ក្រសួងផ្សព្វផ្សាយបទដ្ឋានគតិយុត្តិចំនួន៥ពាក់ព័ន្ធវិស័យសំណង់

ចែករំលែក

​ដោយៈ ចំណាន

​ភ្នំពេញៈ ក្រសួងរៀបចំដែនដី បានបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦ចំនួន៦ ពាក់ព័ន្ធនឹងវិស័យនេះ។

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយលោកបានចាត់ទុកសិក្ខាសាលានេះ ជាចន្លុះបង្ហាញផ្លូវលើវិស័យសំណង់ ក្នុងការចូលរួមកសាងខឿនសេដ្ឋកិច្ចកម្ពុជា តាមរយៈការរៀបចំ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើតការងារដល់ប្រជាជន និងធ្វើឱ្យពួកគាត់មានជីវភាពប្រសើរឡើង ដោយផ្តោតលើ៖

• លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ ដែលផ្តល់ជីវិតឱ្យឧស្សាហកម្មសំណង់។
• ប្រភេទនៃសំណង់ (ចំនួនផ្ទះ និងប្រភេទផ្ទះ) ផ្អែកលើទំហំសេដ្ឋកិច្ចជាក់ស្តែង។
• ធ្វើឱ្យឧស្សាហកម្មសំណង់រស់រានទៅមុខ និងលើកកម្ពស់ស្ថាបត្យកម្មខ្មែរសហសម័យ ដោយផ្តោតលើគុណភាព សុវត្ថិភាព និងសោភណភាព ព្រមទាំងគិតគូរពីអ្នកវិជ្ជាជីវៈ និងអ្នកប្រកបរបរក្នុងវិស័យសំណង់។
• គិតគូរលើឧស្សាហកម្មគ្រឿងបង្គុំសំណង់ គ្រឿងសង្ហារឹម និងគ្រឿងតុបតែងលម្អ ជាដើម ដែលជាប្រភពចំណូលជាតិបន្ថែមទៀត។

ក្នុងសិក្ខាសាលានាពេលនេះ បានផ្សព្វផ្សាយពីលិខិតបទដ្ឋានគតិយុត្ដសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យសំណង់រួមមាន ដូចជា អនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាងសង់ និងគោលការណ៍ណែនាំចំនួន៤ ដែលដាក់ចេញឱ្យប្រើប្រាស់តាមរយៈប្រកាស ដោយក្នុងនោះរួមមាន ទី១ អនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាងសង់ និងបែបបទនិងបរិបទនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់ ទី២ ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីវីធីសាស្រ្ដក្នុងការគ្រប់គ្រង និងការធានាគុណភាពសំណង់”។

ទី៣ ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីបច្ចេកទេសនៃការប្រើប្រាស់រន្ទា និងសំណាញ់ដោយសុវត្ថិភាពនៅក្នុងការដ្ឋានសំណង់” ទី៤ ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីវីធីសាស្រ្ដនៃការងារជីកដី និងការងារខួងគ្រឹះជ្រៅ”​និងទី៥ ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ “គោលការណ៍ណែនាំស្ដីពីវិធីសាស្រ្ដអនុវត្តការងាររុះរើសំណង់៕


ចែករំលែក