កូរ៉េ​មាន​គម្រោង​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​នៅ​ខេត្ត​ព្រះសីហនុ​

0
សាយ​ សំ​អាល់​ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន និងលោក​ Kun​ Kilee​ ប្រធាន​សមាគមន៍​សំណង់​ និង​វិស្វកម្ម​កូរ៉េ

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រៅតែ​ពី​ក្រុមហ៊ុន​វិ​និ​យោ​គធំៗ​របស់​ចិន​វិនិយោគ​ នៅក្នុង​ខេត្ត​ព្រះ​ស៊ី​ហនុ​ ពេលនេះ​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ​ បាន​នឹង​កំពុង​ចាប់អារម្មណ៍​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​សាធារណរដ្ឋ​កូរ៉េ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ផ្នែក​វិស្វកម្ម​ និង​សំណង់​ ក៏ដូចជា​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ កំពង់ផែ​ ផ្លូវ​រថភ្លើង​ និង​ព្រលា​នយន្តហោះ​ផង​ដែរ​។

លោក​ Kun​ Kilee​ ប្រធាន​សមាគមន៍​សំណង់​ និង​វិស្វកម្ម​កូរ៉េ​ អញ្ជើញ​ជួប​សំដែង​ការ​គួ​សម​ និង​ពិភាក្សា​ការងារ​នៅក្នុង​ជំនួប​ជាមួយ​លោក​ សាយ​ សំ​អាល់​ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​ នៅ​ថ្ងៃទី៣ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​បាន​ចាប់អារម្មណ៍​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការគ្រប់គ្រង​បរិស្ថាន​នៅ​កម្ពុជា​ ជាពិសេស​គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​វិស័យ​ទូរគមនាគមន៍​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​រដ្ឋមន្រ្តី​បាន​មានប្រសាសន៍​ថា​ “ខេត្ត​ព្រះសីហនុ​ គឺជា​ខេត្ត​មួយ​ដែល​មាន​សក្តា​នុ​ពល​ផ្នែក​សេដ្ឋកិច្ច​ និង​ទេសចរណ៍​យ៉ាង​សំខាន់​របស់​កម្ពុជា​ ហើយ​ខេត្ត​នេះ​កំពុង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​”។ លោក​បន្ត​ថា​ “ទន្ទឹម​នេះ​ប្រទេស​កម្ពុជា​ កំពុង​មាន​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ និង​កំណើន​សេដ្ឋកិច្ច​ជាប្រចាំ​ ក្នុង​នោះ​មាន​បណ្តា​ប្រទេស​ផ្សេង​ៗជាច្រើន​បាន​ចូលរួម​វិនិយោគ​ ហើយ​ក្នុង​នោះ​ក៏បាន​គាំទ្រ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​នានា​ក្នុង​ការចូលរួម​ និង​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​ ជាពិសេស​ការ​លើកកម្ពស់​វិស័យ​បរិស្ថាន​”។

លោក​យន្ត​ មីន​អភិបាលខេត្ត​ព្រះសីហនុ​ បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្នុងរយៈពេល២ឆ្នាំនេះ​ មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​ បាន​មក​ធ្វើវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ទន្ទឹម​នោះ​ក៏​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​ និង​កំពុង​សិក្សា​ស្វែងយល់​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់​ លូ​ បរិស្ថាន​ជាដើម​ ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនោះ​ភាគច្រើន​គឺ​មក​ពី​ប្រទេស​ចិន​។

លោក​យន្ត​ មីន​ធ្លាប់​បាន​ឲ្យ​ដឹក​កន្លងមក​នេះ​ថា​ រដ្ឋបាល​ខេត្ត​នឹង​ស្វាគមន៍​គ្រប់​ក្រុមហ៊ុន​ទាំងអស់​ ដែល​មាន​គោលបំណង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ មិនថា​ការ​វិនិយោគ​ លើ​អគារ​ពាណិជ្ជកម្ម​ សណ្ឋាគារ​ ខុន​ដូ​ រោងចក្រ​ សហគ្រាស​ ឬហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត​ រដ្ឋបាល​ខេត្ត​នឹង​ទទួលស្វាគមន៍​ និង​ជួយ​សម្របសម្រួល​ ដើម្បី​ឲ្យ​ដំនើ​រកា​រវិ​និ​យោគ​នៅ​ខេត្ត​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន​ និង​មានសន្ទុះ​កើនឡើង​។ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ តាមរយៈ​ការ​វិនិយោគ​ទាំងនេះ​ ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ មានការ​រីកចម្រើន​យ៉ាង​លឿន​ស្ទើរ​មិន​នឹកស្មាន​ដល់​ ធ្វើ​ឱ្យ​អ្វី​ៗ មាន ការ​ប្រែប្រួល​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។

ខេត្ត​ព្រះសីហនុ​ជា​តំបន់ឆ្នេរ​សមុទ្រ​ ដែល​មាន​កំពង់ផែ​ទឹកជ្រៅ​នា​រយៈពេល២​-៣ឆ្នាំ​ចុងក្រោយ​នេះ​ មានការ​វិនិយោគ​យ៉ាង​គំហុក​ ពីសំណាក់​វិនិយោគិន​ចិន​ហើយ​បាន​ប្រែក្លាយ​ជា​តំបន់​អភិវឌ្ឍន៍​។

ក្រុង​ព្រះសីហនុ​ កំពុង​មាន​សកម្មភាព​សាងសង់​សំណង់​តូច​ ធំ​យ៉ាងច្រើន​ ដែល​តួលេខ​គម្រោង​សំណង់​ធំ​ លើស​ពី​៣០០០​ម៉ែត្រការ៉េ​ឡើង​មាន​ចំនួន៧០គម្រោង​ ក្នុង​ចំនួន​ជាង៣០០គម្រោង​ កំពុង​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ក្នុង​នោះ​ក៏​មាន​សំណង់​អគារ​ខ្ពស់​ជាងគេ​កម្ពស់៤០ជាន់​មាន​ចំនួន​ច្រើន​គម្រោង​ កំពុង​រីក​លូតលាស់​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here