រដ្ឋមន្ត្រីក្រសួង​រ៉ែ​ថា ​កម្ពុជា​មាន​ប្លុក​ប្រេងកាត ២៥កន្លែងនៅ​ទូទាំង​ប្រទេស​

0
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋ​មន្រ្ដី​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ឲ្យដឹង​ថា​ កម្ពុជា​នឹង​មាន​តំណក់​ប្រេង​ប្រើប្រាស់​ផ្ទាល់ខ្លួន​នៅពេល​ខាងមុខនេះ​ ខណៈ​កម្ពុជា​នា​ពេល​បច្ចុប្បន្នេះ​មាន​ប្លុក​ប្រេងកាត​ដែល​អាច​បូម​ខូង​ចំនួន២៥កន្លែងនៅ​ទូទាំង​ប្រទេស​ រាប់ទាំង​ដែនសមុទ្រ​និង​ដែន​គោក​។

លោក​ ស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ឈ្វេងយល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​នៅ​ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០១៩​ នៅ​វិមានរដ្ឋ​សភា​ថា​ ក្នុង​ទស្ស​វត្សរ៍១៩៧០​ ក្រុម​ប្រេងកាត​របស់​ប្រទេស​បារាំង​ បាន​ចាប់ផ្តើម​ធ្វើការ​ស្វែង​រុករក​ធនធាន​ប្រេងកាត​ ដោយ​បាន​ខួង​អណ្តូង​ចំនួន៣កន្លែង​ នៅ​ដែនសមុទ្រ​កម្ពុជា​ ប៉ុន្តែ​សកម្មភាព​ នេះ​ត្រូវ​បាន​ផ្អាក​ទៅវិញ​ដោយសារតែ​សង្គ្រាម​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ រហូតដល់​ឆ្នាំ១៩៨៧​ ការសិក្សា​ស្រាវជ្រាវ​បាន​ចាប់ផ្តើម​ឡើងវិញ​ ក្រោម​កិច្ច​សហ​ប្រតិ​បតិ្តការ​ ជាមួយ​នឹង​អ្នកជំនាញ​ប្រេងកាត​អតីត​សហភាពសូវៀត​ ហើយ​គូស​ផែនទី​ បែងចែក​ប្លុក​ស្វែង​រុករក​ប្រេងកាត​ទូទាំង​ប្រទេស​កម្ពុជា​។

​លោក​បន្ត​ថា​ “ការ​គូស​ប្រេងកាត​នេះ​ផ្អែក​ទាំងស្រុក​លើ​លក្ខ​ខណៈ​ ភូគព្ភសាស្ត្រ​ ទាំង​ដែន​គោក​ និង​ដែន​ដែនសមុទ្រ​ ហើយ​មកដល់​បច្ចុប្បន្ន​នេះ​ កម្ពុជា​មាន​ប្លុក​ប្រេងកាត​ចំនួន២៥​ ក្នុង​នោះ​ដែនសមុទ្រ៦ប្លុក​ ដែន​គោក១៩ប្លុក​ ​និង៤តំបន់​នៅ​ដែនសមុទ្រ​ ត្រួត​គ្នា​រវាង​កម្ពុជា​-ថៃ​”។

