ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា កម្ពុជានឹងមានតំណក់ប្រេងប្រើប្រាស់ផ្ទាល់ខ្លួននៅពេលខាងមុខនេះ ខណៈកម្ពុជានាពេលបច្ចុប្បន្នេះមានប្លុកប្រេងកាតដែលអាចបូមខូងចំនួន២៥កន្លែងនៅទូទាំងប្រទេស រាប់ទាំងដែនសមុទ្រនិងដែនគោក។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាឈ្វេងយល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភាថា ក្នុងទស្សវត្សរ៍១៩៧០ ក្រុមប្រេងកាតរបស់ប្រទេសបារាំង បានចាប់ផ្តើមធ្វើការស្វែងរុករកធនធានប្រេងកាត ដោយបានខួងអណ្តូងចំនួន៣កន្លែង នៅដែនសមុទ្រកម្ពុជា ប៉ុន្តែសកម្មភាព នេះត្រូវបានផ្អាកទៅវិញដោយសារតែសង្គ្រាម។
លោករដ្ឋមន្ត្រីបន្តថា រហូតដល់ឆ្នាំ១៩៨៧ ការសិក្សាស្រាវជ្រាវបានចាប់ផ្តើមឡើងវិញ ក្រោមកិច្ចសហប្រតិបតិ្តការ ជាមួយនឹងអ្នកជំនាញប្រេងកាតអតីតសហភាពសូវៀត ហើយគូសផែនទី បែងចែកប្លុកស្វែងរុករកប្រេងកាតទូទាំងប្រទេសកម្ពុជា។
លោកបន្តថា “ការគូសប្រេងកាតនេះផ្អែកទាំងស្រុកលើលក្ខខណៈ ភូគព្ភសាស្ត្រ ទាំងដែនគោក និងដែនដែនសមុទ្រ ហើយមកដល់បច្ចុប្បន្ននេះ កម្ពុជាមានប្លុកប្រេងកាតចំនួន២៥ ក្នុងនោះដែនសមុទ្រ៦ប្លុក ដែនគោក១៩ប្លុក និង៤តំបន់នៅដែនសមុទ្រ ត្រួតគ្នារវាងកម្ពុជា-ថៃ”។
លោករដ្ឋមន្ត្រីស៊ុយ សែមបន្ថែមថា ដោយសារឃើញប្លុកប្រេងកាតនៅកម្ពុជាមាននោះ នៅក្នុងឆ្នាំ១៩៩១ក៏មានការដេញថ្លៃប្លុកប្រេងកាត នៅដែនសមុទ្រកម្ពុជាលើកដំបូង ដោយកម្ពុជា បានផ្តល់សិទ្ធិស្វែងរុករកនៅដែនសមុទ្រឱ្យក្រុមហ៊ុនចំនួន៣។ ជាមួយគ្នានេះ នៅក្នុងឆ្នាំ១៩៩៦ រាជរដ្ឋាភិបាល បានអនុញ្ញាត និងផ្តល់សិទ្ធិឱ្យសាជីវកម្មប្រេងកាតជប៉ុនធ្វើការវាស់ស្ទង់តាមអាកាស ដើម្បីវាយតម្លៃស្ថានភាពភូគព្ភសាស្ត្រជុំវិញ តំបន់ទន្លេសាប និងតំបន់ ទន្លេមេគង្គ។ បន្ទាប់មក នៅក្នុងឆ្នាំ១៩៩៧ រាជរដ្ឋាភិបាល ក៏បានចុះកិច្ចព្រមព្រៀងប្រេងកាត ឱ្យក្រុមហ៊ុនប្រេងកាតអន្តរជាតិមួយចំនួន នៅតំបន់ទាមទារដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ។
លោកបន្តថា ជាមួយគ្នានេះដែរ សកម្មភាពសិក្សាស្វែងរុករកប្រេងកាត នៅកម្ពុជាកាន់តែដំណើរការច្រើនឡើងវិញ ទាំងនៅក្នុងដែនសមុទ្រនិងដែនគោក ជាពិសេសនៅក្នុងឆ្នាំ២០០២ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងប្រេងកាតនៅប្លុក «A» ជាមួយក្រុមហ៊ុន Chevron ដើម្បីធ្វើការស្វែងរុករកប្រេងកាតនៅដែនសមុទ្រកម្ពុជា និងក្នុងឆ្នាំ២០០៦ រាជរដ្ឋាភិបាល បានអនុញ្ញាតនិងផ្តល់សិទ្ធិឱ្យក្រុមហ៊ុន Petroleum Geo-Services ធ្វើការវាស់ស្ទង់ 2D Seismic ទាំងដែនគោក និងដែនសមុទ្រ និងបានចុះកិច្ចព្រមព្រៀង ប្រេងកាតជាមួយក្រុមហ៊ុន មកពីប្រទេសថៃ ចិន ជប៉ុន វៀតណាម និងឥណ្ឌូណេស៊ី ដើម្បីធ្វើការស្វែងរុករក ដែលក្រុមហ៊ុនទាំងនោះសុទ្ធតែជាក្រុមហ៊ុនជំនាញ និងមានបទពិសោធន៍ និងសមត្ថភាពហិរញ្ញវត្ថុក្នុងសកម្មភាពសិក្សាស្វែងរុករកប្រេងកាតនៅកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានផ្តល់ជាអនុសាសន៍បន្ថែមថា រដ្ឋសភាត្រូវបន្តពង្រឹងនិងលើកកម្ពស់តួនាទីត្រួតពិនិត្យ ដើម្បីធានាថាការអភិវឌ្ឍ និងការគ្រប់គ្រងវិស័យប្រេងកាតត្រឹមត្រូវ និងស្របតាមនិយាមបច្ចេកទេស និងការគ្រប់គ្រងប្រកបដោយគណនេយ្យភាព តម្លាភាព និងមានការទទួលខុសត្រូវខ្ពស់ ដែលនឹងអាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា ដែលនឹងជួយបង្កើនល្បឿនអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែលឿនមួយកម្រិតថែមទៀត៕






