តើ​ភ្នាក់ងារ​អចលនទ្រព្យ​គ្មាន​អជ្ញា​រប័​ណ្ណ​ត្រូវ​ប្រឈម​អ្វីខ្លះ​?

0
ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចន​វត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ភ្នាក់ងារ​អចលនទ្រព្យ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ និង​គ្មាន​ការ​ទទួលស្គាល់​ពី​ច្បាប់​នឹង​ត្រួ​វប្រ​ឈម​ជាមួយ​បញ្ហា​ជាច្រើន​ ដែល​អាច​នឹង​ខាតបង់​ផលប្រយោជន៍​ ឬឈាន​ដល់​ការ​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​ ពីសំណាក់​ក្រសួង​ដែល​ពាក់ព័ន្ធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រោយពេល​ដែល​ច្បាប់​នៅក្នុង​វិស័យ​នេះ​ត្រូវ​បាន​រឹ​តបណ្តឹង​។

ជាមួយនឹង​បរិបថ​ដែល​កំពុង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ បច្ចុប្បន្ន​នេះ​ មាន​ក្រុមហ៊ុន​ជាច្រើន​ត្រូវ​បាន​បង្កើត​ជាបន្តបន្ទាប់​ ដែល​មាន​ទាំង​ក្រុមហ៊ុន​ស្របច្បាប់​ និង​ក្រុមហ៊ុន​មិន​ស្របច្បាប់​ និង​កំពុងតែ​មាន​សកម្មភាព​នៅ​លើ​ទីផ្សារ​មួយ​នេះ​ ដើម្បី​ស្វែងរក​ផលប្រយោជន៍​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចន​វត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ថា​ វា​មិន​លំបាក​នោះ​ទេ​ក្នុង​ការ​បំពេញបែបបទ​ ដើម្បី​ទទួល​បាន​អជ្ញា​ប័ណ្ណ​ និង​សិទ្ធិ​ប្រកប​អាជីវកម្ម​ក្នុងនាម​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​។ នៅពេល​ដែល​ពួកគាត់​បាន​ក្លាយជា​ក្រុមហ៊ុន​ស្របច្បាប់​ ពួកគាត់​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ និង​មាន​សិទ្ធិ​គ្រប់គ្រាន់​ ក្នុង​ទទួល​បាន​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​ ដែល​កំពុងតែ​មាន​សកម្មភាព​យ៉ាង​ផុលផុស​មួយ​នេះ​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅពេល​ពួកគាត់​មាន​អជ្ញា​រប័​ណ្ណ​ត្រឹមត្រូវ​ ពួកគាត់​មានឱកាស​ច្រើន​ ក្នុង​ស្វែងរក​ដៃគូ​សហការ​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​ ជាពិសេស​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​ពីអ​តិថិ​ជន​”។ លោក​បន្ត​ថា​ “បន្ថែម​ពីនេះ​គាត់​ក៏​ទទួល​បាន​ឱកាស​ចូល​ជាស​មា​ជិ​ករបស់​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ដើម្បី​ទទួល​បានការ​ពិភាក្សា​ និង​ផ្តល់​យោបល់​ជាច្រើន​ពីសំណាក់​អ្នកជំនាញ​ មានបទពិសោធន៍​ខ្ពស់​ដែល​មាន​ភាព​ជោគជ័យ​ក្នុង​វិស័យ​នេះ​”។

លោក​ច្រឹក​ សុ​ខនី​មបាន​បន្ត​ទៀត​ថា​ ប៉ុន្តែ​នៅពេល​ពួកគាត់​មិន​មាន​អជ្ញា​រប័​ណ្ណ​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួង​ពាក់​ពាក់ព័ន្ធ​ ពួកគាត់​នឹង​ប្រឈម​ជាមួយ​បញ្ហា​ជាច្រើន​ ដោយ​មិន​មានឱកាស​ក្នុង​ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​រួម​ គ្មាន​ឱកាស​បង្កើត​កិច្ចសហការ​ជា​ដៃគូ​ ជាមួយ​បណ្តា​ក្រុមហ៊ុន​ដែល​ទទួលស្គាល់​ ដោយ​ច្បាប់​ ហើយក៏​គ្មាន​ឱកាស​ទទួល​បាន​ទំនុកចិត្ត​ពីសំណាក់​អត​ថិ​ជន​ ក៏ដូចជា​ក្រុម​ហ៊ុន​ធំៗ​នោះ​ដែរ​”។

លោក​បន្ត​ទៀត​ថា​ “អ្វី​ដែល​សំខាន់​នោះ​ពួកគាត់​ នឹង​ប្រឈម​ចំពោះមុខ​ច្បាប់​ដែល​ត្រូវ​ទទួលរង​នូវ​ការ​ផាកពិន័យ​ នៅពេល​ដែល​ច្បាប់​ក្នុង​វិស័យ​នេះ​ត្រូវ​បាន​រឹ​តបណ្តឹង​”។

ជាមួយនឹង​ការ​លើកឡើង​ខាងលើ​នេះ​ ជា​ការចូលរួម​លើកកម្ពស់​ និង​ជម្រុ​ញឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រីកចម្រើន​ ប្រកបដោយ​ភាព​រលូន​ លោក​ ច្រឹក​ សុ​ខនីម​ ក៏បាន​ទទូច​ និង​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ ដែល​កំពុង​ប្រតិបត្តិ​ការ​ ដោយ​មិនទាន់​មាន​អជ្ញា​រប័​ណ្ណ​ត្រឹមត្រូវ​នោះ​ គួរតែ​រួសរាន់​ទៅ​បំពេញ​ឯកសារ​ និង​សំណុំ​បែបបទ​នានា​ ស្នើសុំ​អជ្ញា​រប័​ណ្ណ​ស្របច្បាប់​ពី​ក្រសួង​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ​ទាំងអស់គ្នា​ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ក្នុងរយៈពេល​យូរ​ទាំងអស់គ្នា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here