ នឹង​ផ្លាស់ទី​តាំង​វិនិយោគ​របស់​ខ្លួន​ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​។ ទិន្នន័យ​ផ្គត់ផ្គង់​ខ្សែ​ចង្វាក់​ផលិតកម្ម​បាន​បញ្ជាក់​ថា​ ប្រសិនបើ​ពន្ធគយ​របស់​អាមេរិក​ ចូល​ជា​ធរ​នឹង​មាន​ក្រុមហ៊ុន​សម្លៀកបំពាក់​នៅ​ចិន​ នឹង​មិន​មាន​ជម្រើស​ទេ​ក្រៅតែ​ពី​ស្វែងរក​ទីតាំង​ផលិត​ជំនួស​នៅ​កម្ពុជា​ វៀតណាម​ និង​ភូមា​។

លោក​ Wee​ Ee​ Cheong​ អគ្គនាយក​ក្រុមហ៊ុន ​United​ Overseas​ Bank​ Ltd​ (UOB​) បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ភ្នាក់ងារ​ Bloomberg​ ថា​ “អាស៊ាន​នឹង​ក្លាយជា​តំបន់​សុវត្ថិភាព​បំផុត​សម្រាប់​ការ​វិនិយោគ​”។ ដោយ​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៣៥​ UOB​ គឺជា​ធនាគារ​ធំជាង​គេ​លំដាប់​ទី៣នៅ​អាស៊ី​អាគ្នេយ៍​។

លោក​ Wee​ បាន​បន្ថែម​ទៀត​ថា​ UOB​ មាន​ផែនការ​ពង្រីក​ទៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដោយមាន​បច្ចេកវិទ្យា​ឌីជីថល​ និង​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពីទី​ផ្សារ​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ និង​រីកចម្រើន​។

ប្រទេស​អាស៊ាន​មាន​ប្រជាជន​សរុប​ជាង៦០០លាន​នាក់​ និង​ផលិតផល​សរុប​ក្នុង​ស្រុក​ (GDP​) សរុប​ចំនួន២​,៤ពាន់​ពាន់​ដុល្លារ​ ធ្វើ​ឱ្យ​ក្រុម​អ្នកវិភាគ​មួយចំនួន​ហៅ​តំបន់​នេះ​ថា​ជា​ “ប្រទេស​ចិន​ថ្មី​” ។ អង្គការ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) ព្យាករ​ថា​ អាស៊ាន​នឹង​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បួន​នៅ​ឆ្នាំ២០៥០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here