មូលនិធិអន្តរជាតិបន្តហូរចូលវិស័យអចលនទ្រព្យនៅប្រទេសជប៉ុន ទោះបីជាអត្រាការប្រាក់កើនឡើង

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: មូលនិធិអន្តរជាតិកំពុងសម្រុកដាក់ទុនចូលក្នុងវិស័យអចលនទ្រព្យនៅប្រទេសជប៉ុន ទោះបីជាអត្រាការប្រាក់ និងថ្លៃដើមនៃការអភិវឌ្ឍកំពុងកើនឡើង។ ការវិនិយោគទាំងនេះផ្តោតសំខាន់លើការិយាល័យ សណ្ឋាគារ និងគម្រោងដែលមានមុខងារចម្រុះ (mixed-use projects) នៅកណ្តាលទីក្រុងតូក្យូ និងទីក្រុងអូសាកា។

ការវិលត្រឡប់មកវិញនៃអតិផរណានៅក្នុងប្រទេសជប៉ុន បានជំរុញឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងលើវិស័យអចលនទ្រព្យផ្សេងៗ រួមមាន ការិយាល័យលំដាប់ខ្ពស់ សណ្ឋាគារ ទីតាំងលក់រាយ ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងមជ្ឈមណ្ឌលទិន្នន័យ។

ស្ថានភាពនេះកើតឡើង ដោយសារតម្រូវការដ៏រឹងមាំ រួមផ្សំជាមួយនឹងភាពខ្វះខាតនៃទីតាំងទំនេរ ដែលបានជួយរុញច្រានថ្លៃជួលឱ្យកើនឡើង និងគាំទ្រដល់យុទ្ធសាស្ត្រវិនិយោគដែលផ្តោតលើការបង្កើនតម្លៃបន្ថែម។

លំហូរចូលនៃមូលធនទាំងនេះ គឺជាសញ្ញាបង្ហាញពីទំនុកចិត្តមួយកម្រិតទៀតទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ចជប៉ុន បន្ទាប់ពីទីផ្សារភាគហ៊ុនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

វិនិយោគិនរំពឹងថា ការកើនឡើងនៃតម្លៃទំនិញ ប្រាក់ឈ្នួលខ្ពស់ជាងមុន និងកំណែទម្រង់នៅក្នុងវិស័យសាជីវកម្ម នឹងអាចបង្កើតឱ្យមានកំណើនប្រកបដោយនិរន្តរភាពនៃថ្លៃជួល និងតម្លៃទ្រព្យសកម្ម បន្ទាប់ពីជួបប្រទះនឹងស្ថានភាពធ្លាក់ចុះនៃតម្លៃទំនិញនិងសេវាកម្ម (deflation) អស់រយៈពេលជាយូរមកហើយ។

យោងតាមក្រុមហ៊ុន CBRE ទំហំនៃការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មក្នុងត្រីមាសទី ៣ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចំនួន ២,២១ ទ្រីលានយ៉េន (ស្មើនឹង ១៣,៩ ពាន់លានដុល្លារអាមេរិក) ដែលកើនឡើង ៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ វិនិយោគិនមកពីបរទេសបានបោះទុនចំនួន ៧៧៥ ពាន់លានយ៉េនសម្រាប់ការទិញអចលនទ្រព្យ កើនឡើង ៣០ ភាគរយ៕ 


ចែករំលែក