សង្គ្រាមពាណិជ្ជកម្ម
ដោយ Donald Lee
ភ្នំពេញៈ ធនាគារវិនិយោគ Morgan Stanley ធំមួយរបស់អាមេរិកបានចេញរបាយការណ៍ស្រាវជ្រាវមួយដោយព្រមានដល់ក្រុមវិនិយោគិនថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ និងឈានទៅរកវិបត្តិសេដ្ឋកិច្ចសាកល។
លោក Chetan Ahya ប្រធានសេដ្ឋវិទូប្រចាំធនាគារខាងលើឲ្យដឹងថា “វិនិយោគិនជាទូទៅមានទស្សនៈថា ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន អាចអូសបន្លាយរយៈពេលយូរជាងមុន ប៉ុន្តែពួកគេមើលទៅហាក់ដូចជាមើលរំលងផលប៉ះពាល់ ដល់ទស្សនវិស័យម៉ាក្រូសកល”។លោកAhya បានបន្ថែមថា “យើងអាចបញ្ចប់ក្នុងវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលបីត្រីមាស។ តើការភ្ញាក់ផ្អើលបែបនេះកើតឡើងមែនទេ? យើងគិតថាវាអាចទៅវួច”។
-->
នៅក្នុងខែនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានចេញផ្សាយបញ្ជីពន្ធថ្មីដើម្បីដំឡើងពន្ឋលើទំនិញចិន ដែលមានតម្លៃ២០០ពាន់លានដុល្លារជាមួយការដំឡើងពន្ធ២៥ភាគរយ។
លោក ត្រាំបានលើកឡើងថា “នៅពេលអ្នកត្រូវគេបានចាត់ទុកថាជា “កូនជ្រូកសម្រាប់ទុកលុយ ឬ Piggy Bank” ដែលប្រទេសក្រៅបានលួច និងបញ្ឆោតអស់រយៈពេលជាច្រើនឆ្នាំ ពាក្យថាពន្ធ ឬ TARIFF គឺជាពាក្យដ៏ស្រស់ស្អាត! អ្នកផ្សេងទៀតត្រូវតែចាត់ទុកសហរដ្ឋអាមេរិកដោយយុត្តិធម៌ និងដោយការគោរព”។លោកបន្តថា “យើងមិនមែនជាមនុស្សល្ងីល្ងើនៃអតីតកាលទេ”។
ទីផ្សារពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីខែមុន ដោយសារភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលរដ្ឋាភិបាលចិនបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងសងសឹកប្រឆាំងនឹងការបង្កើនពន្ធ និងបញ្ជីខ្មៅមកលើក្រុមហ៊ុនចិន។
នៅទីក្រុងឡុងដ៏ ក្រុមហ៊ុន FTSE 100 បានធ្លាក់ចុះជាង១០០ពិន្ទុ ខណៈពេលដែលទីផ្សារភាគហ៊ុននៅអាល្លឺម៉ង់ អ៊ីតាលី និងបារាំងក៏ត្រូវបានប៉ះពាល់ផងដែរ។ សន្ទស្សន៍ភាគហ៊ុននៃក្រុមហ៊ុន Topix របស់ជប៉ុនបានបិទដោយធា្លក់ចុះ០.៩ ភាគរយ និងសន្ទស្សន៍នៃក្រុមហ៊ុន Hang Seng របស់ហុងកុងបានធ្លាក់ចុះ ០,៦ ភាគរយ។
ក្នុងកំឡុងពេលមានវិបត្តិនេះ រោងចក្រពីប្រទេសចិន នឹងផ្លាស់ទីតាំងវិនិយោគរបស់ខ្លួនទៅកាន់បណ្តាប្រទេសអាស៊ាន ដោយសារសង្គ្រាមពាណិជ្ជកម្ម។ ទិន្នន័យផ្គត់ផ្គង់ខ្សែចង្វាក់ផលិតកម្មបានបញ្ជាក់ថា ប្រសិនបើពន្ធគយរបស់អាមេរិក ចូលជាធរនឹងមានក្រុមហ៊ុនសម្លៀកបំពាក់នៅចិន នឹងមិនមានជម្រើសទេក្រៅតែពីស្វែងរកទីតាំងផលិតជំនួសនៅកម្ពុជា វៀតណាម និងភូមា។
លោក Wee Ee Cheong អគ្គនាយកក្រុមហ៊ុន United Overseas Bank Ltd (UOB) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយភ្នាក់ងារ Bloomberg ថា “អាស៊ាននឹងក្លាយជាតំបន់សុវត្ថិភាពបំផុតសម្រាប់ការវិនិយោគ”។ ដោយបង្កើតឡើងនៅឆ្នាំ ១៩៣៥ UOB គឺជាធនាគារធំជាងគេលំដាប់ទី៣នៅអាស៊ីអាគ្នេយ៍។
លោក Wee បានបន្ថែមទៀតថា UOB មានផែនការពង្រីកទៅតំបន់អាស៊ីអាគ្នេយ៍ដោយមានបច្ចេកវិទ្យាឌីជីថល និងការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីទាញយកប្រយោជន៍ពីទីផ្សារដែលមានសក្តានុពលខ្ពស់ និងរីកចម្រើន។
ប្រទេសអាស៊ានមានប្រជាជនសរុបជាង៦០០លាននាក់ និងផលិតផលសរុបក្នុងស្រុក (GDP) សរុបចំនួន២,៤ពាន់ពាន់ដុល្លារ ធ្វើឱ្យក្រុមអ្នកវិភាគមួយចំនួនហៅតំបន់នេះថាជា “ប្រទេសចិនថ្មី” ។ អង្គការរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា អាស៊ាននឹងមានសេដ្ឋកិច្ចធំបំផុតទីបួននៅឆ្នាំ២០៥០៕