អ្នកអនឡាញកំពុងតាមដានព័ត៌មានអចលនទ្រព្យតាមរយៈហ្វេសប៊ុកផេក Property Area Asia។ រូបថត៖ ម៉ៃ វីរៈ
ដោយ ដូណាល់ លី
ភ្នំពេញៈ ទោះបីជាសេដ្ឋកិច្ចឌីជីថលអាស៊ានត្រូវបានគេរំពឹងថា នឹងឈានដល់ទឹកប្រាក់២០០ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខក៏ដោយ កម្ពុជាគឺជាប្រទេសចុងក្រោយនៅក្នុងតំបន់ ដែលគ្មានក្របខ័ណ្ឌច្បាប់សម្រាប់ប្រតិបត្តិការអេឡិចត្រូនិច។
ដំណើរការព្រាងច្បាប់នេះបាននិងកំពុងដំណើរការដល់ឆ្នាំទី៣ហើយ។ សេចក្តីព្រាងបច្ចុប្បន្ន ដែលបានបញ្ចប់ដោយក្រសួងពាណិជ្ជកម្ម កំពុងស្ថិតក្រោមការពិនិត្យឡើងវិញនៅទីស្តីការគណៈរដ្ឋមន្រ្តី។
-->
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកឡុង កែមវិចិត្របានមានប្រសាសន៍ឲ្យកាលពីពេលថ្មីៗនេះថា “ក្រសួងពាណិជ្ជកម្មបានព្រាងច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិច ហើយបានបញ្ជូនទៅក្រុមប្រឹក្សារដ្ឋមន្ត្រីដើម្បីអនុម័ត។ យើងកំពុងរង់ចាំការអនុម័ត ដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅរដ្ឋសភា ហើយយើងរំពឹងថាវានឹងត្រូវធ្វើនៅឆ្នាំនេះ”។
ការពន្យារពេលក្នុងការអនុវត្តច្បាប់ អាចមានផលប៉ះពាល់យូរអង្វែងនៅក្នុងការអភិវឌ្ឍប្រទេស។ ច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក ប៉ះពាល់ដល់ទិដ្ឋភាពសំខាន់ៗទាំងអស់នៃសេដ្ឋកិច្ចពីការទូទាត់ឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុទៅជាសមាហរណកម្មក្នុងតំបន់នៅក្នុងឧស្សាហកម្មដឹកជញ្ចូន។
លោក Boutheina Guermazi នាយកផ្នែកអភិវឌ្ឍឌីជីថលនៃធនាគារពិភពលោក បានមានប្រសាសន៍ថា “បណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យឌីជីថល។ ប៉ុន្តែទោះបីជាប្រជាពលរដ្ឋ បានទទួលយកសេវាឌីជីថលក៏ដោយ ក៏ការអភិវឌ្ឍន៍ដោយក្រុមហ៊ុន និងរដ្ឋាភិបាលជាទូទៅមានការយឺតយ៉ាវ”។
លោកបានបន្ថែមថា “បទបញ្ញត្តិជួបឧបសគ្គ និងការខ្វះទំនុកចិត្តលើប្រតិបត្តិការអេឡិចត្រូនិចរារាំងការលូតលាស់នៃប្រព័ន្ធឌីជីថល។ ការស្រាវជ្រាវនេះអាចជួយប្រទេសអាស៊ានឲ្យយកឈ្នះ លើបញ្ហាប្រឈមទាំងនេះ ដើម្បីបង្កើតឲ្យមានសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំ”។
របាយការណ៍របស់ធនាគារពិភពលោកក៏បានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ានដូចជា ប្រទេសកម្ពុជាត្រូវការបង្កើនការបញ្ចូលបច្ចេកវិទ្យាឌីជីថល និងម៉ូដែលពាណិជ្ជកម្មទំនើប ដើម្បីសម្រួលដល់ការអភិវឌ្ឍវិស័យឯកជន។
លោកបណ្ឌិត Pichet Durongkaveroj រដ្ឋមន្រ្តីសេដ្ឋកិច្ចសេដ្ឋកិច្ចឌីជីថល និងសង្គមប្រចាំប្រទេសថៃ “គ្រប់វិស័យនៃសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ាន អាចធ្វើបានកាន់តែច្រើន ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងគំរូអាជីវកម្មកាន់តែឆ្លាតវៃ”។
លោកថ្លែងបន្តថា “ដើម្បីជួយដល់ផ្នែកឯកជនរបស់យើង រដ្ឋាភិបាលត្រូវផ្លាស់ប្តូរខ្លួនឯង ដើម្បីប្រើប្រាស់បច្ចេកវិទ្យាដូចជាវិភាគទិន្នន័យ និងប្រព័ន្ធឆ្លាតវៃ បង្កើតវេទិកាឌីជីថលរបស់យើង និងធ្វើឱ្យមានភាពស៊ីសង្វាក់គ្នាចំពោះវិធីសាស្រ្ត និងបទបញ្ញត្តិ ពិសេសសម្រាប់សន្តិសុខបច្ចេកវិទ្យា អត្តសញ្ញាណឌីជីថល និងការគ្រប់គ្រងទិន្នន័យ។ យើងគួរតែធ្វើការឆ្ពោះទៅរកទីផ្សារឌីជីថលក្នុងតំបន់”។
