ទីក្រុងតូក្យូរបស់ជប៉ុនឈានមុខគេនៅលើពិភពលោកលើកំណើនតម្លៃជួលការិយាល័យ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងតូក្យូនៃប្រទេសជប៉ុនកំពុងវ៉ាដាច់ទីក្រុងធំៗផ្សេងទៀតនៅលើពិភពលោកក្នុងការសម្រេចបានកំណើនទីផ្សារការិយាល័យ ដោយកត់ត្រាការកើនឡើងលឿនបំផុតទាំងការជួល និងតម្លៃ។

យោងតាមការស្ទង់មតិចុងក្រោយបំផុតលើទីក្រុងចំនួន១៦ ទូទាំងពិភពលោក របស់វិទ្យាស្ថានអចលនទ្រព្យជប៉ុន សន្ទស្សន៍តម្លៃជួលការិយាល័យនៅទីក្រុងតូក្យូបានកើនឡើង៥,៧ភាគរយនៅក្នុងខែតុលា បើប្រៀបធៀបទៅនឹងខែមេសា។

កំណើននេះមានកម្រិតខ្ពស់ជាងទីក្រុងម៉ុមបៃ (Mumbai) ចំនួនពីរដង ដែលទីក្រុងនេះស្ថិតនៅលំដាប់ទីពីរក្នុងអត្រាកំណើន ២,៨%។ ទីក្រុងតូក្យូក៏បានវ៉ាដាច់ទីក្រុងអូសាកា (Osaka) ដែលមានអត្រា ២,៤%, ទីក្រុងហុងកុង ២,១% និងទីក្រុងញូវយ៉ក ១,២% ផងដែរ។

ការកើនឡើងយ៉ាងគំហុកនៃតម្លៃជួលការិយាល័យនៅទីក្រុងតូក្យូ បង្ហាញឱ្យឃើញពីកំណើននៃតម្រូវការក្នុងចំណោមក្រុមហ៊ុននានា សម្រាប់អគារដែលស្ថិតនៅក្នុងទីតាំងល្អបំផុត ដែលអាចជួយទាក់ទាញ និងរក្សាបុគ្គលិក ក្នុងគ្រាដែលបញ្ហាខ្វះខាតកម្លាំងពលកម្មមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។

ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនអាជីវកម្មនានាក៏កំពុងស្វែងរកទីតាំងការិយាល័យដែលមានទំហំធំជាងមុន ដែលអាចជួយបង្កើនផលិតភាពបាន។ ក្រុមហ៊ុនជាច្រើនចាត់ទុកការចំណាយលើថ្លៃជួលថា ជាការវិនិយោគ មិនមែនគ្រាន់តែជាការចំណាយធម្មតានោះទេ៕ 


ចែករំលែក