សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Kun Kilee ប្រធានសមាគមន៍សំណង់ និងវិស្វកម្មកូរ៉េ
ដោយ វុត្ថា
ភ្នំពេញៈ ក្រៅតែពីក្រុមហ៊ុនវិនិយោគធំៗរបស់ចិនវិនិយោគ នៅក្នុងខេត្តព្រះស៊ីហនុ ពេលនេះក្រុមហ៊ុនរបស់ប្រទេសកូរ៉េ បាននឹងកំពុងចាប់អារម្មណ៍វិនិយោគនៅក្នុងខេត្តព្រះសីហនុ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាលើផ្នែកវិស្វកម្ម និងសំណង់ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ កំពង់ផែ ផ្លូវរថភ្លើង និងព្រលានយន្តហោះផងដែរ។
លោក Kun Kilee ប្រធានសមាគមន៍សំណង់ និងវិស្វកម្មកូរ៉េ អញ្ជើញជួបសំដែងការគួសម និងពិភាក្សាការងារនៅក្នុងជំនួបជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី៣ខែមិថុនា ឆ្នាំ ២០១៩ នេះបានចាប់អារម្មណ៍លើការពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងបរិស្ថាននៅកម្ពុជា ជាពិសេសគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទូរគមនាគមន៍នៅក្នុងខេត្តព្រះសីហនុ។
-->
លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច និងទេសចរណ៍យ៉ាងសំខាន់របស់កម្ពុជា ហើយខេត្តនេះកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ”។ លោកបន្តថា “ទន្ទឹមនេះប្រទេសកម្ពុជា កំពុងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាប្រចាំ ក្នុងនោះមានបណ្តាប្រទេសផ្សេងៗជាច្រើនបានចូលរួមវិនិយោគ ហើយក្នុងនោះក៏បានគាំទ្រក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនានាក្នុងការចូលរួម និងជំរុញការអភិវឌ្ឍនៅប្រទេសកម្ពុជា ជាពិសេសការលើកកម្ពស់វិស័យបរិស្ថាន”។
លោកយន្ត មីនអភិបាលខេត្តព្រះសីហនុ បានថ្លែងកាលពីពេលថ្មីៗនេះថា ក្នុងរយៈពេល២ឆ្នាំនេះ មានក្រុមហ៊ុនបរទេសជាច្រើន បានមកធ្វើវិនិយោគនៅខេត្តព្រះសីហនុ ទន្ទឹមនោះក៏មានក្រុមហ៊ុនមួយចំនួនបាន និងកំពុងសិក្សាស្វែងយល់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ លូ បរិស្ថានជាដើម ក្នុងចំណោមក្រុមហ៊ុនទាំងនោះភាគច្រើនគឺមកពីប្រទេសចិន។
លោកយន្ត មីនធ្លាប់បានឲ្យដឹកកន្លងមកនេះថា រដ្ឋបាលខេត្តនឹងស្វាគមន៍គ្រប់ក្រុមហ៊ុនទាំងអស់ ដែលមានគោលបំណងមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ មិនថាការវិនិយោគ លើអគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូ រោងចក្រ សហគ្រាស ឬហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត រដ្ឋបាលខេត្តនឹងទទួលស្វាគមន៍ និងជួយសម្របសម្រួល ដើម្បីឲ្យដំនើរការវិនិយោគនៅខេត្តនេះប្រព្រឹត្តទៅដោយរលូន និងមានសន្ទុះកើនឡើង។ចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។ តាមរយៈការវិនិយោគទាំងនេះ ធ្វើឱ្យខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងលឿនស្ទើរមិននឹកស្មានដល់ ធ្វើឱ្យអ្វីៗ មាន ការប្រែប្រួលនាពេលបច្ចុប្បន្ន និងទៅអនាគត។
ខេត្តព្រះសីហនុជាតំបន់ឆ្នេរសមុទ្រ ដែលមានកំពង់ផែទឹកជ្រៅនារយៈពេល២-៣ឆ្នាំចុងក្រោយនេះ មានការវិនិយោគយ៉ាងគំហុក ពីសំណាក់វិនិយោគិនចិនហើយបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍។
ក្រុងព្រះសីហនុ កំពុងមានសកម្មភាពសាងសង់សំណង់តូច ធំយ៉ាងច្រើន ដែលតួលេខគម្រោងសំណង់ធំ លើសពី៣០០០ម៉ែត្រការ៉េឡើងមានចំនួន៧០គម្រោង ក្នុងចំនួនជាង៣០០គម្រោង កំពុងដំណើរការសាងសង់យ៉ាងសកម្ម ក្នុងនោះក៏មានសំណង់អគារខ្ពស់ជាងគេកម្ពស់៤០ជាន់មានចំនួនច្រើនគម្រោង កំពុងរីកលូតលាស់គួរឲ្យចាប់អារម្មណ៍ផងដែរ៕