ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនវត្ថុកម្ពុជា លោក ច្រឹក សុខនីម
ដោយៈ រ៉ាណេត
ភ្នំពេញៈ ភ្នាក់ងារអចលនទ្រព្យដែលគ្មានអាជ្ញាប័ណ្ណ និងគ្មានការទទួលស្គាល់ពីច្បាប់នឹងត្រួវប្រឈមជាមួយបញ្ហាជាច្រើន ដែលអាចនឹងខាតបង់ផលប្រយោជន៍ ឬឈានដល់ការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ក្រសួងដែលពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលដែលច្បាប់នៅក្នុងវិស័យនេះត្រូវបានរឹតបណ្តឹង។
ជាមួយនឹងបរិបថដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនត្រូវបានបង្កើតជាបន្តបន្ទាប់ ដែលមានទាំងក្រុមហ៊ុនស្របច្បាប់ និងក្រុមហ៊ុនមិនស្របច្បាប់ និងកំពុងតែមានសកម្មភាពនៅលើទីផ្សារមួយនេះ ដើម្បីស្វែងរកផលប្រយោជន៍។
-->
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា វាមិនលំបាកនោះទេក្នុងការបំពេញបែបបទ ដើម្បីទទួលបានអជ្ញាប័ណ្ណ និងសិទ្ធិប្រកបអាជីវកម្មក្នុងនាមជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ។ នៅពេលដែលពួកគាត់បានក្លាយជាក្រុមហ៊ុនស្របច្បាប់ ពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន និងមានសិទ្ធិគ្រប់គ្រាន់ ក្នុងទទួលបានប្រកួតប្រជែងនៅលើទីផ្សារ ដែលកំពុងតែមានសកម្មភាពយ៉ាងផុលផុសមួយនេះ។
លោកបានបន្តទៀតថា “នៅពេលពួកគាត់មានអជ្ញារប័ណ្ណត្រឹមត្រូវ ពួកគាត់មានឱកាសច្រើន ក្នុងស្វែងរកដៃគូសហការ ដើម្បីទទួលបានផលប្រយោជន៍ ជាពិសេសទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន”។ លោកបន្តថា “បន្ថែមពីនេះគាត់ក៏ទទួលបានឱកាសចូលជាសមាជិករបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីទទួលបានការពិភាក្សា និងផ្តល់យោបល់ជាច្រើនពីសំណាក់អ្នកជំនាញ មានបទពិសោធន៍ខ្ពស់ដែលមានភាពជោគជ័យក្នុងវិស័យនេះ”។
លោកច្រឹក សុខនីមបានបន្តទៀតថា ប៉ុន្តែនៅពេលពួកគាត់មិនមានអជ្ញារប័ណ្ណត្រឹមត្រូវដែលចេញដោយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ពាក់ព័ន្ធ ពួកគាត់នឹងប្រឈមជាមួយបញ្ហាជាច្រើន ដោយមិនមានឱកាសក្នុងការប្រកួតប្រជែងនៅលើទីផ្សាររួម គ្មានឱកាសបង្កើតកិច្ចសហការជាដៃគូ ជាមួយបណ្តាក្រុមហ៊ុនដែលទទួលស្គាល់ ដោយច្បាប់ ហើយក៏គ្មានឱកាសទទួលបានទំនុកចិត្តពីសំណាក់អតថិជន ក៏ដូចជាក្រុមហ៊ុនធំៗនោះដែរ”។
លោកបន្តទៀតថា “អ្វីដែលសំខាន់នោះពួកគាត់ នឹងប្រឈមចំពោះមុខច្បាប់ដែលត្រូវទទួលរងនូវការផាកពិន័យ នៅពេលដែលច្បាប់ក្នុងវិស័យនេះត្រូវបានរឹតបណ្តឹង”។
ជាមួយនឹងការលើកឡើងខាងលើនេះ ជាការចូលរួមលើកកម្ពស់ និងជម្រុញឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានភាពរីកចម្រើន ប្រកបដោយភាពរលូន លោក ច្រឹក សុខនីម ក៏បានទទូច និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលកំពុងប្រតិបត្តិការ ដោយមិនទាន់មានអជ្ញារប័ណ្ណត្រឹមត្រូវនោះ គួរតែរួសរាន់ទៅបំពេញឯកសារ និងសំណុំបែបបទនានា ស្នើសុំអជ្ញារប័ណ្ណស្របច្បាប់ពីក្រសួងពាក់ព័ន្ធក្នុងវិស័យនេះទាំងអស់គ្នា ដើម្បីទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលយូរទាំងអស់គ្នា៕