កម្ពុជា​-មី​យ៉ាន​ម៉ា​ប្ដេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​

0
លោក U Myint Soe និងលោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន។ រូបថត៖ សហការី

ដោយ​នៅ​ វឌ្ឍនា​

ភ្នំ​ពេញៈ​ កម្ពុជា​-មី​យ៉ាន​ម៉ា​បាន​បង្ហាញ​ជំហរ​ ក្នុង​ការជំរុញ​វិស័យ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​ ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​របស់​ប្រជាជន​ប្រទេស​ទាំងពីរ​ ឲ្យ​កាន់តែ​មាន​ភាព​រី​ចម្រើន​ និង​មាន​ជីវភាព​ធូ​ធារ​។

លោក​ U Myint​ Soe​ ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​ ដែល​នឹង​បញ្ចប់​អាណត្តិ​ការទូត​ ប្រចាំ​នៅ​កម្ពុជា​នា​ពេល​ខាងនេះ​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ឧបនាយក​រដ្ឋ​មន្ដ្រី​ ប្រាក់​ សុ​ខុន​ រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​ និង​សហ​ប្រតិ្តប​ត្ត​ការ​អន្ដរ​ជាតិ​ នា​ថ្ងៃទី​ ៣ ខែ​ មិថុនា​នេះ​បាន​ឲ្យដឹង​ថា​ សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ ជាពិសេស​ការ​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច៧ភាគរយ​។

លោក​បន្ត​ថា​ “ប្រជាពលរដ្ឋ​កម្ពុជា​ មាន​ភាព​ញញឹម​រាក់ទាក់​ចំពោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ជិតស្និទ្ធ​ ក្នុងនាម​ជាគ្រួសារ​អាស៊ាន​ និង​តំបន់​អន្តរជាតិ​”។

លោក​ឧបនាយក​រដ្ឋ​មន្ដ្រី​ ប្រាក់​ សុ​ខុន​ បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ដែល​មានការ​កើនឡើង​ទ្វេដង​ បើ​ប្រៀបធៀប​ទៅ​នឹង​ទំហំ​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ២០១៧​។ កន្លងមក​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ មាន​ភាព​ប្រសើរ​ តាមរយៈ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​ជា​ញឹកញាប់​។

លោក​បន្ត​ថា​ “ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ យើង​កត់សម្គាល់​ឃើញថា​ ឆ្នាំមុន​នេះ​មានការ​កើនឡើង​ទ្វេដង​ គឺ​កើនឡើង៤លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៧​ មកដល់១០លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៨​ ប៉ុន្ដែ​ទោះបី​មានការ​កើនឡើង​យ៉ាងនេះ​ក៏ដោយ​ ប្រទេស​ទាំងពីរ​មាន​សក្តា​នុ​ពល​ច្រើន​ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​”។

ជាមួយគ្នា​នេះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ លើ​កិច្ច​ព្រមព្រៀង​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​ទាំងឡាយ​ ដែល​ប្រទេស​ទាំងពីរ​មាន​ ក៏ដូចជា​បញ្ចប់​កិច្ច​ព្រមព្រៀង​ ក៏​ដូច​MOU​ផ្សេង​ៗដែល​ប្រទេស​ទាំងពីរ​កំពុង​ធ្វើ​។ ឧទាហរណ៍​ គឺ​ដើម្បី​ជំរុញ​ផ្នែក​ពាណិជ្ជកម្ម​នេះ​ យើង​មាន​ថ្នាក់ដឹកនាំ​លោកស្រី​សាន​សូ​ជី​ ក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​ នា​ពេល​ថ្មី​ៗនេះ​គឺ​បាន​ឯកភាព​គ្នា​លើ​ឯកសារ​ចំនួន​ពីរ​ ដែល​ត្រូវ​ធ្វើ​ ទី១​ ការ​មិន​យកពន្ធ​ត្រួត​គ្នា​ និង​កិច្ច​ព្រមព្រៀង​មួយទៀត​ស្តី​ពី​ ការជំរុញ​និង​ការ​ការពារ​វិនិយោគ​នៅក្នុង​ប្រទេស​ទាំងពីរ​នេះ​ គឺជា​កិច្ច​ព្រមព្រៀង​ទាំងពីរ​ដែល​យើង​ត្រូវ​ជំរុញ​ឲ្យបាន​សម្រេច​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​ជម្រាប​ជូន​ឯកអគ្គ​រដ្ឋទូត​ប្រទេស​មីយ៉ាន់ម៉ា​ថា​ ប្រទេស​កម្ពុជា​តែងតែ​គាំទ្រ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ និង​គាំទ្រ​គំនិត​ផ្ដួច​ផ្ដើម​ផ្សេង​ៗរបស់​មីយ៉ាន់ម៉ា​ ក្នុង​ដំណើរការ​ផ្សះ​ផ្សារ​ដើម្បី​សន្តិភាព​ និង​នៅតែ​បន្ត​ធ្វើការ​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុងនាម​ជាគ្រួសារ​អាស៊ាន​ កិច្ច​សហប្រតិបត្តិ​ការ​តំបន់​ និង​វេទិកា​អន្តរជាតិ​ផ្សេងទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here