លោក U Myint Soe និងលោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន។ រូបថត៖ សហការី
ដោយនៅ វឌ្ឍនា
ភ្នំពេញៈ កម្ពុជា-មីយ៉ានម៉ាបានបង្ហាញជំហរ ក្នុងការជំរុញវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនប្រទេសទាំងពីរ ឲ្យកាន់តែមានភាពរីចម្រើន និងមានជីវភាពធូធារ។
លោក U Myint Soe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលនឹងបញ្ចប់អាណត្តិការទូត ប្រចាំនៅកម្ពុជានាពេលខាងនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិ្តបត្តការអន្ដរជាតិ នាថ្ងៃទី ៣ ខែ មិថុនានេះបានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន មានការរីកចំរើនយ៉ាងខ្លាំង ជាពិសេសការរក្សាបាននូវកំណើនសេដ្ឋកិច្ច៧ភាគរយ។
-->
លោកបន្តថា “ប្រជាពលរដ្ឋកម្ពុជា មានភាពញញឹមរាក់ទាក់ចំពោះភ្ញៀវទេសចរអន្តរជាតិ ដែលនេះបង្ហាញឲ្យឃើញពីភាពជិតស្និទ្ធ ក្នុងនាមជាគ្រួសារអាស៊ាន និងតំបន់អន្តរជាតិ”។
លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានលើកឡើងពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងទំហំពាណិជ្ជកម្មកាលពីឆ្នាំ២០១៧។ កន្លងមកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ មានភាពប្រសើរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាផ្លូវការ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជាញឹកញាប់។
លោកបន្តថា “ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ យើងកត់សម្គាល់ឃើញថា ឆ្នាំមុននេះមានការកើនឡើងទ្វេដង គឺកើនឡើង៤លានដុល្លារក្នុងឆ្នាំ២០១៧ មកដល់១០លានដុល្លារក្នុងឆ្នាំ២០១៨ ប៉ុន្ដែទោះបីមានការកើនឡើងយ៉ាងនេះក៏ដោយ ប្រទេសទាំងពីរមានសក្តានុពលច្រើនដើម្បីពង្រីកទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ”។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីបានជំរុញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លើកិច្ចព្រមព្រៀងអនុវត្តនូវកិច្ចព្រមព្រៀងទាំងឡាយ ដែលប្រទេសទាំងពីរមាន ក៏ដូចជាបញ្ចប់កិច្ចព្រមព្រៀង ក៏ដូចMOUផ្សេងៗដែលប្រទេសទាំងពីរកំពុងធ្វើ។ ឧទាហរណ៍ គឺដើម្បីជំរុញផ្នែកពាណិជ្ជកម្មនេះ យើងមានថ្នាក់ដឹកនាំលោកស្រីសានសូជី ក្នុងជំនួបជាមួយសម្តេចតេជោ នាពេលថ្មីៗនេះគឺបានឯកភាពគ្នាលើឯកសារចំនួនពីរ ដែលត្រូវធ្វើ ទី១ ការមិនយកពន្ធត្រួតគ្នា និងកិច្ចព្រមព្រៀងមួយទៀតស្តីពី ការជំរុញនិងការការពារវិនិយោគនៅក្នុងប្រទេសទាំងពីរនេះ គឺជាកិច្ចព្រមព្រៀងទាំងពីរដែលយើងត្រូវជំរុញឲ្យបានសម្រេច។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនឯកអគ្គរដ្ឋទូតប្រទេសមីយ៉ាន់ម៉ាថា ប្រទេសកម្ពុជាតែងតែគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា និងគាំទ្រគំនិតផ្ដួចផ្ដើមផ្សេងៗរបស់មីយ៉ាន់ម៉ា ក្នុងដំណើរការផ្សះផ្សារដើម្បីសន្តិភាព និងនៅតែបន្តធ្វើការជាមួយប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាគ្រួសារអាស៊ាន កិច្ចសហប្រតិបត្តិការតំបន់ និងវេទិកាអន្តរជាតិផ្សេងទៀត៕