ក្រសួងពាណិជ្ជកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមយ៉ាងសកម្មក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្នុងការជ្រើសរើសក្រុមហ៊ុនបច្ចេកវិទ្យាចិន ដើម្បីជួយមិនត្រឹមតែធ្វើសេចក្តីព្រាងច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិចប៉ុណ្ណោះទេ ថែមទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ភ័ស្តុភារ និងឱកាសវិនិយោគនៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច។ រដ្ឋាភិបាលក៏កំពុងរៀបចំយុទ្ធសាស្រ្តផែនការមេនៃសេដ្ឋកិច្ចឌីជីថល ដើម្បីបញ្ចូលការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា ខេប្រព័ន្ធវេទិកាវិនិយោគអនឡាញ និងវគ្គបណ្តុះបណ្តាលជំនាញឌីជីថលត្រឹមឆ្នាំ ២០២៣។
កាលពីខែមីនា លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើទស្សនកិច្ចក្រុមហ៊ុន Shenzhen 4PX Express Co. , Ltd ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដើម្បីសិក្សាពីរបៀបដែលរដ្ឋាភិបាលកម្ពុជា អាចចម្លងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ក្រុមហ៊ុន Shenzhen ដែលធ្វើឲ្យគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកដូចជាក្រុមហ៊ុន Alibaba គ្របដណ្តប់ទីផ្សារ។
ក្រុមហ៊ុន Shenzhen 4PX Express គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនឆ្លងកាត់ព្រំដែនដ៏ធំបំផុតរបស់ប្រទេសចិនហើយជាផ្នែកមួយនៃក្រុមហ៊ុន Cainiao Smart Logistics Network Ltd ដែលជាសាខាដឹកជញ្ជូនរបស់ក្រុមហ៊ុន Alibaba Group Holding Ltd. របស់លោក Jack Ma។

លោក កែន រដ្ឋា អនុប្រធានការិយាល័យខុទ្ទកាល័យ ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា “រដ្ឋមន្ដ្រី [ក្រសួងសាធារណការ ដឹកជញ្ជូន] បានកោតសរសើរការគ្រប់គ្រង និងក្រុមហ៊ុន 4px នៅប្រទេសចិន ហើយពិតជាចង់ចម្លងវាមកធ្វើនៅកម្ពុជា”។
សេដ្ឋកិច្ចឌីជីថលរបស់អាស៊ានគួរតែឈានដល់ទឹកប្រាក់ ២០០ ពាន់លានដុល្លារក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ បើយោងតាមទិន្នន័យស្រាវជ្រាវថ្មីដែលចេញផ្សាយដោយក្រុមហ៊ុន Google LLC និងក្រុមហ៊ុន Temasek Holdings Private Ltd. ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
កម្ពុជាត្រូវតែបង្កើតឲ្យមានផ្លូវមួយ ចូលទៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅពេលនោះ និងគួរតែជាអ្នកដើរតួនាទីសំខាន់នៃតំបន់មេគង្គ។ ដោយមានហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់លានដុល្លារ ក្នុងការវិនិយោគនៅក្នុងផ្លូវល្បឿនលឿន ការសាងសង់ស្ពាន និងព្រលានយន្តហោះ រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបច្ចេកវិជ្ជាចិនដូចជា ក្រុមហ៊ុន Alibaba Group បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការធ្វើឲ្យប្រទេសនេះក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអេឡិចត្រូនិចកណ្តាលក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។
លោក Kevin Li អ្នកគ្រប់គ្រងទូទៅសម្រាប់ការដឹកជញ្ជូនទូទាំងពិភពលោកនៃក្រុមហ៊ុន Cainiao Smart Logistics Network Ltd. ដែលស្ថិតនៅក្រោមក្រុមមេ Alibaba បានមានប្រសាសន៍ថា “នៅក្នុងប្រទេសកម្ពុជាអ្វីគ្រប់យ៉ាងគឺថ្មី និងមានកំណើនលឿនណាស់”។
លោកបន្តថា “វាជាទីតាំងដ៏ល្អមួយ បើអ្នកប្រើកម្ពុជាជាមជ្ឈមណ្ឌលដឹកជញ្ជូនមជ្ឈមណ្ឌលផ្ទេរសេវាកម្មនេះ អាចគ្របដណ្តប់ប្រទេសវៀតណាម ថៃ និងសូម្បីតែមីយ៉ាន់ម៉ា”។លោកបន្តថា “គោលនយោបាយរបស់ប្រទេសកម្ពុជា គឺប្រសើរជាងប្រទេសវៀតណាម និងថៃ។ ទីតាំងរបស់ប្រទេសកម្ពុជា ជាចំណុចកណ្តាលនៃតំបន់មេគង្គ ដូច្នេះទីតាំងកណ្តាលគឺល្អខ្លាំងណាស់”៕