លោក​រដ្ឋ​មន្ត្រី​ស៊ុយ​ សែ​មបន្ថែម​ថា​ ដោយសារ​ឃើញ​ប្លុក​ប្រេងកាត​នៅ​កម្ពុជា​មាន​នោះ​ នៅក្នុង​ឆ្នាំ១៩៩១ក៏​មានការ​ដេញថ្លៃ​ប្លុក​ប្រេងកាត​ នៅ​ដែនសមុទ្រ​កម្ពុជា​លើកដំបូង​ ដោយ​កម្ពុជា​ បាន​ផ្តល់​សិទ្ធិ​ស្វែង​រុករក​នៅ​ដែនសមុទ្រ​ឱ្យ​ក្រុមហ៊ុន​ចំនួន៣​។ ជាមួយគ្នា​នេះ​ នៅក្នុង​ឆ្នាំ១៩៩៦​ រាជរដ្ឋាភិបាល​ បាន​អនុញ្ញាត​ និង​ផ្តល់​សិទ្ធិ​ឱ្យ​សាជីវកម្ម​ប្រេងកាត​ជប៉ុន​ធ្វើការ​វាស់​ស្ទង់​តាមអាកាស​ ដើម្បី​វាយតម្លៃ​ស្ថានភាព​ភូគព្ភសាស្ត្រ​ជុំវិញ​ តំបន់​ទន្លេសាប​ និង​តំបន់​ ទន្លេមេគង្គ​។ បន្ទាប់មក​ នៅក្នុង​ឆ្នាំ១៩៩៧​ រាជរដ្ឋាភិបាល​ ក៏បាន​ចុះ​កិច្ច​ព្រមព្រៀង​ប្រេងកាត​ ឱ្យ​ក្រុមហ៊ុន​ប្រេងកាត​អន្តរជាតិ​មួយចំនួន​ នៅ​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​កម្ពុជា​-ថៃ​។

​លោក​បន្ត​ថា​ ជាមួយគ្នា​នេះ​ដែរ​ សកម្មភាព​សិក្សា​ស្វែង​រុករក​ប្រេងកាត​ នៅ​កម្ពុជា​កាន់តែ​ដំណើរការ​ច្រើនឡើង​វិញ​ ទាំង​នៅក្នុង​ដែនសមុទ្រ​និង​ដែន​គោក​ ជាពិសេស​នៅក្នុង​ឆ្នាំ២០០២​ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ប្រេងកាត​នៅ​ប្លុក​ «A» ជាមួយ​ក្រុមហ៊ុន​ Chevron​ ដើម្បី​ធ្វើការ​ស្វែង​រុករក​ប្រេងកាត​នៅ​ដែនសមុទ្រ​កម្ពុជា​ និង​ក្នុង​ឆ្នាំ២០០៦​ រាជរដ្ឋាភិបាល​ ​បាន​អនុញ្ញាត​និង​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ Petroleum​ Geo​-Services​ ធ្វើការ​វាស់​ស្ទង់​ 2D Seismic​ ទាំង​​ដែន​គោក​ និង​ដែនសមុទ្រ​ និង​បាន​ចុះ​កិច្ច​ព្រមព្រៀង​ ប្រេងកាត​ជាមួយ​ក្រុមហ៊ុន​ មក​ពី​ប្រទេស​ថៃ​ ចិន​ ជប៉ុន​ វៀតណាម​ ​និង​ឥណ្ឌូណេស៊ី​ ដើម្បី​ធ្វើការ​ស្វែង​រុករក​ ដែល​ក្រុមហ៊ុន​ទាំងនោះ​សុទ្ធតែ​ជា​ក្រុមហ៊ុន​ជំនាញ​ និង​មាន​បទពិសោធន៍​ និង​សមត្ថភាព​ហិរញ្ញវត្ថុ​ក្នុង​សកម្មភាព​សិក្សា​ស្វែង​រុករក​ប្រេងកាត​នៅ​កម្ពុជា​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​បាន​ផ្តល់​ជា​អនុសាសន៍​បន្ថែម​ថា​ រដ្ឋសភា​ត្រូវ​បន្ត​ពង្រឹង​និង​លើកកម្ពស់​តួនាទី​ត្រួតពិនិត្យ​ ដើម្បី​ធានា​ថា​ការ​អភិវឌ្ឍ​ និង​ការគ្រប់គ្រង​វិស័យ​ប្រេងកាត​ត្រឹមត្រូវ​ និង​ស្របតាម​និយាម​បច្ចេកទេស​ និង​ការគ្រប់គ្រង​ប្រកបដោយ​គណនេយ្យ​ភាព​ តម្លាភាព​ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ ដែល​នឹងអាច​នាំមក​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​ជា​អតិបរមា​ ដែល​នឹង​ជួយ​បង្កើន​ល្បឿន​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់តែ​លឿន​មួយ​កម្រិត​ថែមទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here